ញត្តិគាំទ្រពីគ្រប់មជ្ឈដ្ឋាន៖ សក្ខីភាពនៃមហាសាមគ្គីជាតិខ្មែរដើម្បីការពារមាតុភូមិកម្ពុជា
ក្នុងពេលដែលជាតិ និងមាតុភូមិកម្ពុជាកំពុងប្រឈមនឹងបញ្ហាដ៏សំខាន់មួយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ប្រជាជាតិខ្មែរទាំងមូលបាននិងកំពុងបង្ហាញនូវស្មារតីរួបរួមគ្នាយ៉ាងរឹងមាំ ក្រោមទង់ជាតិតែមួយ ព្រះមហាក្សត្រតែមួយ និងមាតុភូមិតែមួយ។ ការរួបរួមនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការញត្តិគាំទ្រយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋាន ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ ដើម្បីដោះស្រាយវិវាទតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។
ការសម្រេចចិត្តនេះ មិនមែនជាជំហាននៃការប្រឈមមុខ ឬការបង្កជម្លោះនោះទេ ប៉ុន្តែជាការជ្រើសរើសផ្លូវសន្តិភាព ផ្លូវច្បាប់ និងផ្លូវការទូត ដើម្បីការពារសិទ្ធិ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ជាតិ។ វាបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជំនួសឱ្យការប្រើប្រាស់ ឬការគំរាមប្រើប្រាស់កម្លាំង។
អ្វីដែលគួរឱ្យមោទនភាពជាងនេះ គឺស្ថាប័នកំពូលៗរបស់ជាតិ រួមមាន ព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងស្ថាប័នរដ្ឋ អង្គការសង្គម សមាគម វិស័យឯកជន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានចេញសេចក្តីថ្លែងការណ៍ និងញត្តិគាំទ្រជាបន្តបន្ទាប់។ ការគាំទ្រទាំងនេះបានឆ្លុះបញ្ចាំងពីការជឿជាក់លើជំហររបស់រាជរដ្ឋាភិបាល និងការយល់ឃើញរួមថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏ត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់ចំពោះអនាគតជាតិ។
ការរួបរួមគ្នារបស់ស្ថាប័នជាតិ និងកម្លាំងស្នេហាជាតិគ្រប់មជ្ឈដ្ឋាន បានផ្ញើសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាមិនមែនកំពុងឈរត្រឹមតែជារដ្ឋាភិបាលមួយប៉ុណ្ណោះទេ ប៉ុន្តែកំពុងឈរក្នុងនាមជាប្រជាជាតិខ្មែរទាំងមូល។ នៅពេលដែលបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ត្រូវបានលើកឡើង គេឃើញយ៉ាងច្បាស់នូវស្មារតីរួបរួមគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ មិនប្រកាន់ភាពខុសគ្នា និងមិនបែងចែកក្រុមណាមួយឡើយ ព្រោះគ្មានអ្វីអាចស្ថិតនៅលើសឧត្តមប្រយោជន៍របស់ជាតិ និងមាតុភូមិបាននោះទេ។
ប្រវត្តិសាស្ត្របានបង្ហាញជាច្រើនលើកច្រើនសារហើយថា កម្លាំងដ៏ធំបំផុតរបស់ជាតិខ្មែរ មិនមែនស្ថិតនៅលើអាវុធ ឬទ្រព្យសម្បត្តិនោះទេ ប៉ុន្តែស្ថិតនៅលើការសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជនខ្មែរទៅវិញទេ។ គ្រប់ដំណាក់កាលដែលកម្ពុជាអាចការពារឯករាជ្យភាព អធិបតេយ្យភាព និងអត្តសញ្ញាណជាតិបាន គឺដោយសារកម្លាំងនៃការរួបរួមជាតិ។ ផ្ទុយទៅវិញ រាល់ពេលដែលជាតិធ្លាក់ចូលក្នុងភាពបែកបាក់ នោះហើយជាពេលដែលផលប្រយោជន៍ជាតិរងការគំរាមកំហែង។
ដូច្នេះ ក្នុងពេលវេលាដ៏សំខាន់នេះ ការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល មិនមែនជាការគាំទ្របុគ្គល ឬគណបក្សនយោបាយណាមួយឡើយ ប៉ុន្តែជាការគាំទ្រចំពោះគោលការណ៍ការពារជាតិ ការពារទឹកដី និងការពារផលប្រយោជន៍រួមរបស់ប្រជាជាតិខ្មែរ។ វាគឺជាការបង្ហាញថា ខ្មែរគ្រប់រូប ទោះរស់នៅក្នុង ឬក្រៅប្រទេសក្តី អាចរួមគ្នាក្រោមគោលដៅតែមួយ គឺការពារជាតិមាតុភូមិ និងធានាឱ្យកូនចៅជំនាន់ក្រោយទទួលបាននូវមរតកជាតិដ៏ពិសិដ្ឋនេះដោយគង់វង្ស។
ថ្ងៃនេះ យើងអាចមានទស្សនៈខុសគ្នាលើបញ្ហាជាច្រើន ប៉ុន្តែយើងមានចំណុចរួមតែមួយដែលមិនអាចបំបែកបាន គឺក្តីស្រឡាញ់ចំពោះកម្ពុជា និងការប្តេជ្ញាចិត្តការពារអធិបតេយ្យភាពជាតិរបស់យើងទាំងអស់គ្នា។
ខ្មែរតែមួយ បេះដូងតែមួយ ឆន្ទៈតែមួយ !!!
រួមគ្នាការពារអធិបតេយ្យភាពជាតិ រួមគ្នាការពារមាតុភូមិកម្ពុជា និងរួមគ្នាថែរក្សាកេរដំណែលដ៏ពិសិដ្ឋនេះ សម្រាប់កូនចៅខ្មែរគ្រប់ជំនាន់តទៅមុខ៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ




