គ្រាន់តែលក់អាវរបស់ Ronaldo ប៉ុន្មានថ្ងៃ ក៏អាចឲ្យ Juventus រួចដើមវិញបានដែរ
Juventus បានចំណាយលុយមហិមាទិញយក Cristiano Ronaldo ពី Real Madrid តម្លៃ១០០លានអឺរ៉ូ បើទោះជាមានវ័យរហូត៣៣ឆ្នាំទៅហើយក្ដី។
កាលពីថ្ងៃអង្គារ មានការភ្ញាក់ផ្អើលពីព័ត៌មានដែលថា ម្ចាស់ពាន Ballon d’Or ៥សម័យកាលបានផ្ដាច់ចំណង៩ឆ្នាំជាមួយ Real Madrid ដោយចុះកុងត្រាលេង៥ឆ្នាំជាមួយក្លឹបជើងឯកអ៊ីតាលី ហើយទទួលថ្លៃនឿយហត់កប់ពពកជាង៣០លានផោនក្នុង១ឆ្នាំ។
ទោះចំណាយច្រើនលើប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ តែ Juventus ចាប់ផ្ដើមរកចំណូលបានវិញមិនស្ទើរ ពីការទិញដូរនេះ។ ប្រភពពី Yahoo អះអាងថា ២៤ម៉ោងក្រោយប្រកាសទិញបាន Ronaldo អាវ Juventus លេខ៧ លក់ដាច់ប្រមាណ ៥២០០០០អាវ ដោយក្នុង១អាវថ្លៃ ១០៥អឺរ៉ូ ដូច្នេះក្លឹបរកចំណូលបានវិញ ៥៥លានអឺរ៉ូ មានន័យថាជាងពាក់កណ្ដាលហើយ។
ក្រៅពីផ្នែកហិរញ្ញវត្ថុ បើមើលទៅលើបណ្ដាញសង្គមវិញទំព័រ Instagram ក្រុម Juventus កើនអ្នក Follow ចំនួន ១,៤លានគណនី, Twitter កើន ១,១លាន និង Facebook កើន៥សែន Like ត្រឹម២៤ម៉ោងក្រោយការប្រកាសទិញបាន Ronaldo ប៉ុណ្ណោះ៕