ខ្មែរប៉ុស្ដិ៍ Close

អ្នកវិនិយោគធំៗរបស់ចិន ចង់ឃើញលោក ហ៊ុន សែន បន្តដឹកនាំកម្ពុជាដើម្បីភាពរីកចម្រើនបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 78
អ្នកវិនិយោគធំៗរបស់ចិន ចង់ឃើញលោក ហ៊ុន សែន បន្តដឹកនាំកម្ពុជាដើម្បីភាពរីកចម្រើនបន្ថែមទៀត អ្នកវិនិយោគធំៗរបស់ចិន ចង់ឃើញលោក ហ៊ុន សែន បន្តដឹកនាំកម្ពុជាដើម្បីភាពរីកចម្រើនបន្ថែមទៀត

ក្រុមអ្នកវិនិយោគធំៗ និងល្បាញល្បីរបស់ចិនប្រមាណជា ៧០រូបនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ចូលជួបសម្តែងការគួរសម ​និងបានទទួលយកនូវអនុសាសន៍មួយចំនួន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ក្រុមអ្នកវិនិយោគទាំងនេះ ចង់ឃើញលោក ហ៊ុន សែន ដឹកនាំប្រទេសកាន់តែយូរទៅមុខទៀត ដើម្បីភាពរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជា។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ប្រតិភូអ្នកវិនិយោគចិនដែលជួបលោក ហ៊ុន សែន នាព្រឹកថ្ងៃនេះ គឺជាអ្នកវិនិយោគល្បីៗមកពីសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក (TXCS) ក្នុងនោះក៏មានការចូលរួមពីឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិនផងដែរ។ បើតាមលោក ស្រ៊ី ថាមរុង្គ អ្នកវិនិយោគរបស់ចិន ដែលជួបលោក ហ៊ុន សែន នាពេលនេះសុទ្ធតែជាអ្នកវិនិយោគលំដាប់កំពូលក្នុងប្រទេសចិន ហើយខ្លះទៀតលំដាប់កំពូលលើពិភពលោកថែមទៀតផង។

អ្នកវិនិយោគទាំងនេះ បាននិងកំពុងរកស៊ីលើវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ដែកថែប ឧស្សាហកម្ម បច្ចេកវិទ្យាទំនើប វេជ្ជសាស្ត្រ ថាមពល គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ ទេសចរណ៍ សណ្ឋាគារជាដើម។ល។

បើតាមលោក ស៊្រី ថាមរុង្គ នៅចំពោះមុខអ្នកវិនិយោគចិននេះ លោក ហ៊ុន សែន បានលើកឡើងនូវជោគជ័យជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រច្រើនលើសលុបរហូតដល់គ្រប់អាសនៈនៅក្នុងរដ្ឋសភាទាំងអស់តែម្តង។

លោក បានគូសបញ្ជាក់ទៅអ្នកវិនិយោគរបស់ចិនថា ជោគជ័យនេះ បានមកដោយសារតែការធ្វើកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាបញ្ហាដីធ្លី ការផ្តល់សេវាសាធារណៈ សេវាសង្គម ជាពិសេសការខិតខំដោះស្រាយលើជីវភាព និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅក្នុងជំនួបរយៈពេលប្រមាណជា២ម៉ោង មានបញ្ហាជាច្រើនត្រូវបានលើកឡើងរវាងលោក ហ៊ុន សែន និងអ្នកវិនិយោគរបស់ចិន ដោយផ្តោតជាសំខាន់ទៅលើការវិនិយោគនៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់របស់លោក ស្រ៊ី ថាមរុង្គ។

លោក ស្រ៊ី ថាមរុង្គ បានអះអាងថា បើទោះបីបញ្ហាវិនិយោគជាច្រើនត្រូវបានលើកឡើងយ៉ាងណាក្តី តែលោក ហ៊ុន សែន បានប្រាប់ទៅកាន់អ្នកវិនិយោគចិនថា វិស័យអាទិភាពដែលរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់នោះ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ដែលវិស័យទាំងនេះទោះបីអភិវឌ្ឍន៍ ២០-៣០ឆ្នាំទៅមុខទៀត ក៏មិនត្រូវអាចគ្រប់គ្រាន់សម្រាប់កម្ពុជានោះឡើយ។ ក្នុងន័យនេះលោកស្វាគមន៍ការវិនិយោគទៅលើវិស័យទាំងអស់នេះ។

ពាក់ព័ន្ធការវិនិយោគនេះដែរ លោក ហ៊ុន សែន បានអះអាងប្រាប់អ្នកវិនិយោគចិនថា កម្ពុជាស្វាគមន៍គ្រប់អ្នកវិនិយោគបរទេសទាំងអស់ មិនថាជាអ្នកវិនិយោគតូចឬធំនោះទេ ពោលក្រុមហ៊ុនណាមកមុនទទួលបានឱកាសវិនិយោគមុនគេ។

លោក ហ៊ុន សែន ក៏បានណែនាំដល់អ្នកវិនិយោគរបស់ចិនសម្លឹងមើលការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាផងដែរ ដ្បិតវិស័យទេសចរណ៍នៅកម្ពុជាកំពុងមានភាពល្អប្រសើរ ជាពិសេសបច្ចុប្បន្នទទួលបានអ្នកទេសចរចិនកាន់តែច្រើន បន្ទាប់ពីប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាកាន់តែច្រើន។

បន្ទាប់ពីបានស្តាប់នូវចក្ខុវិស័យមួយចំនួនលើការអភិវឌ្ឍប្រទេសចិន ក៏ដូចគោលការណ៍ផ្សេងពាក់ព័ន្ធលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយនោះ គណៈប្រតិភូអ្នកវិនិយោគចិន បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេសចាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់កម្ពុជា។

នៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមអ្នកវិនិយោគរបស់ប្រទេសចិន បានគូសបញ្ជាក់ថា ពួកគេមានទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ជាពិសេសការធ្វើឲ្យមានស្ថេរភាពនយោបាយ និងការៀបចំឲ្យច្បាប់វិនិយោគល្អៗ ដែលជាការផ្តល់ទំនុកចិត្តសម្រាប់ការវិនិយោគ។ ជាពិសេសការធ្វើឲ្យចំណងមិត្តភាពកម្ពុជា និងចិន កាន់តែល្អប្រសើរ។

គណៈប្រតិភូ បានថ្លែងថា ពួកគេចង់ឃើញលោក ហ៊ុន សែន ដឹកនាំកម្ពុជាបានយូរទៅមុខទៀត ដើម្បីធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំង និងពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែប្រសើរ។

សូមបញ្ជាក់ថា បច្ចុប្បន្នចិនបានឈរនៅដាប់លេខរៀងទី១ ដែលបានបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យអាចលនទ្រព្យ វារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រសហគ្រាសជាដើម។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ទំហំវិនិយោគរបស់ចិននៅកម្ពុជាមានជិត ២ពាន់លានដុល្លារអាមេរិក។

ការវិនិយោគរបស់ចិននៅកម្ពុជា ត្រូវបានក្រុមអ្នកវិនិយោគធំមើលឃើញថា កំពុងរួមចំណែកជួយដល់ភាពរីកចម្រើនរបស់កម្ពុជា និងឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាបានវិវឌ្ឍន៍ទៅរកភាពល្អប្រសើរផងដែរ៕

អត្ថបទទាក់ទង