ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឱ្យកុមារទទួលបានការសិក្សាល្អ គេត្រូវបណ្តុះការរៀនសូត្ររបស់ពួកគេតាំងពីមត្តេយ្យសិក្សា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 60
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឱ្យកុមារទទួលបានការសិក្សាល្អ គេត្រូវបណ្តុះការរៀនសូត្ររបស់ពួកគេតាំងពីមត្តេយ្យសិក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឱ្យកុមារទទួលបានការសិក្សាល្អ គេត្រូវបណ្តុះការរៀនសូត្ររបស់ពួកគេតាំងពីមត្តេយ្យសិក្សា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំយកចិត្តទុកដាក់ទៅលើសុខុមាលភាព និងការអប់រំរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយត្រូវគិតគូរតាំងពីដើមទី។ ជាក់ស្ដែង ការថែទាំសុខភាពត្រូវគិតតាំងពីមុនកើត ពេលកើត និងនៅពេលក្រោយកើត ហើយក្រោយមក គេត្រូវគិតពីការអប់រំ។ ដូច្នេះហើយ ទើបយើងចាំបាច់ត្រូវបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍ឱ្យច្រើន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការស្តីពីកម្មវិធីនយោបាយចំនួន ២ ក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសិក្សារបស់កុមារតូចៗនាពេលកន្លងទៅ ដែលទទួលបានការវាយតម្លៃតាមរយៈក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញឱ្យដឹងថា សិស្សដែលបានចូលរៀននៅបឋមសិក្សា បើសិនជាបានឆ្លងកាត់ការសិក្សានៅមត្តេយ្យសិក្សាមួយជំហានមុន នោះកុមារទាំងនោះនឹងមានភាពងាយស្រួល និងរៀនសូត្រងាយចាប់បាន។ ដូចនេះ ការខិតខំពង្រីកសាលាមត្តេយ្យសិក្សា គឺជាកិច្ចការងារសំខាន់ណាស់ បានន័យថា «រៀន គឺរៀនតាំងពីដំបូងតែម្តង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតរំលេចថា ការបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍ឱ្យបានច្រើន គឺជាការចូលរួមចំណែកយកចិត្តទុកដាក់ទៅលើការថែទាំសុខុមាលភាពកុមារនិងទារក ដែលរួមមានដូចជា ការជួយបំប៉នផ្នែកស្មារតី និងការហូបចុកដែលមានអាហារូបត្ថម្ភ ព្រមទាំងការបង្ហាត់បង្រៀនចំណេះដឹងផ្សេងៗជាច្រើនទៀត៕

 

 

អត្ថបទទាក់ទង