លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណជាថ្មីដល់កម្មករកម្មការិនីដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺមានន័យថាបោះឆ្នោតដើម្បីខ្លួនឯង និងគ្រួសារ បោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍ។ លោកក៏បានថ្លែងអំណរគុណដល់កម្មករកម្មការិនីដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀតដើម្បីអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនទៅមុខ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនប្រមាណជិត៧ពាន់នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា គ្មានជោគជ័យណាមួយដែលបានកើតឡើងដោយគ្មានការចូលរួមនោះឡើយ។ កម្ពុជាទទួលបានជោគជ័យកន្លងមកគឺបានមកដោយសារបាតដៃរបស់ជីដូនជីតា ឪពុកម្តាយ របស់កម្មករ កម្មការិនីដែលបានគាំទ្រនិងផ្តល់ការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា៕