ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលេីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា: វិស័យដឹកជញ្ជូន និងឡូជីស្ទីក។
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព ហើយតាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាអាទិភាពចំពោះការធានាឱ្យបាននូវបរិយាកាសអំណោយផល, ភាពប្រកួតប្រជែង, ភាពរីកចម្រើន, និងភាពជោគជ័យរបស់វិស័យឯកជន ដែលកំពុងតែមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការអាជីវកម្មសម្រាប់ពេលអនាគត របស់ក្រុមហ៊ុន។