ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ៖ រួមគ្នាកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ក្រុមក្បត់ជាតិ សម រង្ស៉ី ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 68
ទស្សនៈ៖ រួមគ្នាកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ក្រុមក្បត់ជាតិ សម រង្ស៉ី ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្ត ទស្សនៈ៖ រួមគ្នាកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ក្រុមក្បត់ជាតិ សម រង្ស៉ី ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្ត

ថ្ងៃអន្សារបស់ទណ្ឌិត សម រង្ស៉ី ថ្ងៃទី៩ ខែវិច្ឆិកា កាន់តែខិតជិតចូលមកដល់ហើយ ទោះបីជា សម រង្ស៉ី មិនវិល ត្រឡប់ចូលកម្ពុជាវិញតាមការកំណត់ ក៏ជីវិតនយោបាយ សម រង្ស៉ី នឹងត្រូវបញ្ចប់ ហើយប្រសិនបើសម្រេចចិត្តវិលចូលកម្ពុជាវិញ ក៏ត្រូវបញ្ចប់ដោយការជាប់គុកអស់មួយ ជីវិតចំពោះទោសដែលទណ្ឌិតរូបនេះជំពាក់មិនទាន់បានអនុវត្តដែរ ទោះបីជាចុងក្រោយនេះ ទណ្ឌិតរូបនេះខិតខំញុះញង់ និងបង្កចលាចលយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ សម រង្ស៉ី ក៏ស្កន់ជាន់ថែមទៀតដោយសារ តែជំពាក់ការបង់ថ្លៃកិត្តិយសដ៏ខ្ពស់ចំពោះការមួលបង្កាច់ខុសពីការពិត បង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន ចំពោះមុខតុលាការបារាំងទាក់ទងការចោទថា សម្តេចតេជោ ហ៊ុន សែន នៅពីក្រោយការទទួលមរណភាពរបស់នាយឧត្តមសេនីយ៍ ហុក ឡងឌី

ការណ៍នេះបានធ្វើឱ្យទណ្ឌិត សម រង្ស៉ី កូនជនក្បត់ជាតិ សម សារី ភ័យស្លន់ស្លោររហូតដល់បាត់បង់ការគ្រប់គ្រងលើមនសិការ និងវិចារណញ្ញាណខ្លួនឯង លែងដឹង ខុសដឹងត្រូវ ដូចពាក្យចាស់ពោលថា «យីអ៊ុនដាក់ អរក្ខជាន់» ។ គេអាចដឹងមុនថា សម រង្ស៉ី នឹងមិនវិលត្រឡប់មកកម្ពុជាតាមការសន្យានោះឡើយ ព្រោះ សម រង្ស៉ី ជាមនុស្សកំសាក និងខ្លាចគុកជាទីបំផុត

ហេតុដូច្នេះហើយបានជា សម រង្ស៉ី នៅពេលនេះបានបញ្ចេញវោហារសាស្ត្រ និងទង្វើដ៏អាក្រក់បំផុតប្រឆាំងនឹងសន្តិភាព និងស្ថិរភាពជាតិកម្ពុជាដោយនិយាយញុះញង់បង្កចលាចលម៉ាសេរីគ្មានខ្វល់អ្វីទាំងអស់ និងនិយាយតែម៉ាឈ្នះដៃឱ្យតែបានឮសំឡេង ដោយមិនខ្វល់ថាជាការរំលោភច្បាប់ ឬបង្កផលអាក្រក់ដល់អ្នកដែលដើរតាមនយោបាយខ្លួនឡើយ។ នេះបានចំជាជនចង្រៃជាតិ និងសាងគ្រោះឱ្យជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ហើយសម រង្ស៉ី មិនខ្វល់អ្វីទាំងអស់ អស់អីអស់ចុះឱ្យតែបំផ្លាញជាតិបាន និងធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច បារម្ភនឹងការបង្កចលាចលរបស់ក្រុមខ្លួននេះ។

នៅថ្ងៃនេះ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ជនចង្រៃជាតិ សម រង្ស៉ី បានចេញសារអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតដោយប្រជាធិប តេយ្យ សេរី យុត្តិធម៌ និងត្រឹមត្រូវទៀតដែលជាទម្រង់នៃការអនុវត្តផែនការបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ ព្រោះជនក្បត់ជាតិនេះបានបញ្ជាក់ជាសាធារណៈថាខ្លួនវិលចូលមកក្នុងប្រទេសវិញ ដើម្បីដឹកនាំកម្លាំងប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន

តើ សម រង្ស៉ី ហ៊ានចូលមកទេ?

ពិតជាមិនហ៊ានឡើយ ហើយនេះក៏មិនមែនជាលើកទី១ ឡើយ ដែលទណ្ឌិតក្បត់ជាតិរូបនេះ បានញុះញង់មិនឱ្យកងកម្លាំងប្រដាប់អាវុធស្តាប់បញ្ជា និងបែរចុងកាណុងប្រឆាំងនឹងរដ្ឋាភិបាលក្នុងទិសដៅបដិវត្តន៍ពណ៌ ហើយសំណុំរឿងនៃការញុះញង់នេះក៏កំពុងតែស្ថិតនៅក្នុងដៃតុលាការរួចហើយដែរប្រឆាំងនឹងជនក្បត់ជាតិនេះ។

អ្វីដែលទណ្ឌិត សម រង្ស៉ី បាននិងកំពុងនិយាយ កំពុងធ្វើមិនមែនជាសេរីភាពនៅក្នុងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទេ ហើយក៏មិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ គឺវាបានដើរហួសបន្ទាត់ក្រហមរួចស្រេចបាត់ទៅហើយ ហើយជាការអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបដិវត្តន៍ពណ៌ដែលត្រូវតែបង្ក្រាប ទប់ស្កាត់ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់ជាតិកម្ពុជា។

ទោះបីជាដឹងថាខុសច្បាប់ ប៉ុន្តែ សម រង្ស៉ី នៅតែមុខ​ក្រាស់អនុវត្តព្រោះ សម រង្ស៉ី ពិតជាអស់តម្រិះ និងគ្មានចំណេះអ្វីផ្សេងក្រៅពីការញុះញង់ មួលបង្កាច់ លាបពណ៌ បង្កចលាចល បំផ្លាញជាតិ បំផ្លាញផលប្រយោជន៍ប្រជា​ជន ប្រឆាំងនឹងសន្តិភាព ការអភិវឌ្ឍរបស់ជាតិខ្មែរឡើយ​។ នេះជាសេចក្តីសង្ឃឹមចុងក្រោយដែលទណ្ឌិត សម រង្ស៉ី ខិតខំធ្វើដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលីលា និងដើម្បីសម្រេចគោលបំណងសងសឹកគំនុំជូនខ្មោចឪរបស់ខ្លួនដែលបានជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រកម្ពុជាថាជាជនក្បត់ជាតិ ឃុបឃិតជាមួយទីភ្នាក់ងារសម្ងាត់អាមេរិកសេអ៊ីអា (CIA) ក្នុងផែនការប៉ងធ្វើគត់សម្តេចឪ នរោត្តម សីហនុ និងផ្តួលរំលំរបបសង្គមរាស្ត្រនិយម។

ទាំងនេះគឺជាមនោគមន៍វិទ្យាបំផ្លាញជាតិរបស់ទណ្ឌិត សម រង្ស៉ី ដែលបានអនុវត្តចាប់តាំងពីជនចង្រៃជាតិរូបនេះ បានឈានជើងជាន់ទឹកដីកម្ពុជានៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។ ជនចង្រៃជាតិ សម រង្ស៉ី បានអនុវត្តនយោបាយសត្រូវជាតិ និងសត្រូវប្រជាជន ដោយប្រើប្រាស់លេសសព្វបែបយ៉ាងក្រោមស្លាកសិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព បញ្ចេញមតិជាដើម ខណៈខ្លួនជាប់ឈ្មោះជាមនុស្សរើសអើងប្រកាន់ពូជសាសន៍ ហើយធ្លាប់ត្រូវបានមន្ត្រីអាជ្ញាធរបណ្តោះអាសន្នអង្គការ​សហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ព្រមានរួចទៅហើយកាលពីឆ្នាំ១៩៩៣។

ធាតុពិត សម រង្ស៉ី មានគោលដៅនយោបាយមួយច្បាស់​លាស់គឺបំផ្លាញជាតិ និងយកឈាមនិងជីវិតប្រជាពលរដ្ឋខ្មែរមក ធ្វើជាឈ្នាន់ដើម្បីចាប់យកអំណាច ដោយមិនខ្វល់នឹងការឈឺចុកចាប់របស់ជាតិនិងប្រជាជនកម្ពុជាឡើយ។ មនោគមន៍វិទ្យាដ៏អាក្រក់ពិសពុលរបស់ សម រង្ស៉ី នេះបានសាបព្រួសក្នុងចំណោមប្រជាពលរដ្ឋមួយ​ចំនួនដែលបានដើរតាម នយោបាយខ្លួន ហើយជនមួយចំនួននោះ បច្ចុប្បន្ននេះ បាននិងកំពុងលង់លក់ក្នុងភាពអគតិ និងធ្វើសកម្មភាព ប្រកបដោយគំនុំសងសឹក កំហឹងជាតិសាសន៍។

មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ សម រង្ស៉ី នេះ គឺមហាគ្រោះថ្នាក់បំផុតប្រៀបបាននឹងមនោគមន៍វិទ្យារបស់មេខ្មែរក្រហម ប៉ុល ពត ដែលបង្កហាវិនាសកម្មដល់ប្រទេស​ជាតិ និងប្រជាជនកម្ពុជា។ ពាក្យមួយម៉ាត់ណា របស់ សម រង្ស៉ី និងបក្ខពួករបស់ខ្លួនសុទ្ធតែជាហិង្សា និងគំនុំសងសឹក ដែលពិតជាគ្រោះថ្នាក់ដល់ជាតិ ហើយចាំ​បាច់ត្រូវតែកម្ចាត់មនោគមន៍វិជ្ជាបំផ្លាញជាតិនេះចេញពីកម្ពុជាឱ្យបានឆាប់តាមតែអាចធ្វើបានព្រោះទោះបីជាគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានតុលាការកំពូលរំលាយតាម​ច្បាប់ ក៏ប៉ុន្តែមនោគមន៍វិទ្យាបំផ្លាញជាតិនេះនៅតែបន្តស្ថិតនៅក្នុងចំណោមក្រុមជនជ្រុលនិយមមួយចំនួនតូចនៅឡើយ ហើយបាននិងកំពុងបញ្ឆេះបន្ថែមដោយទណ្ឌិត សម រង្ស៉ី ខណៈជីវិតនយោបាយរបស់ខ្លួននឹងត្រូវបញ្ចប់នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។​ មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ជនចង្រៃជាតិ សម រង្ស៉ី នេះចាំបាច់ត្រូវតែរំលាយចោលដូចដែលមនោគមន៍វិទ្យាខ្មែរក្រហមសម្លាប់មនុស្សដូច្នេះដែរដើម្បីភាពសុខសាន្ត សន្តិភាព និងការអភិវឌ្ឍជាតិ។

សម្តេច តេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីជួយសង្គ្រោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពិឃាតខ្មែរ ក្រហមប៉ុល ពត។ បន្ទាប់មកទៀត សម្តេចតេជោហ៊ុន សែន បានប្រើ «យុទ្ធសាស្ត្រឌីហ្វីដ និងនយោបាយឈ្នះឈ្នះ» កម្ចាត់ «នយោបាយច្រែះស៊ី ដែក» របស់ មេខ្មែរក្រហម ប៉ុល ពត រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលចាកឫសក្នុង សង្គមកម្ពុជាជាង ៥០ ឆ្នាំមកហើយដើម្បីនាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិនិងប្រជាជនកម្ពុជា ដែលមិនធ្លាប់មានសោះក្នុងប្រត្តិសាស្ត្រកម្ពុជារយៈពេលជាង ៥០០ឆ្នាំចុងក្រោយនេះ។

សម្តេចតេជោ ហ៊ុន សែន ដដែលគឺជាអ្នកកម្ចាត់ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី និង កឹម សុខា ដែល បានដឹកនាំធ្វើបដិវត្តន៍ពណ៌ប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញឆន្ទៈរាស្ត្រម្ចាស់ឆ្នោតនៅក្រោយការបោះឆ្នោតនាខែ កក្កដា ឆ្នាំ២០១៣ ក្រោម ការគាំទ្រនិងមានខ្សែញាក់ពីចៅហ្វាយនាយបរទេសរបស់ខ្លួន។ អង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ត្រូវបានរំលាយ ស្របតាមច្បាប់ ហើយប្រតិបត្តិករ ១១៨នាក់ ត្រូវបានតុលាការហាមឃាត់មិនអនុញ្ញាតឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំថែមទៀត។

បច្ចុប្បន្នបើទោះបីជាសំបុកនៃក្រុមបដិវត្តន៍ពណ៌ត្រូវបានវាយបំបែក ប៉ុន្តែពួកគេបានធ្វើសកម្មភាពជ្រកក្រោមស្លាកសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនប្រឆាំងនឹងរដ្ឋាភិបាល ហើយបរទេសមួយចំនួនព្យាយាមប្រស់ខ្មោចគណបកសសង្គ្រោះជាតិឱ្យរស់ឡើងវិញដើម្បីបន្តអនុវត្តផែនករបដិវត្តន៍ទៀត។

ចំពោះមុខនៃការគំរាមកំហែងនេះ ចាំបាច់ណាស់ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់រួមកម្លាំងសាមគ្គីគ្នាជាមួយអាជ្ញាធររាជរដ្ឋាភិបាលកម្ពជាដើម្បីកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ សម រង្ស៊ី ឱ្យអស់ពីលើទឹកដីកម្ពុជា។ ទាំងអាជ្ញាធររដ្ឋាភិបាល រួមនឹងប្រជាពលរដ្ឋខ្មែរពិតជាបានត្រៀមខ្លួនរួចជាស្រេច ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាច្រើនលើកច្រើនសារួចមកហើយថា ទោះក្នុងតម្លៃណាក៏ដោយ នឹងមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិមួយក្តាប់តូចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះឡើយ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់នូវគោលជំហររបស់ខ្លួនរួចស្រេចហើយថា «កម្ពុជានឹងមិនយកអធិបតេយ្យភាព ឯករាជ្យភាពជាតិទៅប្តូរនឹងជំនួយ ឬការគាំទ្រណាមួយឡើយ»។ ដូច្នេះ ល្បិចកលទុច្ចរិត និងមនោគមន៍វិទ្យាបំផ្លាញជាតិរបស់ សម រង្ស៉ី នឹងមិនអាចងើបរួចពីក្រោមកណ្តាប់ដៃដែកផ្នែកច្បាប់របស់សម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធររាជរដ្ឋាភិបាល ឡើយ ហើយក្រុមក្បត់ជាតិមួយចំនួនដែលកំពុងពួនលាក់សម្ងំខ្លួនដែលជាបរិវាររបស់ជនក្បត់ជាតិ សម រង្ស៉ី នឹងមិនអាចធ្វើអ្វីស្រេចតែនឹងចិត្តបានដែរ។

ផែនការញុះញង់ បង្កចលាចលក្នុងកលល្បិចបដិវត្តន៍ពណ៌ដែលដឹកនាំដោយ សម រង្ស៉ី នឹងពិតជាបរាជ័យយ៉ាងអាម៉ាសបំផុតនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ ព្រោះគ្មាននរណាជឿការបោកប្រាស់ ភូតកុហករបស់ សម រង្ស៉ី ទៀតឡើយ។ ការប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកាជាថ្ងៃវិលចូលស្រុកវិញរបស់ទណ្ឌិតសម រង្ស៊ី ដោយអួតអាងថានឹងមានកម្មករ ២ លាននាក់មកពីជប៉ុន ថៃ កូរ៉េដង្ហែរខ្លួនចូលកម្ពុជាវិញ គ្រាន់តែជាផែនការខ្យល់តែប៉ុណ្ណោះ និងជាសម្តីអ្នកនយោបាយពូកែបោក។ ប្រសិនបើមានមនុស្សត្រឹមតែ ២០០នាក់ទៅដង្ហែរ ទណ្ឌិត សម រង្ស៉ី ចូលគុក វាវិសេសវិសាលណាស់ទៅហើយ ប៉ុន្តែខ្លាចតែរកមិនបានផងព្រោះកាលពីលើកមុន មានការអំពវនាវឱ្យធ្វើបាតុកម្មដោះលែង កឹម សុខា មានមនុស្សត្រឹមមួយដំបរស្វាតែប៉ុណ្ណោះ។

អ្វីដែលទណ្ឌិត សម រង្ស៉ី និងគូកនបាននិងកំពុងធ្វើនិងបំប៉ោងតាមប្រព័ន្ធផ្សព្វផ្សាយគ្រាន់តែជាយុទ្ធសាស្ត្ររៃអង្គាសលុយសម្រាប់ក្រុមខ្លួនប៉ុណ្ណោះព្រោះពួកគេខ្លះអស់លុយដោយសារតែដើរហើរច្រើន និងខ្លះទៀតដូចជា អេង ឆៃអ៊ាង ជាដើមចាញ់ល្បែងបោសគូថខោ

តាមពិតទណ្ឌិត សម រង្ស៉ី និងក្រុមក្បត់ជាតិរបស់ខ្លួនរួមមាន អេង ឆៃអ៊ាង មូរ សុខហួរ ហូរ វ៉ាន់ ជាដើមនេះគ្មានហ៊ានវិលត្រឡប់ចូលស្រុកវិញទាំងខ្លួនមានជាប់​ជំពាក់ជំពិននឹងច្បាប់ឡើយ ព្រោះក្រុមនេះ សុទ្ធតែវរជនខ្លាចគុក និងអ្នកនយោបាយមាន់សម្លរ គឺបានត្រឹមតែស្រែកបង្កចលាចល ញុះញង់ឱ្យពលរដ្ឋខ្មែរទៅប្រឈម​មុខច្បាប់និងកម្លាំងសមត្ថកិច្ចជំនួសខ្លួនប៉ុណ្ណោះ។ នរណាជឿក្រុមទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ពិតជាអស់ស្រូវពូជមិនខានឡើយ ហើយប្រជាពលរដ្ឋបានត្រៀមរួចជាស្រេចរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ចាត់មនោគមន៍វិទ្យាបំផ្លាញជាតិរបស់ក្រុមក្បត់ជាតិ សម រង្ស៉ី ដើម្បីបុព្វ​ហេតុសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩

អត្ថបទទាក់ទង