ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់សហគមន៍ទេសចរណ៍​មួយ ដែលបង្ហាញ​សក្តានុពលទេស​ចរណ៍ធម្មជាតិ​ជា​ច្រើន​គួរឲ្យចាប់អារម្មណ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 76
មកស្គាល់សហគមន៍ទេសចរណ៍​មួយ ដែលបង្ហាញ​សក្តានុពលទេស​ចរណ៍ធម្មជាតិ​ជា​ច្រើន​គួរឲ្យចាប់អារម្មណ៍ មកស្គាល់សហគមន៍ទេសចរណ៍​មួយ ដែលបង្ហាញ​សក្តានុពលទេស​ចរណ៍ធម្មជាតិ​ជា​ច្រើន​គួរឲ្យចាប់អារម្មណ៍

សហគមន៍ទេសចរណ៍​ចង្ក្រានរយ បានបង្ហាញអំពី​សក្តានុពលទេស​ចរណ៍ធម្មជាតិ​ជា​ច្រើន​ ដល់​អ្នកទេសចរណ៍ជាតិ អន្ដរជាតិដែលមិនគួររំលង​ ដូចជាសមុទ្រឈើ ពើងថ្មស្អាតៗ ទឹកធ្លាក់ និងការទស្សនាសត្វ​ព្រៃ ជាពិសេសមាន​កន្លែង​សម្រាប់​អ្នកទេសចរណ៍បោះតង់ ស្នាក់នៅ ផងដែរ។

អ្នកស្រី ឈឿន សុឌី ប្រធាន​សហគមន៍ទេសចរណ៍​ចង្ក្រានរយបាន​ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នំា២០១៨នេះថា សហគមន៍ទេសចរណ៍ចង្ក្រានរយមាន​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​ជាច្រើន​ ដែល​​អ្នក​ទេសចរមិនគួររំលង ហើយកន្លែងដែល​ទាក់ទាញ​នៅ​ទីនេះ រួមមាន ទឹកជ្រោះតូចមួយដ៏ស្រស់ស្អាត ការរស់នៅរបស់សត្វស្លាបកម្រផ្សេងៗ ពើងថ្មដែល មាន​ទម្រង់ប្លែកៗ មានសមុទ្រឈើ។ ទន្ទឹមនេះ អ្នកទេសចរមកកម្សាន្តនៅតំបន់នេះ អាច បោះជំរំ ស្នាក់នៅមួយយប់នៅជិតទឹកជ្រោះ និងមើល​​ការរស់នៅរបស់សត្វស្លាបផ្សេងៗនៅ ពេលព្រឹក ព្រហាម និងការទស្សនាថ្ងៃរះរួមជាមួយថ្មចង្រ្កានរយជាច្រើន ដែលមិនធ្លាប់នៅ កន្លែងផ្សេង ផងដែរ។​

ក្រៅពីចង្រ្កានរយ កន្លែងនេះក៏មានភាពទាក់ទាញផ្សេងទៀតមានដូចជារមណីយដ្ឋានក្រពើ ប្រាំ ប្រាសាទចន្ទគិរី ដែលជាប្រាសាទបុរាណសាងនៅ​សម័យ​អង្គរ នៅទីទួលមានទីតាំង នៅកណ្តាលដើមឈើដែលដុះខ្ពស់ៗ។

អ្នកស្រីបាន​បន្តថា នៅទីនេះមាន​សក្តានុពលទេសចរណ៍ជាច្រើន​ ប៉ុន្តែបច្ចុប្បន្ននេះ​អ្នកទេសចរបាន​ទៅ​ដល់ និងទស្សនានៅតំបន់ទេសចរណ៍នេះបាន​តែ​ចំណុចខ្លះៗប៉ុណ្ណោះ គឺនៅ មាន​កន្លែងច្រើនទៀតដែលអ្នកទេសចរមិនបាន​ទៅ​ដល់ដូចជាសមុទ្រឈើ ពើងតាក្អោប ជាដើម។ សម្រាប់អ្នកទេសចរចង់ទៅកម្សាន្ត និងទស្សនាបាននៅតំបន់នេះ ឱ្យបានអស់​ គឺត្រូវចំណាយពេលយ៉ាងហោចណាស់ក៏មួយសប្តាហ៍ដែរ ដូច្នេះកន្លែងនេះ​ គឺតំបន់ទេសចរ ណ៍មួយដែល​អាច​ទាក់ទាញ​អ្នកទេសចរបរទេសឱ្យស្នាក់នៅកម្ពុជាបាន​យូរ។

អ្នកស្រី​បានគូស​បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ​អ្នកទេសចរដែល​បាន​ទៅ​កម្សាន្តនៅ​សហគមន៍ទេសចរណ៍ចង្រានរយនេះ​ក្នុងមួយសប្តាហ៍មាន​ប្រមាណជា៦០០នាក់ និងសម្រាប់​ថ្ងៃបុណ្យជាតិកើនដល់រាប់ពាន់នាក់​។ ប៉ុន្តែអ្នកទេសចរទាំងនេះ​ភាគច្រើនជាអ្នកទេសចរជាតិ ចំពោះអ្នកទេសចរអន្តរជាតិមិនសូវមានទេ។ អ្នកស្រីក៏បាន​ស្នើ​ឱ្យអាជ្ញាធរជួយជំរុញ​អ្នក ទេសចរ អន្តរជាតិ​ឱ្យទៅកម្សាន្តនៅតំបន់នេះ​ឱ្យបាន​ច្រើន​ ដើម្បី​ធ្វើ​ឱ្យ​ចំណូល​ពីវិស័យ​ទេសចរណ៍បាន​ទៅ​ដល់​ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះផងដែរ។

លោក ភូ សំអាត អភិបាលស្រុក​វ៉ារិន ខេត្ដសៀមរាប បាន​ឱ្យ​ដឹងថា លោកទទួល​ស្គាល់ថា តំបន់ទេសចរណ៍​ចង្ក្រានរយនេះ​ គឺ​ពិត​ជា​មាន​សក្តានុពលទេសចរណ៍បែប​ធម្មជាតិច្រើន​មែន​ ហើ​យ​អាជ្ញាធរស្រុកក៍បានជួយទៅលើការងារការពារសន្តិសុខជូនភ្ញៀវទេសចរ ដែលបាន​មកកម្សាន្តនៅតំបន់នេះផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរ​ក៏បាន​ផ្តល់​នូវ​គំនិតល្អៗដល់ សហគមន៍សម្រាប់​ធ្វើការ​អភិវឌ្ឍតំបន់នេះឱ្យមាន​ការ​រី​កចម្រើន​សម្រាប់ទាក់ទាញ អ្នកទេស ចរ ថែមទៀត។

សូមបញ្ជាក់ថា ​សហគមន៍ទេសចរណ៍​ចង្ក្រាន​រយ​ គឺមានចម្ងាយប្រមាណ១០០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប ​ហើយ​ផ្លូវ​ឡើង​ភ្នំនេះ​មិន​ខ្ពស់​ដូច​ភ្នំ​គូ​លែនទេ ដោយការធ្វើ​ចរាចរណ៍​ក៏​ងាយស្រួល​ជាង​ដែរ​។​ ភ្នំ​ច​ង្ក្រា​នរយ​មាន​ទីតាំង​ស្ថិតនៅលើ​មុំ​ស្រុក​ចំនួន​៤​ នៃ​ខេត្តសៀមរាប ដែលមាន​ស្រុក​បន្ទាយស្រី អង្គរធំ អង្គរជុំ និង​ស្រុក​វ៉ារិន​៕

អត្ថបទទាក់ទង