លោក កឹម សុខា បន្តជាប់ឃុំ ក្រោយសាវនាការតុលការកំពូលបានបញ្ចប់ទៅកាលពីព្រឹកមិញនេះ
ភ្នំពេញ៖ ក្រោយបញ្ចប់ការសួរដេញដោលរបស់តុលាការកំពូលនៅវេលាថ្ងៃត្រង់ទី២២ ខែសីហា នេះ ស្ថាប័នកំពូលមួយនេះបានសម្រេចមិនដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិទេ ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល និងជាអ្នកនាំពាក្យផងដែរ។
វាសនាលោក កឹម សុខា ពេលនេះ គឺ ខុសពីលោក គឹម សុខ, ស្ត្រីសកម្មជនបឹងកក់៤នាក់ និង អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់ ដែលត្រូវតុលាការដោះលែងជាបន្តបន្ទាប់។
លោកកឹម សុខា ដែលបច្ចុប្បន្នជាប់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជិត១ឆ្នាំ ហើយនោះ ពុំត្រូវបានបញ្ជូនមកចូលរួមសវនាការនៅតុលាការកំពូលទេ។
ទោះបីយ៉ាងណា មេធាវីលោកកឹម សុខា បានបង្ហាញវត្តមាន ដើម្បីបំពេញនីតិវិធីរបស់តុលាការកំពូល។
ជាមួយការចាប់ផ្ដើមសវនាការនេះ ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជាច្រើនស្ថាប័ន រួមទាំងអង្គការជាច្រើនទៀតនោះ ទន្ទឹងរង់ចាំក្រៅរបងតុលាការកំពូល ដើម្បីចង់ដឹងលទ្ធផល តើតុលាការកំពូល ដោះលែងលោកកឹម សុខា ដែរឬទេ? ពេលនេះ លទ្ធផល បានដឹងហើយ គឺ តុលាការកំពូល សម្រេចមិនដោះលែងលោកកឹម សុខា នោះទេ។
មតិខ្លះថា អាចនឹងមានការដោះលែងលោកកឹម សុខា ព្រោះបានមើលឃើញថា បុគ្គលលេចធ្លោមួយចំនួនត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់។
ក្នុងនោះ មានលោកគឹម សុខ អ្នកវិភាគសង្គម ស្ត្រីសកម្មជនដីធ្លីបឹងកក់៤នាក់ និងចុងក្រោយ គឺអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់។
ការសម្រេចទាំងអស់នេះ ត្រូវបានតុលាការអះអាងថា ធ្វើតាមច្បាប់ ពុំមែនស្ថិតក្រោមហេតុផលនយោបាយទេ ទោះបីមជ្ឈដ្ឋានខ្លះមិនយល់ស្របក៏ដោយ។
ដីកាតុលាការកំពូល ដែលទទួលបានបង្ហាញថា សវនាការនេះដឹកនាំដោយលោក គង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ៕