ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីសេដ្ឋកិច្ចរបស់បារាំង អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿននៅលើពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 71
មន្ត្រីសេដ្ឋកិច្ចរបស់បារាំង អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿននៅលើពិភពលោក មន្ត្រីសេដ្ឋកិច្ចរបស់បារាំង អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿននៅលើពិភពលោក

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានទទួលជួបពិភាក្សាការងារជាមួយលោក Phillippe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

កិច្ចជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក Phillippe BAUDRY ក្នុងឱកាសដែលលោកទើប នឹងត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះ លោក Phillippe BAUDRY បានវាយតម្លៃខ្ពស់ និងអបអរសារទរ ចំពោះការអភិវឌ្ឍ និងការរីកចម្រើនលឿនរបស់កម្ពុជា ក្នុងបរិការណ៍បច្ចុប្បន្ន ជាពិសេសចំពោះកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមជាង៧% ដែលនាំឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿននៅលើពិភពលោក។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបថា តាមការព្យាករណ៍ ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តសម្រេចបានក្នុងអត្រា៧.១% ដែលប្រហាក់ប្រហែលនឹង កំណើនឆ្នាំ ២០១៨នេះ។ កំណើននេះ ត្រូវបានទ្រទ្រង់ដោយវិស័យសំខាន់ៗបីគឺ៖

១. កំណើននៃវិស័យ ឧស្សហកម្ម នៅបន្តរក្សាភាពរឹងមាំ ក្នុងអត្រាកំណើន ប្រចាំឆ្នាំក្នុងរង្វង់១០% ដែលមានជាអាទិ៍សំខាន់ៗដូចជា វិស័យសំណង់, វិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ ទាំងសម្រាប់ការនាំចេញ និងបម្រើក្នុងស្រុកជាដើម។ល។,

២. វិស័យសេវាកម្ម នៅបន្តកំណើនក្នុងអត្រា៧% និង

៣. វិស័យកសិកម្ម ដែលអាចសម្រេចបាន កំណើនក្នុងរង្វង់១.៨%។

ជាមួយគ្នានេះ, ផ្អែកតាមការព្យាករណ៍ អត្រាអតិផរណាជាមធ្យម ប្រចាំឆ្នាំត្រូវប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា៣.១% សម្រាប់ឆ្នាំ២០១៩ ។ ជារួម, ផ្អែកតាមសួចនាករម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នៅតែអាចបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧% ទៅ៧.២% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។

លោក Phillippe BAUDRY ក៏បានគូសបញ្ជាក់ថា នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់គោលនយោបាយ និងវិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ហើយព្រមទាំងសន្យាថា នឹងប្រឹងប្រែងចែករំលែក នូវបទពិសោធន៍នានាពីឆាកអន្តរជាតិ បន្តការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដើម្បី ជួយជំរុញដល់ការអភិវឌ្ឍ និងវិនិយោគទាំងលើ វិស័យសាធារណៈ ក៏ដូចជា វិស័យឯកជនឲ្យកាន់តែរីកចំរើនបន្ថែមទៀត នៅកម្ពុជា ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សូមថ្លែងអំណរគុណដល់លោក Phillippe BAUDRY ចំពោះស្មារតីនៃកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលបារាំង និងបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ទាំងកម្រិតនយោបាយ និងបច្ចេកទេស ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និតជាមួយរដ្ឋាភិបាលបារាំង ហើយសង្ឃឹមថា តាមរយៈបេសកកម្មការងាររបស់ លោក Phillippe BAUDRY រដ្ឋាភិបាលទាំងពីរកម្ពុជា-បារាំង នឹងពង្រឹងបានថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើ វិស័យផ្សេងៗ ជាច្រើនទៀត និងសូមជូនពរលោក Phillippe BAUDRY ទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ចនៅកម្ពុជា ៕

អត្ថបទទាក់ទង