ខ្មែរប៉ុស្ដិ៍ Close

កីឡាករ Nikola Kalinic រត់ចោលសមរភូមិនៅរុស្ស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨ កីឡា - សុខភាព 36
កីឡាករ Nikola Kalinic រត់ចោលសមរភូមិនៅរុស្ស៊ី កីឡាករ Nikola Kalinic រត់ចោលសមរភូមិនៅរុស្ស៊ី

កីឡាករខ្សែប្រយុទ្ធ Nikola Kalinic របស់ក្រុមជម្រើសជាតិក្រូអាស៊ី ត្រូវបានបញ្ជូនត្រឡប់មកផ្ទះវិញហើយ បន្ទាប់ពីគាត់បដិសេធមិនចូលជំនួស អំឡុងពេលប្រកួតឈ្នះនីហ្សេរីយ៉ា ដោយលទ្ធផល២ទល់នឹង០ ថ្ងៃបើកឆាកដំបូង។

Kalinic បានក្លាយជាកីឡាករទី១ ដែលបានវិលត្រឡប់មកមាតុភូមិវិញមុនគេ។

កីឡាករវ័យ៣០ឆ្នាំរូបនេះ មិនអាចបន្តការប្រកួតបានដោយសាររបួសឆ្អឹងខ្នងចាស់រើឡើងវិញ ចាំបាច់ត្រូវវិលត្រឡប់មកស្រុកកំណើតសម្រាកព្យាបាល។

ក្រុមជម្រើសជាតិក្រូអាស៊ី នៅសល់តែកីឡាករ២២នាក់ប៉ុណ្ណោះ នៅប្រទេសរុស្ស៊ី។

ខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់អ៊ីតាលី Milan ធ្លាប់ត្អូញត្អែរពីបញ្ហារបួសឆ្អឹងខ្នង តាំងពីប្រកួតមិត្តភាពជាមួយប្រេស៊ីល មកម៉្លេះ។

លោក Zlatko Dali គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាស៊ី បាននិយាយថា ខ្ញុំត្រូវការឱ្យកីឡាកររបស់ខ្ញុំសម្រាកឱ្យបានជាសះស្បើយ។

កីឡាកររូបនេះបង្ហាញវត្តមានឱ្យក្រុមជម្រើសបានចំនួន៤១លើក និងស៊ុតបាល់បាន១៥គ្រាប់។ កាលពីរដូវកាលកន្លងទៅ គេបានមកលេងឱ្យក្លឹប Milan ក្នុងលក្ខណៈខ្ចីជើងពីក្លឹប Fiorentina។ នៅជាមួយក្លឹបនេះ ស៊ុតបាល់បាន៦គ្រាប់ ក្នុង៤១ប្រកួត។

កីឡាករ៥រូបដែលបានត្រឡប់វិលត្រឡប់ មកស្រុកកំណើតមុនគេប្រកួតបាល់ទាត់ពិភពលោក កន្លងមក ៖

  • ១-កីឡាករ Willie Johnston ក្រុមជម្រើសជាតិស្កុតឡែន ត្រូវបានបញ្ជូនត្រឡប់មកស្រុកវិញ កាលពីឆ្នាំ១៩៧៨ ដោយសារមានសារធាតុញៀន។
  • ២-កីឡាករ Roy Keane ក្រុមជម្រើសជាតិអៀរឡង់ ត្រូវបានបញ្ជូនត្រឡប់មកស្រុកវិញ កាលពីឆ្នាំ២០០២ ដោយសារមានជម្លោះជាមួយគ្រូបង្វឹក រឿងការរៀបចំហ្វឹកហាត់។
  • ៣-កីឡាករ ម៉ារ៉ាដូណា ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានបញ្ជូនត្រឡប់មកស្រុកវិញ កាលពីឆ្នាំ១៩៩៤ ដោយសារមានសារធាតុញៀន។
  • ៤-កីឡាករ Nicolas Anelka ក្រុមជម្រើសជាតិបារាំង ត្រូវបានបញ្ជូនត្រឡប់មកស្រុកវិញ កាលពីឆ្នាំ២០១០ ដោយសារមានជម្លោះជាមួយគ្រូបង្វឹក។
  • ៥-កីឡាករ Zlatko Zahovic ក្រុមជម្រើសជាតិស្លូវេនី ត្រូវបានបញ្ជូនត្រឡប់មកស្រុកវិញ កាលពីឆ្នាំ២០០២ ដោយសារមានជម្លោះជាមួយគ្រូបង្វឹក៕

ប្រភព៖ នគរធំ