ខ្មែរប៉ុស្ដិ៍ Close

ក្រសួងយុត្តិធម៌៖ អ្នកផ្សព្វផ្សាយព័ត៌មានប្រឌិតនានា ដែលនាំឱ្យពលរដ្ឋមិនហ៊ានចេញទៅបោះឆ្នោត នឹងមានទោសព្រហ្មទណ្ឌពី ៦ខែ ទៅ ២ឆ្នាំ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 38
ក្រសួងយុត្តិធម៌៖ អ្នកផ្សព្វផ្សាយព័ត៌មានប្រឌិតនានា ដែលនាំឱ្យពលរដ្ឋមិនហ៊ានចេញទៅបោះឆ្នោត នឹងមានទោសព្រហ្មទណ្ឌពី ៦ខែ ទៅ ២ឆ្នាំ! ក្រសួងយុត្តិធម៌៖ អ្នកផ្សព្វផ្សាយព័ត៌មានប្រឌិតនានា ដែលនាំឱ្យពលរដ្ឋមិនហ៊ានចេញទៅបោះឆ្នោត នឹងមានទោសព្រហ្មទណ្ឌពី ៦ខែ ទៅ ២ឆ្នាំ!

ភ្នំពេញ៖ ទន្ទឹមនឹងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ជិតឈានចូលមកដល់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ការប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីរារាំងមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក៏ចាប់ផ្តើមកើតមាននៅលើបណ្តាញសង្គម Facebook ផងដែរ។

សម្រាប់អ្នកច្បាប់ ការប្រឌិតព័ត៌មានក្លែងក្លាយបែបនេះ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារផងដែរ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះថា ការផ្សព្វផ្សាយព័ត៌មានប្រឌិតនានា ដែលនាំឱ្យពលរដ្ឋមិនហ៊ានចេញទៅបោះឆ្នោត គឺជាសកម្មភាពបង្កភាពវឹកវរដល់សន្តិសុខសង្គម។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «សកម្មភាពខាងលើនេះ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ប្រឈមនឹងការផ្តន្នាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល តាមបញ្ញត្តិមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ!»

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រយៈពេលតែ១ថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

គណបក្សនយោបាយចំនួន២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ប៉ុន្តែទោះជាយ៉ាងនេះក្តី អតីតមេដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយចោល កាលពីខែវិច្ឆិកាឆ្នាំមុន ហើយត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយនោះ បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត និងបានបង្កើតសកម្មភាពផ្សេងៗទាំងល្មើសច្បាប់ ដើម្បីរារាំងដល់ការបោះឆ្នោតនេះថែមទៀត៕

អត្ថបទទាក់ទង