លោក សាយ សំអាល់ លើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ហើយប្រព័ន្ធនយោបាយកម្ពុជាក៏មានភាពរឹងមាំ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហោះផ្សាយនូវអត្ថបទមួយ នៅក្នុងគណនី Facebook ផ្ទាល់ខ្លួនរបស់លោក ដោយដាក់ចំណងជើងថា «កត្តាសំខាន់ៗដែលបញ្ជាក់ថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ហើយប្រព័ន្ធនយោបាយកម្ពុជាក៏មានភាពរឹងមាំ»។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃអត្ថបទ៖
កត្តាសំខាន់ៗដែលបញ្ជាក់ថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ហើយប្រព័ន្ធនយោបាយកម្ពុជាក៏មានភាពរឹងមាំ៖
១- រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលរាជរដ្ឋាភិបាលកើតចេញពីរដ្ឋសភា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
២-រដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបាននូវសិទ្ធិ និងស្វ័យភាព ក្នុងការអនុវត្តមុខងារតាមបែបវិមជ្ឈការ និងសហវិមជ្ឈការ
៣-របបនយោបាយបែបប្រជាធិបតេយ្យសេរី ដែលមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែង
៤-ប្រព័ន្ធនយោបាយបែបត្រៃភាព កើតពីការសំយោគបញ្ចូលគ្នារវាងរាជានិយម អភិជនាធិបតេយ្យ និងប្រជាធិបតេយ្យ ឱ្យស្ថិតក្រោមរដ្ឋធម្មនុញ្ញតែមួយ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ រាជរដ្ឋាភិបាលតែមួយ ហើយប្រជាពលរដ្ឋមានសិទ្ធិ-សេរីភាពពេញលេញទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គម
៥-ការបែងចែកអំណាចរដ្ឋឱ្យទៅជាស្ថាប័នអំណាចនីតិប្បញ្ញត្តិ ស្ថាប័នអំណាចនីតិប្រតិបត្តិ និងស្ថាប័នអំណាចតុលាការ ឱ្យដាច់ពីគ្នា ដើម្បីបំពេញមុខងាររៀងៗខ្លួន។
គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន ក្នុងការអនុវត្តកត្តាទាំង៥នេះ ឱ្យបានជោគជ័យ និងមានប្រសិទ្ធភាព ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ វឌ្ឍនភាពសង្គម ភាពសុខដុមរមនាក្នុងសង្គម និងការបន្តវេនដោយនិរន្តរភាព៕