ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយក CSX: ការទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងជួយជំរុញសកម្មភាពជួញដូរមូលភាគហ៊ុន ឲ្យល្អប្រសើរឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 257
អគ្គនាយក CSX: ការទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងជួយជំរុញសកម្មភាពជួញដូរមូលភាគហ៊ុន ឲ្យល្អប្រសើរឡើងវិញ អគ្គនាយក CSX: ការទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងជួយជំរុញសកម្មភាពជួញដូរមូលភាគហ៊ុន ឲ្យល្អប្រសើរឡើងវិញ

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានរំពឹងថា ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងជំរុញឲ្យសកម្មភាពជួញដូរមូលបត្រកម្ពុជា មានកំណើនល្អប្រសើរឡើងវិញ ខណៈឆ្នាំ២០២០កន្លងទៅ ការជួញដូរមូលបត្រកម្ពុជា ធ្លាក់ចុះជិត២០ភាគរយ។

លោក ហុង សុហួរ បានឲ្យដឹងថា ព្រឹត្តិការណ៍ការ «សហគមន៍២០កុម្ភៈ» ពិតជាបង្កក្ដីរំខានមែនទែន ប៉ុន្ដែការងារនៃវិស័យមូលបត្រកម្ពុជា នៅតែបន្ដដំណើរការទៅមុខ ពិតមែនថា រអាក់រអួល ប៉ុន្ដែនៅតែបន្ដដំណើរការ ហើយរំពឹងថា ឆ្នាំនេះនឹងមានក្រុមហ៊ុនមកចុះបញ្ជី ក្នុងរយៈពេល ២-៣ខែខាងមុខនេះ។

លោកថា ក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារំពឹងថា មានក្រុមហ៊ុនចំនួន៥ មកចុះបញ្ជី។

លោកបានបន្ថែមថា៖

«ជាការរំពឹងទុករបស់ខ្ញុំ ចំពោះការចូលមកដល់នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស្ថានភាពនៃការជួញដូរមូលបត្រ នឹងប្រសើរឡើងវិញ ក្នុងចន្លោះ១-២ខែ យ៉ាងយូរ៣ខែខាងមុខនេះ យើងរំពឹងថា សកម្មភាពជួញដូរនៅទីផ្សារមូលបត្រ នឹងបន្ដដំណើរការរលូនជាងនេះ និងសម្រេចគោលដៅក្រុមហ៊ុន៥ មកចុះបញ្ជីក្នុងឆ្នាំ២០២១»

លោក ហុង សុហួរ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ការជួញដូរទីផ្សារមូលបត្រ ពិតជាទទួលរងផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ-១៩។ កាលពីឆ្នាំ២០១៩ ការជួញដូរមានការកើនឡើងខ្លាំង គិតជាមធ្យមការជួញដូរកើនឡើងដល់១៥-១៦ម៉ឺនដុល្លារក្នុងមួយថ្ងៃ ប៉ុន្ដែក្នុងឆ្នាំ២០២០នេះ ថយចុះមកត្រឹម១២-១៣ម៉ឺនដុល្លារប៉ុណ្ណោះ។

លោក ហុង សុហួរ បានបន្ដថា៖

«នៅដើមឆ្នាំ២០២០នៅកម្ពុជា បានផ្ទុះឡើងនៃជំងឺកូវីដ-១៩ ធ្វើឲ្យសកម្មភាពជួញដូរមានការថមថយ ដែលបង្កជាក្ដីបារម្ភខ្លាំងមែនទែន សម្រាប់វិស័មូលបត្រ ព្រោះថា សកម្មភាពស្ងប់ស្ងាត់ ធ្វើឲ្យការជួញដូរបន្ដថយចុះ។ ប៉ុន្ដែមិនដូចក្ដីបារម្ភទាំងស្រុងទេ ក្នុងឆ្នាំ២០២០នេះ ការធ្លាក់ចុះមានតិចតួច ពោលធ្លាក់ចុះក្រោម២០ភាគរយនៃទំហំជួញដូរ ធ្វើឲ្យការជួញដូរ មកនៅត្រឹមតែ១២-១៣ម៉ឺនដុល្លារ ក្នុងនោះថ្លៃភាគហ៊ុនក៏ធ្លាក់ចុះបន្ដិចផងដែរ តែការធ្លាក់ចុះនេះទាបជាក្ដីបារម្ភ»

លោកថា សកម្មភាពជួញដូរ ក្នុងឆ្នាំ២០២០ មានសភាពគ្រាន់បើ ដោយក្នុងនោះមានសាធារណជនចន្លោះ២០០-៣០០នាក់ មកបើកគណនីជួញដូរ។ មួយវិញទៀត មានក្រុមហ៊ុនចុះបញ្ជីចំនួន៥ ហើយនេះជាប្រវត្តិសាស្រ្ដរបស់ក្រុមហ៊ុនផ្សារមូលបត្រ ដែលមានក្រុមហ៊ុនចុះបញ្ជីចំនួន៥ មកចុះបញ្ជីដោយក្នុងនោះ ២ក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុន និង៣ក្រុមហ៊ុន ចុះបញ្ជីជាសញ្ញាបណ្ណ៕ Fresh News