ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 72

ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ហើយកាលណាយើងនិយាយពីការកែទម្រង់អភិបាលកិច្ច គឺយើងត្រូវគិតដល់ការកែទម្រង់ផ្នែកគ្រប់គ្រងស្ថាប័ន ប្រព័ន្ធថវិកា ក្របខណ្ឌគតិយុត្តិ និងធនធានមនុស្សជាកញ្ចប់តែមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកែទម្រង់ក៏សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តន៍សិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ ការគ្រប់គ្រង និងការចាត់ចែងកិច្ចការប្រទេសជាតិ ពិសេសការធានានិរន្តរភាពនៃតួនាទីដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន ព្រមជាមួយការកសាងជាតិ និងការពង្រឹងនីតិរដ្ឋសំដៅគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ននិងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ត្រូវបានរំលេចច្បាស់រួចហើយនៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្រ្ត និងគោលនយោបាយតាមវិស័យនានា ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងរបស់គណៈរដ្ឋមន្រ្តី នីតិកាលទី៧នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង