ខ្មែរប៉ុស្ដិ៍ Close

ដំណើរចូលតំបន់អានសេះរបស់នាយករដ្ឋមន្ត្រីថៃ គឺជាទង្វើបំពានលើអធិបតេយ្យភាពកម្ពុជា និងបំផ្លាញស្មារតីនៃការដោះស្រាយវិវាទដោយសន្តិវិធី

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ផ្ទះហ្វេសប៊ុក 42
ដំណើរចូលតំបន់អានសេះរបស់នាយករដ្ឋមន្ត្រីថៃ គឺជាទង្វើបំពានលើអធិបតេយ្យភាពកម្ពុជា និងបំផ្លាញស្មារតីនៃការដោះស្រាយវិវាទដោយសន្តិវិធី ដំណើរចូលតំបន់អានសេះរបស់នាយករដ្ឋមន្ត្រីថៃ គឺជាទង្វើបំពានលើអធិបតេយ្យភាពកម្ពុជា និងបំផ្លាញស្មារតីនៃការដោះស្រាយវិវាទដោយសន្តិវិធី

ដំណើររបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ទៅកាន់តំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្ត​ព្រះ​វិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ មិនគួរត្រូវបានមើលថា ជាដំណើរទស្សនកិច្ចធម្មតា​នោះ​ទេ ជាពិសេសនៅពេលដែលតំបន់នេះជាតំបន់ដែលកម្ពុជា និងថៃនៅតែមានការមិនឯកភាពគ្នាអំពី​បញ្ហា​ព្រំដែននៅឡើយ។

សំណួរដែលគួរត្រូវបានសួរគឺ៖ ហេតុអ្វីបានជាមេដឹកនាំថៃជ្រើសរើសទៅកាន់តំបន់ដែលកំពុង​មានភាព​រសើប​បែបនេះ? ហើយតើដំណើរទស្សនកិច្ចនោះអាចផ្ញើសារអ្វីខ្លះទៅកាន់ប្រជាជនថៃ កម្ពុជា និងសហ​គមន៍​អន្តរជាតិ?

សម្រាប់កម្ពុជា ការចូលទៅកាន់តំបន់នេះដោយគ្មានការយល់ព្រមពីភាគីកម្ពុជា គឺជារឿងមិនអាចទទួល​យក​បានឡើយ ព្រោះតំបន់នេះស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើផែនទីឥណ្ឌូចិន-សៀម ខ្នាត ១:២០០,០០០។ ជាមួយគ្នានេះ កម្ពុជាក៏បានចេញការតវ៉ាជាផ្លូវការច្រានចោលចំពោះសកម្ម​ភាព​របស់ភាគីថៃនេះផងដែរ។

ការតវ៉ារបស់កម្ពុជា មិនមែនជាការប្រតិកម្មតាមអារម្មណ៍ទេ។ ផ្ទុយទៅវិញ វាគឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនយល់ព្រម និងមិនទទួលស្គាល់ចំពោះសកម្មភាពរបស់មេដឹកនាំថៃ ដែលបានចូលទៅកាន់​តំបន់​នេះដោយគ្មានការពិភាក្សា និងការយល់ព្រមពីភាគីកម្ពុជាឡើយ។ កម្ពុជាចាត់ទុកថា ទង្វើនេះជាការ​រំលោភ​បំពានយ៉ាងធ្ងន់ធ្ងរ និងជាការជាន់ឈ្លីលើស្មារតីនៃសេចក្តីប្រកាសរួម ព្រមទាំងជាសកម្មភាព​ដែល​បង្កឱ្យមានភាពតានតឹងនៅតាមបណ្តោយព្រំដែន។

ចំណុចសំខាន់មួយទៀត គឺការដែលលោក Anutin ដែលជានាយករដ្ឋមន្ត្រី ដែលខ្វះការយល់ដឹង​ពី​ប្រវត្តិសាស្ត្ររូបនេះទៅឈរនៅលើទីតាំងណាមួយ មិនអាចធ្វើឱ្យទីតាំងនោះក្លាយជាទឹកដីថៃបានទេ។ វត្ត​មានរបស់មេដឹកនាំនៅលើទីតាំងណាមួយអាចជាសកម្មភាពនយោបាយ ប៉ុន្តែមិនអាចជំនួសឱ្យឯកសារ​ផ្លូវការ ប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់ដែលពាក់ព័ន្ធនឹងការកំណត់ព្រំដែនបានទេ។

ចំពោះការបង្កើត អង្គហេតុថ្មីនៅលើដី (Fait Accompli) ក៏ជាបញ្ហាផ្សេងមួយទៀត។ ការដាក់កម្លាំង ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ ឬការអនុវត្តសកម្មភាព ដើម្បីបង្កើតស្ថានភាពគ្រប់គ្រងជាក់ស្តែងនៅលើទីតាំង​ដែលមានវិវាទ មិនអាចធ្វើឱ្យស្ថានភាពនោះក្លាយជាមូលដ្ឋានស្វ័យប្រវត្តិសម្រា​ប់ការអះអាងអធិបតេយ្យ​ភាព​លើទឹកដីនោះបានឡើយ។ ការកំណត់សិទ្ធិលើទឹកដីត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងឯកសារពាក់ព័ន្ធ មិនមែនលើការបង្កើតស្ថានភាពជាក់ស្តែងដោយឯកតោភាគីនោះទេ។

ប្រសិនបើគ្រាន់តែការទៅឈរនៅលើដីមួយ អាចយកមកកំណត់ថា ទីតាំងនោះជារបស់អ្នកណាម្នាក់បាន នោះពិភពលោកមិនចាំបាច់មានសន្ធិសញ្ញា ផែនទី កិច្ចព្រមព្រៀង ឬយន្តការដោះស្រាយវិវាទផ្សេងៗ​ទៀត​ឡើយ។ វានឹងមានន័យថា អ្នកណាខ្លាំង អ្នកនោះជាអ្នកឈ្នះ ទោះបីជាត្រូវប្រើកម្លាំង រំលោភបំពាន ឬ​ឈ្លាន​ពានលើប្រទេសដទៃ ហើយសកម្មភាពរបស់ខ្លួនផ្ទុយនឹងច្បាប់អន្តរជាតិក៏ដោយ។ បើពិភពលោក​ដំណើរ​ការតាមរបៀបនេះ តើសណ្តាប់ធ្នាប់អន្តរជាតិនឹងទៅជាយ៉ាងណា? ប៉ុន្តែការពិត ពិភព​លោក​មិន​អាច និងមិនធ្វើដំណើរការតាមរបៀបនេះឡើយ។

បញ្ហាព្រំដែនមិនអាចកំណត់ដោយការបង្ហាញវត្តមាននៅលើដីបានទេ ប៉ុន្តែត្រូវផ្អែកលើឯកសារ ប្រវត្តិ​សាស្ត្រ កិច្ចព្រមព្រៀង និងការពិភាក្សារវាងភាគីពាក់ព័ន្ធ។ ដោយហេតុនេះហើយ កម្ពុជានៅតែប្រកាន់​ខ្ជាប់​នូវផែនទីខ្នាត ១:២០០,០០០ ដែលផលិតឡើងក្នុងបរិបទនៃការកំណត់ព្រំដែនរវាងឥណ្ឌូចិន និង​សៀម ជាមូលដ្ឋានសម្រាប់ជំហររបស់ខ្លួន ហើយមិនទទួលស្គាល់ជាដាច់ខាតនូវការប្រើប្រាស់​ផែនទីខុស​ច្បាប់ខ្នាត ១:៥០,០០០ ដែលថៃប្រើប្រាស់ជាឯកតោភាគី ដើម្បីគាំទ្រការអះអាងរបស់ខ្លួនលើតំបន់​មាន​វិវាទ​នោះឡើយ។

ផ្ទុយទៅវិញ ភាគីថៃមានការប្រើប្រាស់ផែនទី និងការបកស្រាយខ្សែព្រំដែនខុសពីកម្ពុជា។ ដូច្នេះ បញ្ហានេះ​មិន​អាចដោះស្រាយដោយការយកវត្តមាន ឬការគ្រប់គ្រងជាក់ស្តែងនៅលើដី​មកធ្វើជាចំណុចសម្រេច​បាន​ទេ។ នៅពេលភាគីទាំងពីរមានការយល់ឃើញខុសគ្នា អ្វីដែលគួរធ្វើ គឺការយកឯកសារ កិច្ចព្រមព្រៀង និង​យន្តការដែលមានស្រាប់មកពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា មិនមែនប្រកួតគ្នាដោយ​កម្លាំងយោ​ធា ឬយកការមានវត្តមាននៅលើទីតាំងណាមួយមកធ្វើជាភស្តុតាងថា ទីនោះជាទឹកដីរបស់ខ្លួននោះទេ។

ចំណុចមួយដែលមិនគួរមើលរំលង គឺ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែលភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តចំពោះការជៀសវាងសកម្មភាពដែលអាចបង្ក​ភាព​តាន​តឹងនៅតាមបណ្តោយព្រំដែន។

ដូច្នេះ នៅពេលមានការទៅកាន់តំបន់ដែលមានភាពរសើបដោយមេដឹកនាំកំពូល វាជារឿងធម្មតាដែល​មនុស្សជាច្រើននឹងសួរថា តើសកម្មភាពនេះស្របនឹងស្មារតីនៃការបន្ថយភាពតានតឹងដែរឬទេ?

បើភាគីថៃនិយាយថាចង់ឱ្យព្រំដែនមានសន្តិភាព ចង់បង្កើតទំនុកចិត្ត និងចង់ដោះស្រាយបញ្ហាដោយការ​ពិភាក្សា នោះគ្រប់សកម្មភាពរបស់មេដឹកនាំថៃក៏គួរតែស្របទៅនឹងគោលការណ៍ទាំងនេះដែរ។ មិនមែន​ធ្វើសកម្មភាពណាមួយដែល មានការរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជា ហើយបន្ទាប់មកឱ្យ​កម្ពុជឋត្រូវចេញមកតវ៉ា និងបកស្រាយជាបន្តបន្ទាប់នោះទេ។
ចំពោះកម្ពុជា ការចេញសេចក្តីតវ៉ាជាផ្លូវការមានសារៈសំខាន់ណាស់ ព្រោះវាបង្ហាញថា កម្ពុជាបាន​បញ្ជាក់​ជំហររបស់ខ្លួនយ៉ាងច្បាស់ និងមិននៅស្ងៀមចំពោះសកម្មភាពដែលខ្លួនមិនយល់ព្រមនោះទេ។ លើស​ពី​នេះ ការតវ៉ាជាផ្លូវការក៏មានសារៈសំខាន់ចំពោះការរក្សាកំណត់ត្រានៃវិវាទផងដែរ។

នៅពេលក្រោយ ប្រសិនបើមានការពិភាក្សាអំពីប្រវត្តិនៃវិវាទ ព័ត៌មានថា ភាគីណាបានធ្វើអ្វី ភាគីណា​មួយ​បានតវ៉ា និងភាគីណាបានបង្ហាញជំហរយ៉ាងដូចម្តេច អាចក្លាយជាផ្នែកមួយនៃកំណត់ត្រាដែលត្រូវ​យក​មកពិចារណាជាអន្តរជាតិ។

ករណីប្រវត្តិសាស្ត្រនៃប្រាសាទព្រះវិហារ គឺជាឧទាហរណ៍ដ៏សំខាន់មួយដែលមិនគួរមើលរំលង។ វាបង្ហាញ​ថា វិវាទព្រំដែនមិនមែនកើតឡើង ហើយបញ្ចប់ត្រឹមសកម្មភាពរបស់ភាគីណាមួយក្នុងពេលតែមួយ​ថ្ងៃនោះ​ទេ។ អ្វីដែលប្រទេសមួយបានធ្វើ អ្វីដែលមេដឹកនាំបាននិយាយ និងជាពិសេស ការតវ៉ារបស់ប្រទេសមួយ​ចំពោះ​សកម្មភាពរបស់ភាគីម្ខាងទៀត សុទ្ធតែអាចមានសារៈសំខាន់ នៅពេលវិវាទត្រូវបានយកមក​ពិភាក្សា ឬវាយតម្លៃក្នុងកម្រិតអន្តរជាតិនៅពេលក្រោយ។

សកម្មភាពរបស់លោក Anutin សម្រាប់អ្នកគាំទ្ររដ្ឋាភិបាលថៃ និងក្រុមអ្នកជាតិនិយមជ្រុល​មួយ​ចំនួន​នៅថៃ អាចត្រូវបានមើលថា ជាការបង្ហាញថា មេដឹកនាំរបស់ខ្លួនកំពុងឈរជាមួយកងទ័ព និងបង្ហាញ​ភាព​រឹងមាំចំពោះបញ្ហាព្រំដែន។ ប៉ុន្តែសម្រាប់អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍ពីខាងក្រៅ វាអាចបង្កើត​សំណួរ​មួយដែល​គួរឱ្យចាប់អារម្មណ៍ថា ប្រសិនបើពិតជាចង់រក្សាសន្តិភាព និងបន្ថយភាពតានតឹង ហេតុ​អ្វីត្រូវធ្វើសកម្មភាពដែលអាចធ្វើឱ្យភាគីម្ខាងទៀតត្រូវចេញមុខតវ៉ា? នេះជាចំណុចដែលរដ្ឋាភិបាល​ថៃគួរ​គិតឱ្យបានច្បាស់។

ការរក្សាព្រំដែនឱ្យស្ងប់ស្ងាត់ មិនមែនមានន័យថា ភាគីណាមួយត្រូវបោះបង់ជំហររបស់ខ្លួនទេ។ ភាគីទាំង​ពីរ​អាច​រក្សាជំហររបស់ខ្លួនឱ្យបាន ប៉ុន្តែត្រូវដឹងថា សកម្មភាពណាខ្លះអាចធ្វើឱ្យស្ថានការណ៍កាន់តែ​អា​ក្រក់។

ជាពិសេស ក្នុងនាមជាប្រទេសអាស៊ានជាមួយគ្នា កម្ពុជា និងថៃគួរតែយល់ថា ជម្លោះព្រំដែនមិនអាចដោះ​ស្រាយដោយការប្រកួតកម្លាំង ឬការប្រកួតថា អ្នកណាអាចបង្ហាញខ្លួននៅតំបន់មានវិវាទបាននោះទេ។
ការដោះស្រាយដែលមានន័យបំផុត គឺការចូលតុចរចា ពិនិត្យឯកសារ ពិភាក្សាគ្នាដោយស្មោះត្រង់ ប្រើ​ប្រាស់​យន្តការដែលមានស្រាប់ និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានដោយភាគីទាំងពីរ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍ថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកំណត់ព្រំដែន ឬការអះអាងទឹកដីដោយឯកតោភាគី។ ប៉ុន្តែការមិនទទួលស្គាល់នេះ មិនមានន័យថា កម្ពុជាត្រូវ​បង្កើន​ការ​ប្រឈមមុខ ឬបង្កអរិភាពនោះទេ។ ផ្ទុយទៅវិញ កម្ពុជាឈររឹងមាំលើគោលការណ៍ និងផលប្រយោជន៍​ជាតិរបស់ខ្លួន ខណៈដែលនៅតែបន្តជ្រើសរើសផ្លូវសន្តិវិធី ការចរចា និងការដោះស្រាយតាមយន្ត​ការ​ដែល​មានស្រាប់ ជាត្រីវិស័យសម្រាប់ដោះស្រាយបញ្ហា។

ការគ្រប់គ្រងជាក់ស្តែងអាចបង្កើតស្ថានភាពមួយនៅលើដីបាន ប៉ុន្តែស្ថានភាពជាក់ស្តែងនោះ មិនអាច​ត្រូវ​បាន​យកមកធ្វើជាមូលដ្ឋានសម្រាប់អះអាងសិទ្ធិលើទឹកដី ឬរំលោភបំពានលើអធិបតេយ្យភាព និងបូរណ​ភាព​ទឹកដីរបស់ប្រទេសមួយផ្សេងទៀតបានឡើយ។

ដូច្នេះ ដំណើររបស់លោក Anutin ទៅកាន់អានសេះ មិនអាចដោយខ្លួនឯងទៅកំណត់ថា តំបន់នោះជា​របស់​ថៃ ឬផ្លាស់ប្តូរជំហររបស់កម្ពុជាឱ្យទទួលស្គាល់បានឡើយ។ ប៉ុន្តែវាអាចក្លាយជាផ្នែក​មួយនៃកំណត់​ត្រានយោបាយ និងប្រវត្តិនៃវិវាទនេះ ហើយវាជាហេតុផលគ្រប់គ្រាន់សម្រាប់កម្ពុជាក្នុងការបង្ហាញ​ការមិន​យល់ព្រមរបស់ខ្លួនឱ្យបានច្បាស់។

ប្រសិនបើថៃពិតជាចង់បង្ហាញថាខ្លួនគោរពសន្តិភាព និងគោរពទំនាក់ទំនងល្អជាមួយកម្ពុជា នោះអ្វី​ដែល​គួរ​បង្ហាញមិនមែនជាការបង្ហាញវត្តមាននៅតំបន់មានវិវាទទេ។ អ្វីដែលគួរបង្ហាញ គឺការអត់ធ្មត់ ការគោរព​ការពិភាក្សា និងការគោរពយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

នៅទីបញ្ចប់ ព្រំដែនមិនគួរត្រូវបានកំណត់ដោយការបង្ហាញខ្លួនរបស់មេដឹកនាំ ឬការបង្ហាញ​កម្លាំងនោះ​ទេ។ ព្រំដែនគួរត្រូវបានដោះស្រាយតាមរយៈឯកសារ ការពិភាក្សា ការយោគយល់ និងការគោរពគ្នា​ទៅវិញ​ទៅមក។
សម្រាប់កម្ពុជា ការការពារទឹកដីរបស់ខ្លួន មិនមានន័យថា កម្ពុជាត្រូវស្វែងរកជម្លោះនោះឡើយ។ វាមាន​ន័យថា កម្ពុជាឈរយ៉ាងរឹងមាំលើគោលជំហររបស់ខ្លួន ការពារអធិបតេយ្យភាព និងបូរណភាព​ទឹកដី​របស់​ខ្លួន ខណៈដែលនៅតែបើកទ្វារចំហរសម្រាប់ការចរចា និងដំណោះស្រាយដោយសន្តិវិធី៕

ដោយ៖ ពិន វិជ័យ