ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជានឹងមានពលករប្រមាណ៥ពាន់នាក់ ទៅបម្រើការនៅប្រទេសគុយវ៉ែត នៅឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 37
រដ្ឋមន្ត្រីក្រសួងការងារ៖  កម្ពុជានឹងមានពលករប្រមាណ៥ពាន់នាក់ ទៅបម្រើការនៅប្រទេសគុយវ៉ែត នៅឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជានឹងមានពលករប្រមាណ៥ពាន់នាក់ ទៅបម្រើការនៅប្រទេសគុយវ៉ែត នៅឆ្នាំ២០១៩

ក្រោយបញ្ចប់កិច្ចពិភាក្សាការងារជាមួយ លោកស្រី Hend Subaih B ALSUBAIH រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត រួចមក លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ២០១៩ កម្ពុជានឹងបញ្ជូនពលកររបស់ខ្លួនចំនួន ៥ពាន់នាក់ ទៅបម្រើការងារលើកដំបូងនៅប្រទេសគុយវ៉ែត។

ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅទីស្ដីការក្រសួងការងារ ប្រមុខក្រសួងការងាររបស់កម្ពុជា និងគុយវ៉ែត បានព្រមព្រៀងគ្នាថា នឹងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយវិនិយោគិនគុយវ៉ែត ក៏មានបំណងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងថា កម្ពុជានឹងរៀបចំកម្លាំងពលកម្មរបស់ខ្លួន ដែលបានជ្រើសរើសគ្រប់លក្ខខណ្ឌចំនួន ៥ពាន់នាក់ ជាលើកដំបូងទៅបម្រើការងារនៅប្រទេសគុយវ៉ែត ហើយកម្លាំងពលកម្មនេះ ជាកម្លាំងពលកម្មគ្រប់ផ្នែក ទាំងផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម។ លោកបានបន្តថា ប្រសិនបើស្ថានភាពនៅប្រទេសគុយវ៉ែតល្អប្រសើរ ស្របទៅនឹងអ្វីដែលពលករកម្ពុជាទទួលយកបាន មានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យនោះ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យមានការបញ្ជូននេះឱ្យបានកាន់តែច្រើន។

ចំពោះលក្ខខណ្ឌជ្រើសរើសពលករទៅបម្រើការងារ នៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ត្រូវមានការបណ្ដុះបណ្ដាលជាមុន ដើម្បីឱ្យស្គាល់ពីស្ថានភាពប្រទេស ទទួលស្គាល់ពីវប្បធម៌ និងជំនាញការងារ ពិសេសលក្ខខណ្ឌក្នុងការរស់នៅ នៅទីនោះផងដែរ។

លោក អ៊ិត សំហេង បានសង្កត់ធ្ងន់ថា ទាំងនេះគឺស្របទៅនឹងគោលនយោបាយ «បើកចំហទៅកាន់តំបន់មជ្ឈិមបូព៌ា» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

អត្ថបទទាក់ទង