ប្រធានតុលាការចំនួន៦ខេត្ត នឹងត្រូវផ្លាស់ប្តូរកន្លែងបំពេញការងារទៅវិញទៅមក
អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្រោយពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកកិច្ចប្រជុំលើកទី៣០ ក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចធ្វើការផ្លាស់ប្តូរកន្លែងបំពេញការងាររបស់ប្រធានសាលាដំបូងខេត្តចំនួន៦ និងអនុប្រធានសាលាដំបូងខេត្តចំនួនមួយរូប។
អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត បានបញ្ជាក់ថា៖ លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តប៉ៃលិន ផ្ទេរមកជាប្រធានសាលាដំបូងខេត្តកំពង់ធំ, លោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ មកជាប្រធានសាលាដំបូងឧត្តរមានជ័យ, លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ មកជាប្រធានសាលាដំបូងខេត្តតាកែវ, លោកស្រី អ៉ិន ម៉ានិត្យ ប្រធានសាលាដំបូងខេត្តតាកែវ ទៅកាន់ជាប្រធានសាលាដំបូងខេត្តក្រចេះ, លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្តក្រចេះ ទៅកាន់ប្រធានសាលាដំបូងខេត្តស្វាយរៀង, លោក បិច ឈីត ប្រធានសាលាដំបូងខេត្តស្វាយរៀង ទៅកាន់ប្រធានសាលាដំបូងខេត្តប៉ៃលិន ចំណែកលោក ផូង វណ្ណ អនុប្រធានសាលាដំបូងខេត្តកណ្ដាល ទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ធំ៕
ប្រភព៖ Fresh News