ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម កើត រិទ្ធ ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 47

(ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងយុត្តិធម៌ទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើស ជាអនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងភារកិច្ចថ្មី ជាអនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានក្តីសង្ឃឹម និងជាជឿជាក់ថា ឯកឧត្តម នឹងចូលរួមចំណែកដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង