លិខិតមិត្តអ្នកអាន៖ តើហេតុអ្វីពួកប្រឆាំងជ្រុលនិយម បន្តរិះគន់ដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន?
ដំណើរទស្សនកិច្ចទៅកាន់ទិសឦសានជើងទី១ តាមផ្លូវក្រវ៉ាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កាលពីថ្ងៃសៅរ៍ទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានទស្សនានៅទីតាំងជាក់ស្តែង ដែលមានបង្គោលព្រំដែនរឹងមាំ រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។ ជាមួយគ្នានេះពលរដ្ឋក៏បានឃើញផ្លូវក្រវាត់ព្រំដែន និងជាពិសេសបានឃើញពីការអភិវឌ្ឍន៍ពិតប្រាកដ នៅតាមតំបន់ព្រំដែន និងទិដ្ឋភាពពលរដ្ឋខ្មែរដែលតាំងទីលំនៅជាក់ស្តែង គឺមិនដូចការចោទប្រកាន់ថាសុទ្ធតែយួន ចេញចូលដោយសេរីនោះទេ។ បើទោះបីជាដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលរៀបចំឡើងក្នុងគោលដៅបង្ហាញការពិតជូនជនរួមជាតិ និងប្រជាពលរដ្ឋអំពីស្ថានភាពនៅតំបន់ព្រំដែនក្តី ប៉ុន្តែដំណើរទស្សនកិច្ចតាមតំបន់ព្រំដែននេះ ត្រូវបានមជ្ឈដ្ឋានប្រឆាំងជ្រុលនិយម ធ្វើការវាយប្រហារថាជាឆាកល្ខោនសម្តែងទៅវិញ។
តើហេតុអ្វីបានជាអ្នកនយោបាយប្រឆាំង រួមជាមួយអ្នកវិភាគឡប់ឡែនិងវិទ្យុអគតិ បន្តរិះគន់ដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន? ចម្លើយនោះគឺមិនពិបាកយល់នោះទេ ខាងក្រោមនេះគឺជាមូលហេតុចម្បងមួយចំនួន ដែលធ្វើឱ្យក្រុមប្រឆាំងរិះគន់វាយប្រហារ ជុំវិញដំណើរទស្សនៈកិច្ចទៅព្រំដែនរបស់ពលរដ្ឋ៖
ទី១- ពួកប្រឆាំងភ័យខ្លាចប្រជាពលរដ្ឋដឹងពីការពិតអំពីបញ្ហាព្រំដែន ព្រោះប្រសិនណាជាប្រជាពលរដ្ឋនាំគ្នា ធ្វើដំណើរទៅទស្សនកិច្ចនៅព្រំដែនកាន់តែច្រើន គឺពួកគាត់ហ្នឹងយល់ដឹងអំពីបញ្ហាព្រំដែននេះកាន់តែច្បាស់ ដែលធ្វើឱ្យពួកប្រឆាំងបោកប្រាស់ លែងបាន។ ប្រជាពលរដ្ឋនឹងមើលឃើញពីភាពរឹងមាំ និងច្បាស់លាស់របស់បង្គោលព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដែលមានទាំង បង្គោលមេ បង្គោលបំពេញបន្ថែម និងបង្គោលតម្រុយ។ បង្គោលព្រំដែនត្រូវបានបោះដោយ រឹងមាំ និងច្បាស់លាស់ ខុសពីការប្រឌិតបំភ្លៃរបស់អ្នកនយោបាយ និងអ្នកវិភាគឡប់ឡែមួយចំនួន ដែលបន្ទរដោយវិទ្យុនិន្នាការប្រឆាំង ដែលតែងតែចោទប្រកាន់ថា បង្គោលព្រំដែនត្រូវបានរំកិល ឬបង្គោលព្រំដែនចេះដើរជាដើម។
ទី២- ពួកប្រឆាំង មិនចង់ឱ្យប្រជាពលរដ្ឋមើលឃើញពីការអភិវឌ្ឍន៍ជាក់ស្តែងនៅតំបន់ព្រំដែននោះទេ ព្រោះបើពលរដ្ឋទៅនឹងមើលឃើញសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន ជាពិសេសការជួបផ្ទាល់ជាមួយសាក្សីរស់ ដែលប្រកបរបរចិញ្ចឹមជីវិត និងរស់នៅតំបន់ព្រំដែនផ្ទាល់។ រូបភាពប្រជាពលរដ្ឋទៅទស្សនកិច្ចតំបន់ព្រំដែន ត្រូវបានផ្សព្វផ្សាយព្រោងព្រាត ដោយពួកគាត់បានបង្ហាញក្តីសប្បាយរីករាយជាមួយនិងការប្រឹងប្រែងអភិវឌ្ឍន៍កសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកំពុងបន្តជំរុញកិច្ចការងារនេះកាន់តែខ្លាំងឡើង។ ចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលគឺប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែជាតំបន់ដាច់ស្រយាល ទៅជាតំបន់អភិវឌ្ឍន៍ មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ទី៣- ក្រុមប្រឆាំងជ្រុលនិយម និងរងភាពអាម៉ាស់ប្រសិនបើប្រជាពលរដ្ឋកម្ពុជា គាំទ្រដំណើរទស្សនៈកិច្ចស្វែងយល់ពីព្រំដែន ព្រោះនេះគឺជាការផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល។ មានន័យថា ការគាំទ្ររបស់ពលរដ្ឋចំពោះបេសកកម្មរបស់រាជរដ្ឋាភិបាលគឺជាការទាត់ចោលនៃពាក្យរិះគន់ ចោទប្រកាន់ មួលបង្កាច់របស់ពួកប្រឆាំង។ ពោលគឺទោះបីពួកគេខំស្រែកបំភ្លៃដដែលៗ បោកប្រាស់ គ្រប់រូបភាព ប៉ុន្តែពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ នៅតែរើសនៅខាងរាជរដ្ឋាភិបាលស្របច្បាប់ ហើយនយោបាយប្រជាភិថុត របស់ពួកប្រឆាំងក៏ជិតនឹងរលំរលាយជាស្ថាពរដែរ។ ការគាំទ្រនៅក្នុងដំណើរទស្សនកិច្ចទៅតំបន់ព្រំដែននេះ ស្មើនឹងពលរដ្ឋបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដោយហ៊ាននាំពលរដ្ឋទៅដល់តំបន់ព្រំដែនដើម្បីបង្ហាញការពិតដោយគ្មានលាក់លៀម និងដើម្បីជម្រះមន្ទិលសង្ស័យដែលក្រុមប្រឆាំងចេះតែចោទប្រកាន់គ្មានការពិត ដោយរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិឱ្យគង់វង្ស។
ប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារអធិបតេយ្យជាតិ ហើយក៏នឹងមិនធ្វើឱ្យបាត់បង់ទឹកដីកម្ពុជាសូម្បី១មីល្លីម៉ែត្រដែរ។ តាំងពីដំណាក់កាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពលរដ្ឋបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលដ៏ធំធេង ដែលកើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិមាតុភូមិ គឺគ្មានពាក្យថារួញរានោះឡើយ៕
ដោយ តាំង ករុណា