ក្រុមយុវជនខ្មែរ១០០រាត្រី ថ្កោលទោស អេឡិច និងវិទ្យុអាស៊ីសេរី ដែលជំរុញឱ្យយុវជន១០រូប ជាប់ទោសពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ដើម្បីតែប្រយោជន៍នយោបាយរបស់ខ្លួន
ក្រុមយុវជនខ្មែរ១០០រាត្រី បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស អេឡិច និងវិទ្យុអាស៊ីសេរី ដែលបានជំរុញយុវជនខ្មែរ ១០រូប ជាប់ទោសពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន។
តាមរយៈសេចក្ដីថ្លែងការណ៍ ក្រុមយុវជន១០០រាត្រី បានសម្តែងការឈឺចាប់ និងសោកស្តាយ ក្រោយពេលយុវជន១០រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ យុវជន១០០រាត្រី បានចាត់ទុកការទទួលរងទោសទណ្ឌរបស់យុវជនទាំង១០រូបនេះ ព្រោះតែចាញ់កលអុជអាលញុះញង់ និងអូសទាញរបស់លោក Gonzalez Davidson Alejandro ហៅ អេឡិច ជនជាតិអេស្ប៉ាញ និងវិទ្យុអាស៊ីសេរី ដែលបញ្ជាពួកគេឱ្យធ្វើរឿងខុសច្បាប់បម្រើមហិច្ឆតាពិសពុលរបស់ពួកគេ។
ក្រុមយុវជន១០០រាត្រី បានអះអាងថា យោងតាមការសិក្សាស្រាវជ្រាវរបស់ពួកគេរកឃើញថា ទិសដៅគោលបំណងរបស់ អេឡិច បានធ្វើរឿងជាច្រើនដើម្បីឱ្យកើតរឿងអវិជ្ជមានក្នុងសង្គម។ គ្រប់ចេតនារបស់ អេឡិច ទាំងអស់ គឺចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមរយៈសកម្មភាពយុវជន អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង វិទ្យុអាស៊ីសេរី ដែលតែងតែញុះញង់ប្រជាពលរដ្ឋ លាបពណ៌រដ្ឋាភិបាល បង្កើតរូបភាពអវិជ្ជមានជាអាទិ៍។
យុវជន១០០រាត្រី អះអាងទៀតថា ក្រោយតុលាការសម្រេចចោទប្រកាន់យុវជនទាំង១០រូបតាមផ្លូវច្បាប់ អេឡិច វិទ្យអាស៊ីសេរី លោក សម រង្ស៊ី បានសម្តែងការសប្បាយចិត្តលើជ័យជម្នះ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាត្រូវបាន ពិភពលោកស្អប់ខ្ពើម និងទទួលបានជំនួយក្រោមរូបជួយសង្គមជាតិ និងជួយយុវជនរងគ្រោះទាំង១០រូប៕