ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ជាថ្មីនូវអនុសាសន៍សំខាន់ៗ ១០ចំណុច ដែលផ្តល់ផលប្រយោជន៍ដល់កម្មករកម្មការិនី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 21
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ជាថ្មីនូវអនុសាសន៍សំខាន់ៗ ១០ចំណុច ដែលផ្តល់ផលប្រយោជន៍ដល់កម្មករកម្មការិនី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ជាថ្មីនូវអនុសាសន៍សំខាន់ៗ ១០ចំណុច ដែលផ្តល់ផលប្រយោជន៍ដល់កម្មករកម្មការិនី

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនប្រមាណជិត ៧ពាន់នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ ជាថ្មីម្តងទៀត នូវអនុសាសន៍សំខាន់ៗ១០ចំណុច ដើម្បីជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ដល់កម្មករកម្មការិនី។

អនុសាសន៍ទាំង១០ចំណុចនោះរួមមាន៖
១) ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះគឺរឹតតែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ទៅ គឺប្រាក់ខែអប្បបរិមាកម្មករគឺ ១៨២ ដុល្លារសហរដ្ឋអាមេរិក។

២) ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារ ត្រូវធ្វើឱ្យបានម៉ត់ចត់។

៣) ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបាន ពេលវេលាឈប់សម្រាកលំហែរមាតុភាពពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤) ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ(២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ(៣) គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីលោក និងភរិយា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្រ បំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥) ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មការិនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦) អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំអោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧) អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ២០១៩ទៅ ក្មួយៗកម្មករ នឹងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចច្នេះក្នុងរយៈពេល១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំ ឱ្យហើយដើម្បីឱ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨) អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខ័ណ្ឌការងារល្អប្រសើរ។

៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឱ្យបានដិតដល់ និងចូលរួមដោះស្រាយ បញ្ហាប្រឈមនានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហា នានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់កម្មករកម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មករក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួលដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធានាដល់សុវត្ថិភាពកម្មកររួមដំណើរក្នុងពេលបើកបរ។

១០) ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណា ឱ្យកម្មករធ្វើការបានស្របច្បាប់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់បងប្អូនកុំយល់ច្រឡំ ឬគិតថា ខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីន ក៏បានបញ្ជូនពលរដ្ឋឱ្យទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋអាមេរិកជាដើម។

លោកបានបន្តថា ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូល ជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាស់អៀន ឬអាក្រក់អ្វីទេ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំស្វែងរកទីផ្សាការងារក្រៅប្រទេសផងដែរ ដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូព៌ា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ៕

អត្ថបទទាក់ទង