ខ្មែរប៉ុស្ដិ៍ Close

សាខាកាំកុងត្រូលខេត្តប៉ៃលិន ចុះផ្សព្វផ្សាយពីអនាម័យសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ និងប្រជាពលរដ្ឋ នៅផ្សារសាលាក្រៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 142

ប៉ៃលិន៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការចុះបិទស្ទិកគ័រ និងផ្សព្វផ្សាយពីអនាម័យសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ ផ្សារសាលាក្រៅ ស្ថិតនៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការបិទស្ទិកគ័រ ផ្សព្វផ្សាយស្តីពីសុវត្ថិភាព គុណភាព ផលិតផលចំណីអាហារ ជូនដល់អាជីវកនៅពេលនេះ គឺដើម្បីផ្តល់ការយល់ដឹង និងចូលរួមការពារថែរក្សាសុខភាព តាមរយៈនៃការជ្រើសរើស ប្រើប្រាស់ផលិតផល ចំណីអាហារដែលមានគុណភាព និងមានសុវត្ថិភាព ហើយបើសិនជាអាជីវករខ្វះការយល់ដឹង ពីគុណវិបត្តិផលិតផលចំណីអាហារគ្មានសុវត្ថិភាព ហើយទិញផលិតផលចំណីអាហារគ្មានសុវត្ថិភាព យកមកប្រើប្រាស់ និងលក់ទៅអោយប្រជាពលរដ្ឋ គឺបង្កឲ្យមានប៉ះពាល់ដល់សុខភាព ធ្លាក់ខ្លួនឈឺ បណ្តាលឱ្យបាត់បង់ពេលវេលា បាត់បង់ថវិកាក្នុងគ្រួសារ។

លោក ឈឹម វាសនា បានបន្តទៀតថា ដូច្នេះហើយអាជីវករទាំងអស់ ត្រូវយកចិត្តទុកដាក់ ស្តាប់ការណែនាំពីមន្រ្តីជំនាញសាខាកាំកុងត្រូល ពីការជ្រើសរើសទំនិញត្រឹមត្រូវ មើលកាលបរិចេ្ឆទ មើលគុណភាព រៀបចំទុកដាក់អោយត្រឹមត្រូវ ទិញទំនិញណាដែលមានច្បាប់ត្រឹមត្រូវ ដើម្បីការពារ ថែរក្សាអនាម័យសុខភាពអោយបានល្អ ស្របតាមផែនការអគ្គនាយកកាំកុងត្រូល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធានសាខា ក៏បានសំណូមដល់អាជីវករទាំងអស់ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញសាខាកាំកុងត្រូល ដើម្បីទប់ស្កាត់ទំនិញខូចគុណភាព និងហួសសុពលភាព ជាពិសេសកុំគិតតែផលចំណេញជាធំ និងរួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូបអាហារលើទីផ្សារ។

សូមបញ្ជាក់ថា ក្នុងការបិទស្ទិកគ័រផ្សព្វផ្សាយពីអនាម័យ សុវត្ថិភាពម្ហូបអាហារ ដល់អាជីវករផ្សារសាលាក្រៅ ក៏បានដកហូតទំនិញខូចគុណភាព និងហួសសុពលភាពរួមមាន ទឹកក្រូចដប ៤៥ដប ស្ករគ្រាប់ ០៤កំប៉ុង នំស្រួយ០២កញ្ចប់ផងដែរ៕

អត្ថបទទាក់ទង