ខ្មែរប៉ុស្ដិ៍ Close

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ទទួលមរណភាព នៅអាយុ ១០០ឆ្នាំ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 28
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ទទួលមរណភាព នៅអាយុ ១០០ឆ្នាំ Former U.S. Secretary of State Henry Kissinger arrives for a memorial service for late Social Democratic senior politician Egon Bahr at St. Mary's Church in Berlin, Germany, September 17, 2015. Egon Bahr, an eminent German Social Democrat who with late Chancellor Willy Brandt forged a policy of rapprochement with Communist Eastern Europe known as "Ostpolitik" during the Cold War, died at the age of 93 on August 20, 2015. REUTERS/Fabrizio Bensch - RTS1J4M

(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជ័យលាភីពានរង្វាន់ណូបែល លោក Henry Kissinger បានទទួលមរណភាពហើយ នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកានេះ (ម៉ោងក្នុងតំបន់) ក្នុងអាយុ ១០០ឆ្នាំ នៅឯគេហដ្ឋានរបស់លោក ក្នុងរដ្ឋ Connecticut។ នេះបើតាម សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រុមហ៊ុន Kissinger Associates ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន Kissinger Associates បានគូសបញ្ជាក់ដូច្នេះថា «លោក Henry Kissinger ដែលជាបញ្ញវន្ត និងជារដ្ឋបុរស អាមេរិកដ៏គួរឱ្យគោរពម្នាក់ បានទទួលមរណភាពហើយនៅថ្ងៃនេះ (ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា) នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋ Connecticut។

លោក Kissinger ដែលជាម្ចាស់ជ័យលាភីពានរង្​វាន់ណូបែលសន្តិភាពផងនោះ មានឈ្មោះដើមថា Heinz Alfred Kissinger។ លោកកើតក្នុង ទីក្រុង Furth ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩២៣ ហើយលោកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារ ក្នុងឆ្នាំ១៩៣៨ មុននឹងរបបណាហ្ស៉ីចាប់ផ្ដោតយុទ្ធនាការបោសសម្អាតជនជាតិជីហ្វ។ បន្ទាប់ពីបានលែងលះជាមួយភរិយាទីមួយ គឺលោកស្រី Ann Fleischer ក្នុងឆ្នាំ១៩៦៤ លោកបានរៀបការជាមួយលោកស្រី Nancy Maginnes ដែលជាជំនួយការម្នាក់របស់អតីតអភិបាលរដ្ឋញូវយ៉ក លោក Nelson Rockefeller នៅឆ្នាំ១៩៧៤។ លោក Kissinger មានកូន២នាក់ជាមួយប្រពន្ធដើម។

លោក Kissinger ទទួលបានសញ្ជាតិអាមេរិកនៅក្នុងឆ្នាំ១៩៤៣ និងបានបម្រើការក្នុងជួរកងទ័ពក្នុងសង្រ្គាមលោកលើកទី២។ លោកបានចូល រៀននៅសាកលវិទ្យាល័យ Harvard University ដោយទទួលបានអាហារូបករណ៍ និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតមួយនៅឆ្នាំ១៩៥២ និង បណ្ឌិតនៅឆ្នាំ១៩៥៤។ ក្រោយអតីតប្រធានាធិបតីអាមេរិក លោក Nixon ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុង ឆ្នាំ១៩៦៨ លោក Kissinger ត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំទៅរកការបិទបញ្ចប់ សង្រ្គាមវៀតណាម។

ក្នុងឆ្នាំ១៩៧២ លោក Kissinger បានប្រកាសថាសន្តិភាពនៅវៀតណាម កំពុងស្ថិតនៅក្នុងដៃ ប៉ុន្តែរហូតដល់ឆ្នាំ១៩៧៣ ទើបកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅខែមករា ឆ្នាំ១៩៧៣។ ក្នុងឆ្នាំ១៩៧៣នេះដែរ លោក Kissinger ត្រូវបានតែងតែជា រដ្ឋមន្ត្រីការបរទេសអាមេរិក បន្ថែមពីលើមុខនាទីជាទីប្រឹក្សាសន្តិសុខជាតិ៕

Former U.S. Secretary of State Henry Kissinger arrives for a memorial service for late Social Democratic senior politician Egon Bahr at St. Mary’s Church in Berlin, Germany, September 17, 2015. Egon Bahr, an eminent German Social Democrat who with late Chancellor Willy Brandt forged a policy of rapprochement with Communist Eastern Europe known as “Ostpolitik” during the Cold War, died at the age of 93 on August 20, 2015. REUTERS/Fabrizio Bensch – RTS1J4M