ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ នាំយកស្រូវពូជជិត៧តោន របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ពលរដ្ឋ ១០៨គ្រួសារ នៅខណ្ឌកំបូល

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 61
រដ្ឋបាលរាជធានីភ្នំពេញ នាំយកស្រូវពូជជិត៧តោន របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ពលរដ្ឋ ១០៨គ្រួសារ នៅខណ្ឌកំបូល រដ្ឋបាលរាជធានីភ្នំពេញ នាំយកស្រូវពូជជិត៧តោន របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ពលរដ្ឋ ១០៨គ្រួសារ នៅខណ្ឌកំបូល

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹក រាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរខណ្ឌកំបូល យកចិត្តទុកដាក់ទាំងបណ្ដុះបណ្ដាលបច្ចេកទេស ទាំងការផ្ដល់ទឹក ជូនប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាលបានផ្ដល់គ្រាប់ពូជស្រូវ ជូនពួកគាត់សំដៅធ្វើយ៉ាងណាឲ្យពួកគាត់ អាចបង្កបង្កើនផល រហូតទទួលបានទិន្នផលខ្ពស់។

ការណែនាំបែបនេះរបស់លោក កើត ឆែ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីចែកស្រូវពូជរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ស្ទឹងព្រែកត្នោតចំនួន១០៨គ្រួសារ នៅវត្តទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។

លោក កើត ឆែ បានលើកឡើងថា សម្រាប់មន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវបញ្ជូនមន្ត្រីរបស់ខ្លួន ផ្ដល់បច្ចេកទេសឲ្យបងប្អូនប្រជាពលរដ្ឋ​ រីឯមន្ទីរធនធានទឹក ក៏ត្រូវនៅគិតគូរជាមួយប្រជាពលរដ្ឋផងដែរ ពោលគឺនៅពេលដែលពួកគាត់ មិនមានទឹកធ្វើស្រែ ដើម្បីបង្កបង្កើតផល មន្ទីរត្រូវតែផ្ដល់ទឹកជូន។

ដោយឡែកសម្រាប់អាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌកំបូលវិញ ក៏ត្រូវតែនៅផ្ទាល់ជាមួយប្រជាពលរដ្ឋផងដែរ ខណៈដែលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតអ្វីមួយ អាជ្ញាធរត្រូវជួយពួកគាត់ភ្លាម សំដៅធ្វើយ៉ាងណា ក្រោយពីទទួលបានស្រូវពូជរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នេះហើយ ពួកគាត់អាចយកទៅបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់។

លោក កើត ឆែ បានបន្ថែមទៀតថា «កម្ពុជាមានសន្តិភាពពេញលេញ។ ក្រោមម្លប់សន្តិភាពនេះ យើងអាចធ្វើអ្វីបានគ្រប់យ៉ាង ទាំងការរកស៊ី ជួញដូរ និងការបង្កបង្កើតផលជាដើម។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស»។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា គ្រាប់ពូជស្រូវ ដែលបានផ្តល់ជូនបងប្អូនប្រជាកសិករ ដែលទទួលរង​​ការ​ខូចខា​ត​​ដំណាំស្រូវវស្សា ដោយគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោតចំនួន១០៨គ្រួសារ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន ៦.៦៥០គីឡូក្រាម ជា​អំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្រ្តី​។

លោកបន្តថា ខណ្ឌកំបូល មានផ្ទៃដីបង្កបង្កើនផលស្រូវវស្សាសរុប ១.៧២៤ហិកតា។ ដោយឡែក សង្កាត់បឹងធំមានផ្ទៃដីបង្កបង្កើនផលស្រូវ​វស្សា ចំនួន ៤៧៨ហិកតា នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២​៣ថ្មីៗនេះ​ ទឹកស្ទឹង​ព្រែកត្នោត បានហក់ឡើងដល់កម្ពស់ខ្ពស់បំផុត ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋទទួលរងផលប៉ះពាល់លិចលំនៅឋាន ស្ថិតក្នុងសង្កាត់​ទាំងពីរសរុប ចំនួន ១៦២គ្រួសារ ក្នុងនោះ៖ សង្កាត់បឹងធំ ចំនួន ១៥១គ្រួសារ និងសង្កាត់ប្រទះឡាង ចំនួន ១១គ្រួសារ ព្រមទាំងផ្ទៃដីខូចខាតដំណាំស្រូវវស្សាចំនួន ៥១,៦៨ហិកតា ស្មើនឹង ១០៨គ្រួសារ ស្ថិតក្នុងភូមិចំនួន៥ នៃសង្កាត់បឹងធំ រួមមាន ៖ ភូមិដូនកុក ភូមិខ្ចៅ​ ភូមិអន្លុងស្វាយ ភូមិត្រពាំងក្រសាំង និងភូមិព្រៃតាកែ ហើយប្រជាពលរដ្ឋរងគ្រោះ ទាំង ១០៨គ្រួសារ ក៏ទទួលបានគ្រាប់ពូជស្រូវរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះ៕

 

អត្ថបទទាក់ទង