កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ជាលើកដំបូងស្តីពី «គោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា» នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ ក្រុមហ៊ុនអន្តរជាតិធំៗ ក្នុងវិស័យបច្ចេកវិទ្យា រួមមានក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Alibaba និង Alipay, ក្រុមហ៊ុន Facebook ក្រុមហ៊ុន UnionPay International, ក្រុមហ៊ុន VISA International, ក្រុមហ៊ុន Huawei International, ក្រុមហ៊ុន Grab ក៏ដូចជាធុរកិច្ចថ្មីៗ (Startup) និងក្រុមហ៊ុនក្នុងស្រុកដែលកំពុងមានវត្តមានលើទីផ្សារកម្ពុជា និងចាប់ផ្តើមធ្វើបទបង្ហាញ និងចែករំលែកទស្សនៈនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិជាលើកដំបូងស្តីពី «គោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា»។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានសហការជាមួយធនាគារពិភពលោកប្រចាំនៅកម្ពុជា គ្រោងនឹង រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិជាលើកដំបូងស្តីពី «គោលនយោបាយ និងទិសដៅនៃ សេដ្ឋកិច្ចឌីជីថលកម្ពុជា» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២-១៣ ខែ មីនា ឆ្នាំ ២០១៩ នៅសណ្ឋាគារភ្នំពេញ នាពេលខាងមុខនេះ ដោយមានការចូលរួមបើកក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ហើយនឹងបិទបញ្ចប់ក្រោមអធិបតីភាព របស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អនុប្រធានឧត្តម ក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាង ក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថលកម្ពុជា ។
សិក្ខាសាលា រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល សម្រាប់រៀបចំជាឯកសារទស្សនទាន និងជាផែន ទីបង្ហាញផ្លូវ សម្រាប់ការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល។ សិក្ខាសាលា នឹងមានការធ្វើបទ បង្ហាញពីបទ ពិសោធន៍ប្រទេសក្នុងតំបន់ ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថល ក្នុងតំបន់ ដែលមានដូចជាប្រទេសថៃ, ម៉ាឡេស៊ី និងសឹង្ហបុរីជាដើម និងមានការចូលរួមផងដែរពី ស្ថាប័នពាក់ព័ន្ធក្នុងវិស័យសាធារណៈ, វិស័យធនាគារ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, អង្គការអន្តរជាតិ, វិទ្យាស្ថានស្រាវជ្រាវ, សាកលវិទ្យាល័យ, តំណាងស្ថានទូត ដែលមាន អ្នកចូលរួមសរុបប្រមាណ៣០០នាក់៕