ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្ថានភាព និងដាក់ចេញវិធានការជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានចុះទៅដល់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្ថានភាពដោយផ្ទាល់ និងរួមគ្នាដាក់ចេញវិធានការជួយពលរដ្ឋរងគ្រោះ។
នាឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការជន់លិចនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់នេះ ដោយសារកាលពីពីរថ្ងៃមុនភ្លៀងបានធ្លាក់ខ្លាំងនៅជួរភ្នំក្រវាញ ហើយទឹកក៏បានលិចនៅស្រុកវាលវែង។ បន្ទាប់ពីភ្លៀងរាំង ទឹកស្រកនៅផ្នែកខាងលើ ទឹកក៏ហូរទាក់មកស្ទឹងពោធិ៍សាត់ និងលិចផ្នែកខ្លះក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃថា ប្រសិនបើមិនមានភ្លៀងធ្លាក់ផ្នែកខាងលើទៀតទេនោះ ស្ថានភាពនៃការជន់លិចក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នឹងធូរស្រាលក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះបីយ៉ាងណា ក្រោមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា រូបលោកផ្ទាល់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តតាមដានស្ថានការណ៍ ហើយដាក់ចេញវិធានការមួយចំនួនបញ្ចៀសផលប៉ះពាល់កុំឱ្យធ្ងន់ធ្ងរ។ ជាពិសេសការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តន៍តាមបទបញ្ជាសម្តេចធិបតីនាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងរដូវវស្សានេះ។
យោងតាមរបាយការណ៍របស់ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបង្កឱ្យឱ្យប៉ះពាល់ចំនួន៤ ក្រុង/ស្រុក រួមមាន៖ ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, ប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន២១ និង៦៩ភូមិ។
យោងតាមរបាយការណ៏បញ្ជាក់ពីឯកឧត្ដមអភិបាលនៃគណះអភិបាលខេត្តបានអោយដឹងថា ផលប៉ះពាល់បឋមរួមមាន៖ ប្រជាពលរដ្ឋចំនួន ៣,៤១០គ្រួសារ ស្មើនឹង២,៧៨៥ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៥៩៨នាក់, ខូចខាតផ្លូវចំនួន៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦កន្លែង, ទំនប់បង្ហៀរទឹក ១កន្លែង, ខូចខាតដំណាំស្រូវចំនួន ៥៤៤.២ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង), ដំណាំឧស្សាហកម្ម ចំនួន ៥៧៤.៥ហិកតា (ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែ ចំនួន៥៤៨ហិកតា(ក្រូចពោធិ៍សាត់, ធូរ៉េន, សាម៉ាវ, តាង៉ែន និងចេក), ជម្លៀសសត្វគោក្របីចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈមួយចំនួន៕