ខ្មែរប៉ុស្ដិ៍ Close

សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ២០១៨-២០១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ២០១៨-២០១៩ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាតចំនួនជិត៤០០នាក់ផងដែរ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតី លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាមកចូលរួមក្នុងអង្គសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ២០១៨-២០១៩ ដើម្បីមានឱកាសបានចូលរួមពិនិត្យវាយតម្លៃឲ្យបានស៊ីជម្រៅ និងឆ្លុះបញ្ចាំងឱ្យឃើញនូវសមិទ្ធផលដែលទទួលបានជោគជ័យក្នុងប្រព័ន្ធផលិតកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយផ្អែកលើបទពិសោធន៍ដែលសម្រេចបានក៏ដូចជាមេរៀនល្អៗ ដែលយើងជួបប្រទះកន្លងមកដើម្បីផ្តល់ជាគំនិត ឆ្លើយតបឱ្យបានស័ក្តិសមបំផុតទៅនឹងបញ្ហាប្រឈម និងដាក់ចេញនូវវិធានការសម្រាប់បង្កើតឡើងនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាក្នុងស្មារតីទទួលខុសត្រូវតាមសមត្ថកិច្ចស្របទៅនឹងគោលនយោ-បាយកំណែទម្រង់ស៊ីជម្រៅ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាល។

អង្គសន្និបានពិនិត្យនិងវាយតម្លៃលើការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ កំណើនសេដ្ឋកិច្ចពិភពលោកមានប្រហែល៣,៧% ជាមួយនឹង កំណើនសេដ្ឋកិច្ចអាស៊ានមានចំនួន៥,៣% សេដ្ឋកិច្ចចិនកើន៦,៨% និងជប៉ុនកើន១,៨%។ ទោះបីយ៉ាងណាក៏ដោយ ក៏កម្ពុជាអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដោយសារការរក្សាបាននូវកំណើនក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត។ គួរកត់សម្គាល់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋា-ភិបាលកម្ពុជា សម្រេចបានតាមការគ្រោងទុកនូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២០ ក៏នៅបន្តកើនប្រហែល៧,១%។

ទន្ទឹមនឹងនេះ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៤,៩% (ថ្លៃបច្នុប្បន្ន) នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៧នេះ។ ដោយឡែក វិស័យឧស្សាហកម្មបានរួមចំណែកប្រមាណ៣២,៩% និងវិស័យសេវាកម្មប្រមាណ៤២,២%។ នាពេលកន្លងមក ការចូលរួមចំណែករបស់វិស័យកសិកម្មមានការប្រែប្រួលពី៣៣,៦%-២៤,៩% ក្នុងចន្លោះឆ្នាំ២០១៣-២០១៧ ដោយសារតែវិស័យឧស្សាហកម្ម សំណង់ និងវិស័យសេវាកម្មមានការកើនឡើង។ ទោះជាយ៉ាងនេះក្តី បើពិនិត្យទៅលើតម្លៃបន្ថែមសរុប គិតតាមតម្លៃបច្ចុប្បន្ននៃវិស័យកសិកម្ម (Agricultural Gross Value Added-GVA) គឺមានការកើនឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៧នេះ ការចូលរួមចំណែកនៃអនុវិស័យក្នុងផលិតផលក្នុងស្រុកសរុប (GDP) រួមមាន៖ ផ្នែកដំណាំ ៥៨,៥% ផ្នែកផលិតកម្មសត្វ១១,២% ផ្នែកជលផល២៣,៥% និងផ្នែកព្រៃឈើ៦,៨%។ ជាការកត់សម្គាល់ផលិតកម្មដំណាំ និងជលផល គឺជាកម្លាំងចលករនាំមុខក្នុងផលិតកម្មកសិកម្ម រីឯផលិតកម្មសត្វ គឺជាមុខព្រួញសំខាន់មួយទៀត ក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ ដែលផ្នែកនេះត្រូវជំរុញអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លាផងដែរ។ ជារួម បើតាមការវាយតម្លៃយើងឃើញថា វិស័យកសិកម្មមានការកើនឡើងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះគឺពី ០,២% នៅឆ្នាំ ២០១៥ ដល់ជិត២% (១,៧៩%) នៅឆ្នាំ២០១៧-២០១៨នេះ។

ទន្ទឹមនឹងនេះអង្គសន្និបាតបានពិនិត្យឃើញថា នៅក្នុងឆ្នាំ២០១៧នេះ ពិតមែនតែអាកាសធាតុមានការប្រែប្រួលខ្លះក៏ដោយ ក៏យើងអាចវាយតម្លៃ បានថា អាកាសធាតុបានអំណោយផលច្រើនដល់ការរីកលូតលាស់ផលដំណាំ ផលត្រីធម្មជាតិ និងធនធានជីវចម្រុះផ្សេងទៀតផងដែរ។ ផ្ទៃដីដាំដុះដំណាំស្រូវសម្រេចបានចំនួន ៣,២១លានហិកតា កើនប្រមាណ ២,៨៣%ធៀបនឹងឆ្នាំ២០១៦។ ផ្ទៃដីប្រមូលផលមានចំនួន ៣,១៩លានហិកតា ក្នុងនោះស្រូវវស្សាមាន២,៦៤ លានហិកតា និងស្រូវរដូវប្រាំងមាន ០,៥៥លានហិកតា។ ទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំង និងវស្សាបានកើនដល់ ៣,២៩៥តោន/ហ.ត ក្នុងនោះទិន្នផលស្រូវវស្សាទទួលបានប្រមាណ ៣,០៥២តោន/ហ.ត និងទិន្នផលស្រូវរដូវប្រាំងទទួលបាន ៤,៤៧តោន/ហ.ត។ បរិមាណផលស្រូវបានកើនឡើងពី ៩,៣៩លានតោន នៅឆ្នាំ២០១៣ ដល់ប្រមាណ ១០,៥១លានតោននៅឆ្នាំ២០១៧-២០១៨នេះ ក្នុងនោះបរិមាណផលស្រូវវស្សាទទួលបាន ចំនួន ៨,០៦២លានតោន និងបរិមាណផលស្រូវរដូវប្រាំងទទួលបាន ២,៤៥លានតោន ពោលគឺកើនប្រហែល ៥,៦១% ធៀបនឹងឆ្នាំ២០១៦ ធ្វើឱ្យអតិរេកស្រូវមានចំនួន ៥,៦លានតោន គិតជាអង្ករស្មើនឹង ៣,៥៦លានតោន គឺកើនប្រមាណ ៨,៦% ធៀបនឹងឆ្នាំ២០១៦។ ការប្រើប្រាស់គ្រឿងយន្ដសម្រាប់ផលិតកម្មកសិកម្មជំនួសកម្លាំងអូសទាញដោយគោ-ក្របីនោះគឺមានការកើនឡើងរហូតដល់ ៩៤,៤២%(ឆ្នាំមុន៩២,២០%)។ រីឯផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្ម ពិនិត្យជារួមឃើញថា បរិមាណផលផលិតកម្មបានកើនពី ១០,៥៤លានតោន នៅឆ្នាំ២០១៣ ដល់ប្រមាណ ១៦,៣៨លានតោននៅឆ្នាំ២០១៧ (កំណើនជាមធ្យមក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះមានប្រមាណ ២,៣៥%)។ ការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើងពី ៤,៧លានតោននៅឆ្នាំ២០១៦ ដល់ ៥,១៣លានតោននៅឆ្នាំ២០១៧។ បរិមាណ អង្ករនាំចេញក្នុងឆ្នាំ២០១៧ ក្នុងក្របខណ្ឌនៃច្រកចេញចូលតែមួយសម្រេចបានចំនួន ៦៣៥ ៦៩៧តោន កើនឡើង ១៧,៣០%ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះ ប្រភេទអង្ករក្រអូបមានចំនួន៦១,៩៩% អង្ករ ស គ្រប់ប្រភេទមានចំនួន ២៤,៦៤% និងអង្ករចំហុយមានចំនួន១៣,៣៧% ដែលបាននាំចេញដោយក្រុមហ៊ុនចំនួន ៨៤ទៅកាន់ទិសដៅ ៦៣ប្រទេសនៅលើសាកលលោក។

ចំពោះផលិតកម្មដំណាំកៅស៊ូធម្មជាតិ នៅឆ្នាំ២០១៧នេះ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៦ ៣៤០ហ.ត ក្នុងនោះក្រុមហ៊ុនកៅស៊ូកសិឧស្សាហកម្មមានសមាមាត្រចំនួន ៦៤,២២% និងកៅស៊ូគ្រួសារមានចំនួន ៣៥,៧៨% បើធៀបទៅនឹងឆ្នាំ២០១៦ សន្ទុះនៃការដាំដុះកៅស៊ូមានការកើនឡើងប្រមាណ ០,៨៣%។ ការនាំចេញកៅស៊ូ សម្រេចបានចំនួន ១៨៨ ៨៣២តោន សើ្មនឹងទឹកប្រាក់ប្រមាណ ២៩៩លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៦ គឺកើនឡើង ៣០,១៤%។

ដោយឡែក ការចិញ្ចឹមសត្វ ក៏ជាផ្នែកមួយសំខាន់នៃសូចនាករគោលដៅដែលសម្រេចបានកំណើន១,៥៤% បើធៀបនឹងឆ្នាំ២០១៦។ ចំនួនសត្វសរុបបានកើនពី ៤២,១៨លានក្បាលនៅឆ្នាំ២០១៦ ដល់ ៤២,៨៣លានក្បាលនៅឆ្នាំ២០១៧ ក្នុងនោះគោកើនឡើង ១,៧៦% ក្របីថយចុះ ២,៨៤% ជ្រូកកើនឡើង ៣,៤៩% និងបក្សីកើនឡើង ១,៤៣%។ ជាការកត់សម្គាល់កន្លងមក ស្ទើរតែគ្រប់គ្រួសារកសិករបានចិញ្ចឹមសត្វក្នុងគោលបំណងផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងគ្រួសារ និងប្រើប្រាស់ជាកម្លាំងអូសទាញ។ ប៉ុន្តែការចិញ្ចឹមក្នុងគោលបំណងបែបនេះបានផ្លាស់ប្តូរបន្តិចម្តងៗ ដោយបានប្តូរបែបផែនផលិតកម្មសម្រាប់តែតម្រូវការក្នុងគ្រួសារទៅជាការចិញ្ចឹមសម្រាប់ធ្វើពាណិជ្ជកម្ម។ ជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ ការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មមានចំនួន ៧៤២ ៧៧១ក្បាលបានកើន ២៤% ច្រើនជាងឆ្នាំ២០១៦។

នៅក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅវិស័យជលផលដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល ដែលបាន សម្រេចលុបឡូត៍នេសាទទាំងអស់ទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ និងធ្វើជាកន្លែងអភិរក្ស ជលផល កំពុងផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងតាមរយៈការនេសាទជាលក្ខណៈគ្រួសារដែលមានប្រជានេសាទប្រមាណ ១,៥លាននាក់កំពុងចូលរួមគិតមកទល់បច្ចុប្បន្ននេះ។ រហូតមកដល់ឆ្នាំ២០១៧នេះ សហគមន៍នេសាទចំនួន ៥១៦សហគមន៍ត្រូវបានបង្កើតឡើង និងមានសមាជិកសរុបចំនួន ៣៣២ ១៦៨នាក់ ក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន ៤៧៥ និងសហគមន៍នេសាទសមុទ្រចំនួន ៤១សហគមន៍។ កន្លែងអភិរក្សជលផលសរុបទូទាំងប្រទេសមានចំនួន ៦៤៤កន្លែង ក្នុងនោះបានបង្កើតថ្មីចំនួន ៥០កន្លែង និងបង្កើតស្រះជម្រកត្រីសហគមន៍បានចំនួន ៨៦៤កន្លែង។ ផលនេសាទទឹកសាបឆ្នាំ២០១៧ អនុវត្តបានចំនួន ៥២៧ ៧៩៥តោន ផលនេសាទសមុទ្រអនុវត្តបាន ១២១ ០២៥តោន ការអភិវឌ្ឍវារីវប្បកម្មទាំងទឹកសាប និងសមុទ្រអនុវត្តបានប្រមាណ ២០៧ ៤៤៣តោន ការកែច្នៃផលនេសាទទឹកសាប និងសមុទ្រសម្រេចបាន ៨២ ៦០០តោន និងការនាំចេញផលនេសាទ ស្រស់ និងកែច្នៃអនុវត្តបាន ១៣ ០០០តោន។ ជារួម ប្រជាជនមានសេចក្តីសោមនស្សរីករាយ និងគាំទ្រជាខ្លាំង ហើយបានចូលរួមអនុវត្តក្នុងការគ្រប់គ្រង ថែរក្សា ការពារធនធានជលផលនៅគ្រប់មូលដ្ឋាន។

ចំពោះការអភិវឌ្ឍសហគមន៍ព្រៃឈើវិញក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ។ មកទល់ពេលនេះចំនួនសហគមន៍ព្រៃឈើបានកើនដល់ ៦១០សហគមន៍ ព្រមទាំងបានបណ្តុះកូនឈើចំនួន ៤០៨ ពាន់ដើម និងបានចែកចាយជូនប្រជាជនសរុបចំនួន ៣៣០ពាន់ដើម បានដាំដើមឈើសរុប លើផ្ទៃដីចំនួន ២ ២១៩ហ.ត និងបានបង្កើតស្ថានីយដាំឈើបានចំនួន ៥៣កន្លែង លើផ្ទៃដីសរុបចំនួន ៤១១ពាន់ហិកតា។ ក្នុងឆ្នាំ២០១៧នេះ រដ្ឋបាលព្រៃឈើបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ និងបានបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ ការកាប់រានដីព្រៃសរុបចំនួន ១ ៤២៨ ករណី (ថយចុះ ៦២ករណី ស្មើនឹង ៤,១៦% បើប្រៀបធៀបឆ្នាំ២០១៦ មានចំនួន ១ ៤៩០ករណី) ។ អង្គសន្និបាតក៏បានរំឭកជូនផងដែរថា ពិធីរុក្ខទិវា ឆ្នាំ២០១៧ កន្លងមកនេះ បានប្រព្រឹត្តទៅក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាំកូនឈើចម្រុះជិត ៩ពាន់ដើម នៅលើផ្ទៃដីទំហំ ១០ហ.ត។

ជាមួយនឹងសមិទ្ធផលដែលទទួលបានជាវិជ្ជមានដូចបានរៀបរាប់ខាងលើ អង្គសន្និបាតបានកត់សម្គាល់ឃើញថា យើងនៅជួបបញ្ហាប្រឈមមួយចំនួនមានជាអាទិ៍៖

  • 1- សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់ការងារស្រាវជ្រាវ និងសេវាផ្សព្វផ្សាយកសិកម្ម នៅមិនទាន់ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងទីផ្សារឱ្យមានប្រសិទ្ធភាពខ្ពស់នៅឡើយ។
  • 2- ផលិតកម្មដំណាំកសិកម្ម មានកំណើនផលិតភាពទាប ការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មនៅមានកម្រិត ព្រមទាំងកង្វះការវិនិយោគលើការកែច្នៃ គុណភាពកសិផលនៅទាបមិនទាន់ឆ្លើយតប តាមតម្រូវការទីផ្សារ ដោយថ្លៃដើមផលិតកម្មខ្ពស់ពិបាកប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល រួមរួមទាំងការផ្តល់សេវាកម្មស្រោចស្រព និងភ្លើងអគ្គិសនី នៅមានកម្រិតនិងមានតម្លៃខ្ពស់បើយើងប្រៀបធៀបនឹងប្រទេសជិតខាងយើង។
  • 3- ការនាំចេញកសិផលពុំទាន់បានឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅសំខាន់ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឲ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។
  • 4- កម្លាំងពលកម្មក្នុងវិស័យកសិកម្មមាននិន្នាការធ្លាក់ចុះ គឺ៤២%នៅឆ្នាំ២០១៧ និងបន្តធ្លាក់ចុះនៅត្រឹម ២៩%នៅក្នុងឆ្នាំ២០៣០ ខណៈដែលកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្មមានចំណែកកាន់តែកើនឡើងគួរឱ្យកត់សម្គាល់។
  • 5- ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឱ្យចំគោលដៅ និងសក្តានុពលភាពនៅតាមភូមិសាស្រ្តនីមួយៗ ស្ថិតនៅតែជាបញ្ហាដែលក្រសួងកំពុងគិតគូរអំពីការកំណត់តំបន់ដាំដុះឱ្យបានសមស្រប។
  • 6- កិច្ចសហការពីសំណាក់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់បានរលូននៅឡើយ ក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើ និងជលផល ការនាំចេញជ័រ និងឈើកៅស៊ូមិនទាន់កែច្នៃ ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់ រួមទាំងការត្រួតពិនិត្យ អនាម័យ និងភូតគាមអនាម័យនៅតាមតំបន់ និងតាមច្រកព្រំដែននៅមានកម្រិត។
  • 7- ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដ៏ដូចជាការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង សេវាសាធារណៈនៅពុំទាន់បានល្អប្រសើរតាមការរំពឹងទុក។
  • 8- ផលិតកម្មក្នុងស្រុកពុំទាន់បានបំពេញគ្រប់គ្រាន់ទៅតាមតម្រូវការ និងមានការនាំចូលបន្ថែម 9- ការលំបាកក្នុងការរកទីផ្សារលក់ផលិតផលកសិកម្ម នៅមានចំណុចខ្វះខាតមួយចំនួនក្នុងការអនុវត្តផលិតកម្មកសិ កម្មតាមកិច្ចសន្យា គួបផ្សំនឹងការប្រែប្រួលរបបពាណិជ្ជកម្មដែលតម្រូវឱ្យកម្ពុជាពង្រឹងសមត្ថភាពទីផ្សារក្នុង ស្រុក និងខិតខំទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់។

ឆ្លើយតបទៅនឹងមូលបញ្ហាដូចបានរៀបរាប់ខាងលើនេះ គណៈកម្មការរៀបចំអង្គសន្និបាតបានសម្រេចដាក់ប្រធានបទចំនួន៣ ជូនដល់អង្គសន្និបាតដើម្បីធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅគឺ៖

  • ១. ការរៀបចំកសាងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មឆ្ពោះទៅឆ្នាំ២០៣០។
  • ២. ទស្សនវិស័យនៃការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ក្នុងវិស័យកសិកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។
  • ៣. ទស្សនទាន និងតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្មសម្រាប់រយៈពេល១០ឆ្នាំខាងមុខ។

ទន្ទឹមនឹងនេះឯកឧត្តមបានផ្តល់ជាអនុសាសន៍ជូនអង្គសន្និបាតនូវចំណុចគន្លឹះមួយចំនួនដើម្បីជាមូលដ្ឋានក្នុងការពិចារណាសម្រាប់អនុវត្តបន្តដូចតទៅ៖

  • ទី១. ត្រូវជំរុញផលិតកម្មគ្រប់មុខដំណាំទាំងបរិមាណ គុណភាព និងសុវត្ថិភាពចំណីអាហារ
  • ទី២. ត្រូវជំរុញគំនិតច្នៃប្រឌិតថ្មីៗសម្រាប់បង្កើនសន្ទុះនៃការធ្វើទំនើបភាវូបនីយកម្មកសិកម្មឱ្យកាន់តែមានឧត្តមភាពប្រកួតប្រជែងខ្ពស់ដោយត្រូវយកចិត្ត-ទុកដាក់លើការស្រាវជ្រាវ អភិវឌ្ឍន៍ ផ្សព្វផ្សាយ និងប្រើប្រាស់ របកគំហើញថ្មីៗ ដូចជាបច្ចេកទេសផលិត កែច្នៃ បច្ចេកវិទ្យា ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្មច្នៃប្រឌិតថ្មីប្រកបដោយគុណភាព សុវត្ថិភាព និងភាពវៃឆ្លាតក្នុងការទប់ស្កាត់ការបាត់បង់គុណភាពដី ការខ្ជះខ្ជាយថាមពល និងទឹក។
  • ទី៣. ពន្លឿនការងារកំណត់តំបន់ដាំដុះដំណាំកសិកម្ម ជាពិសេស រៀបចំ និងបោះពុម្ពជាផែនទីកំណត់តំបន់ដាំដុះដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងជំរុញផលិតកម្មកសិកម្ម ពិសេសដំណាំទៅតាម តំបន់មានសក្តានុពល និងទាក់ទាញវិនិយោគទុនឱ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហ-កម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
  • ទី៤. ជំរុញការចិញ្ចឹមសត្វឱ្យមាននិរន្តរភាព តាមរយៈការពង្រឹងប្រសិទ្ធភាពការស្រាវជ្រាវ និងផ្សព្វផ្សាយ បង្កើនសមត្ថភាពបង្ការ ទប់ស្កាត់ជំងឺឆ្លងសត្វផ្សេងៗ ធានាការផ្គត់ផ្គង់សត្វ សាច់សត្វ ប្រកបដោយអនាម័យ និងសុវត្ថិភាព។ បន្ថែមលើនេះ ត្រូវជំរុញកំណើនសត្វចិញ្ចឹមទាំងជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មឱ្យបានក្នុងរង្វង់៣% ពិសេសជំរុញការចាក់វ៉ាក់សាំងគោក្របីរបស់កសិករគ្រួសារឱ្យបាន ១,៧៥លានក្បាល និង ជំរុញឱ្យសត្តឃាតដ្ឋានម្ចាស់ការអនុវត្តស្តង់ដារអនាម័យល្អក្នុងស្មារតីទទួលខុសត្រូវ។
  • ទី៥. បង្កើនការការពារ និងអភិរក្សធនធានជលផល និងជំរុញការអភិវឌ្ឍវារីវប្បកម្ម ដើម្បីធានាឲ្យបាននូវនិរន្តភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ បន្តលែងកូនត្រីពូជក្នុងតំបន់ទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាកសិករក៏ដូចជាការពង្រីកតំបន់ផ្សព្វផ្សាយការអភិវឌ្ឍវារីវប្បកម្ម និងការគ្រប់គ្រងធនធានជលផល នៅតាមមូលដ្ឋាន។
  • ទី៦. បង្កើនការយល់ដឹង និងសមត្ថភាពរបស់អ្នកកែច្នៃឲ្យកាន់តែល្អប្រសើរឡើងលើការអនុវត្តការធ្វើអនាម័យល្អ និងការអនុវត្តការផលិតល្អ ក្នុងខ្សែចង្វាក់ផលិតកម្មកែច្នៃជលផល ព្រមទាំងបង្កើនការត្រួតពិនិត្យ និងអធិ-ការកិច្ចគុណភាព សុវត្ថិភាពលើផល ផលិតផលជលផលតាមបណ្តាទីកន្លែងកែច្នៃនានា និងការនាំចូលតាមរយៈការលើកកម្ពស់សមត្ថភាពការផ្តល់សេវាសាធារណៈ ដើម្បីជួយសម្រួលសកម្មភាពនាំចេញផលផលិតផលជលផលឲ្យកាន់តែល្អប្រសើរឡើង។
  • ទី៧. ជំរុញការដាំ និងស្តារព្រៃឈើឡើងវិញ ព្រមទាំងពង្រឹង និងពង្រីកសហគមន៍ព្រៃឈើឱ្យមាននិរន្តរភាព ជាពិសេស ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ដោយមិនត្រូវពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើនោះឡើយ។ បន្តពង្រឹងការអនុវត្តច្បាប់និងអភិបាលកិច្ចល្អ ដោយធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ បទបញ្ជា សេចក្តីជូនដំណឹង លិខិតបទដ្ឋានក្រោមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យព្រៃឈើឲ្យបានជ្រួតជ្រាប ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន។
  • ទី៨. អង្គភាពជំនាញពាក់ព័ន្ធត្រូវសហការ និងខិតខំធ្វើបច្ចុប្បភាពផ្ទៃដីគម្របព្រៃឈើ និងជំរុញការកសាងផែនទីគម្របព្រៃឈើឡើងវិញ ដើម្បីបង្កលក្ខណៈដល់អាជ្ញាធរថ្នាក់ក្រោមជាតិងាយស្រួលក្នុងការគ្រប់គ្រង ហើយប្រជាជនអាចទទួលបានការចុះបញ្ជី និងកាន់កាប់ដីរបស់ខ្លួនកំពុងអាស្រ័យផលបានពេញលេញតាមនីតិវិធី និងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារ ស្របតាមកំណើនសេដ្ឋកិច្ចដែលមានសន្ទុះកើនឡើងក្នុងល្បឿនថេរ៕

អត្ថបទទាក់ទង