ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមានគម្រោងការបើកស្ថានឯកអគ្គរាជទូតនៅសា​ធារណរដ្ឋតួកគីឱ្យបានឆាប់រហ័យបំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 43
កម្ពុជាមានគម្រោងការបើកស្ថានឯកអគ្គរាជទូតនៅសា​ធារណរដ្ឋតួកគីឱ្យបានឆាប់រហ័យបំផុត កម្ពុជាមានគម្រោងការបើកស្ថានឯកអគ្គរាជទូតនៅសា​ធារណរដ្ឋតួកគីឱ្យបានឆាប់រហ័យបំផុត

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅ​ទីក្រុង​អីស្តានប៊ុល សាធារណរដ្ឋតួកគីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ ជាមួយលោក ប៊ីណាលី យីដីរីម (Binali Yıldırım) ប្រធានរដ្ឋសភា និងជាអតីត​នាយក​រដ្ឋមន្រ្តីតួកគី។

នៅមុនពិធីទទួលទានអាហារថ្ងៃត្រង់ មេដឹកនាំនៃប្រ​ទេ​សទាំងពីរកម្ពុជា-តួកគី គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន និងប្រធានរដ្ឋសភាតួកគី បានអញ្ជើញជួបពិភាក្សាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់​ទិនទៅនឹងការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគីឱ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រ​ទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលបីឆ្នាំ​២០១៣កន្លង​ទៅ។

ក្នុងជំនួបទល់មុខគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានសភាតួកគី បានធ្វើការ​ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោ​បល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុង​នោះ រួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅកាន់បញ្ហាទ្វេរភាគី បញ្ហាពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្តនិងជួយគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិដែលផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់លោកប្រធានសភាដែរថា លោកតែងតែចង់មកកាន់ប្រទេសតួកគីនេះជាយូរមកហើយ ព្រោះថាតួកគីគឺជាដែនដី នៃការតភ្ជាប់ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត នៃមេដឹកនាំកម្ពុជាដំបូងគេ ដែលបានអញ្ជើញមកធ្វើទស្សន​កិច្ចការងារ នៅសាធារណរដ្ឋ តួកគី។

ក្នុងជំនួបពិភាក្សាការងារនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានសភាតួកគី បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីគ្រប់កម្រិតទាំងអស់ នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង​ពីរកាន់តែមានកម្រិតខ្ពស់ថែមទៀត។ បន្ទាប់ពីបានចំណាយពេលនៃជំនួបពិភាក្សាទល់មុខគ្នារួចមកលោកនាយករដ្ឋមន្រ្តី និងប្រធានសភាតួកគី បានអញ្ជើញលំហែកាយក្នុងបរិ​វេណ នៃវិមានរដ្ឋាភិបាលក្នុងទីក្រុងអីស្តានប៊ុល ពិសេសការស្រូបយកខ្យល់អាកាសបរិសុទ្ធ មាត់ សមុទ្រមុននិងពិធីទទួលទានអាហារការងារពេលថ្ងៃ។

ប្រធានរដ្ឋសភាតួកគី​ បានមានប្រសា​សន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកនាយករដ្ឋមន្រ្តី​​ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជ​រដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសយកប្រទេសតួកគីសម្រាប់ដំណើរបំពេញទស្សនកិច្ចការងារជា​លើក​ដំបូង ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលទើបមានអាយុ២០ឆ្នាំកន្លងមក។ ប្រធានសភាបានឯកភាពទៅនឹងទស្សនៈលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើនខ្ពង់ខ្ពស់ថែមទៀត៕

អត្ថបទទាក់ទង