ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) នៅចុងឆ្នាំ២០២៤

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 93

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ឆ្នាំ២០២៤ ព្រមទាំងការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌លើកទី២ នៅចុងឆ្នាំ២០២៤នេះផងដែរ។ ការបញ្ជាក់បែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្របពេលដែលសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេច និងនាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាគ្នាដោយផ្តោតសំខាន់លើផ្នែកសក្តានុពល វិធានការ និងយន្តការក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគីសំដៅជំរុញបន្ថែមទៀត លើកំណើនសេដ្ឋកិច្ច សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរួម។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងកំឡុងកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ CLV ឆ្នាំ២០២៤ នឹងមានជំនួបប្រជុំរដ្ឋមន្ត្រីការពារជាតិ CLV ព្រមទាំងការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជំនួយមនុស្សធម៌លើកទី២ នៅចុងឆ្នាំ២០២៤ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជា បានគាំទ្រទាំងស្រុងដល់ប្រទេសឡាវ ជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៤។ ចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះកម្ពុជា សូមចូលរួមជាមួយរដ្ឋាភិបាលឡាវ នូវថវិកាចំនួន ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាផងដែរ៕

អត្ថបទទាក់ទង