ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ អ្នកឃុបឃិតសមគំនិតជាមួយទណ្ឌិត សម រង្ស៊ី អនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែប្រឈមមុខច្បាប់!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 53
លិខិតមិត្តអ្នកអាន៖ អ្នកឃុបឃិតសមគំនិតជាមួយទណ្ឌិត សម រង្ស៊ី អនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែប្រឈមមុខច្បាប់! លិខិតមិត្តអ្នកអាន៖ អ្នកឃុបឃិតសមគំនិតជាមួយទណ្ឌិត សម រង្ស៊ី អនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែប្រឈមមុខច្បាប់!

ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី គឺច្បាស់ណាស់ជាផែនការធ្វើបដិវត្តន៍ពណ៌ក្រោមទិសស្លោក «ការផ្លាស់ប្តូរ» បំផ្លាញសន្តិភាពនិងការអភិវឌ្ឍរបស់ជាតិនិងប្រជាជនកម្ពុជា។ ការផ្លាស់ប្តូររបបដឹកនាំ តាមមធ្យោបាយមិនប្រជាធិបតេយ្យ បង្កើតចលាចលដល់សង្គមជាតិ និងបង្កសង្គ្រាម ទាញកម្ពុជាធ្លាក់ចូលក្នុងគ្រោះមហន្តរាយដូចពីអតីតកាលមិនត្រូវបានអនុញ្ញាតឱ្យកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជាឡើយ។ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋខ្មែរ បានគូសបញ្ជាក់ច្បាស់រួចហើយថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងមិនអនុញ្ញាតឱ្យជនមួយក្តាប់តូចបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលកម្ពុជារកបានដោយលំបាកតាមរយៈការយកជីវិតធ្វើដើមទុន ការលះបង់សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋខ្មែរ កងកម្លាំងប្រដាប់អាវុធ ដើម្បីរំដោះជាតិ និងប្រជាជនពីរបបខ្មែរក្រហម រំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមនាំយកសន្តិភាពពេញលេញ ឯកភាពជាតិនិងឯកភាពទឹកដី។

ចាប់តាំងពីដើមតរៀងមក ក្រុមជនក្បត់ជាតិដឹកមុខដោយទណ្ឌិត សម រង្ស៊ី បានខិតខំគ្រប់ល្បិចកលរៀបចំអនុវត្តឡើងវិញនូវផែនការទុច្ចរិតសព្វបែបយ៉ាង បម្រើផលប្រយោជន៍បរទេសដោយឥតងាររេដើម្បីចៅហ្វាយនាយរបស់ពួកគេជួយ និងចុងក្រោយបានរៀបចំផែនការបដិវត្តន៍ពណ៌ដែលត្រូវបានវាយកម្ទេចកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីឡើងកាន់អំណាច ក្រោយពីបរាជ័យជាច្រើនលើកច្រើនសារចាញ់ការបោះឆ្នោត។ ទណ្ឌិត សម រង្ស៊ី បានប្រើកលល្បិចបំផ្លាញកម្ពុជា ដោយប្រើប្រាស់ល្បិចកលនយោបាយទុច្ចរិត ប្រើប្រាស់សម្តីហិង្សា អំពាវនាវឱ្យប្រើប្រាស់អំណាចប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ញុះញង់ បង្កចលាចលសព្វបែបយ៉ាង និងថែមទាំងប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលការពារដោយរដ្ឋធម្មនុញ្ញថែមទៀតផង។

ទង្វើដ៏ស្មោគគ្រោករបស់ទណ្ឌិត សម រង្ស៊ី ជាទង្វើល្មើសច្បាប់ ជាមេចលនាឧទ្ទាមខុសច្បាប់ និងជាជនបំពានយ៉ាងធ្ងន់ធ្ងរលើសាលដីការបស់តុលាការកំពូលដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ អង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌។ សម រង្ស៊ី ជាអ្នកទោស និងជាមេក្លោងបដិវត្តន៍ពណ៌ រាល់ទង្វើទាំងអស់របស់ទណ្ឌិតរូបនេះគឺជាទង្វើដែលល្មើសនឹងច្បាប់។ ការប្រកាសវិលចូលកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី មិនមែនដើម្បីគោលបំណងសន្តិភាពឡើយ ប៉ុន្តែបង្កប់ដោយហេតុផលជាច្រើនដូចជា៖

ហេតុផលទី១- សម រង្ស៊ី គឺជាទណ្ឌិត ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាមានដីកាពីតុលាការដើម្បីស្វែងរកចាប់ខ្លួន ហើយដីកាចាប់ខ្លួននៅពេលនេះក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសនានាក្នុងតំបន់ អាស៊ានរួចហើយដែរ។ សម រង្ស៊ី នឹងមិនហ៊ានវិលចូលស្រុកឡើយព្រោះសម រង្ស៉ី តែងលើកឡើងការពារខ្លួនថា ការរត់ទៅក្រៅស្រុក ដើម្បីបន្តការតស៊ូនៅក្រៅប្រទេស ប្រសើរជាងជាប់គុកឥតប្រយោជន៍ដូច កឹម សុខា និង ស្លាប់ដោយគ្មានន័យដូច កែម ឡី។ ដូច្នេះ ការប្រកាសពីការវិលត្រឡប់វិញរបស់ សម រង្ស៊ី ទោះបីជាពេលនេះបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែពុំមែនក្នុងហេតុផលឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈមនឹងការអនុវត្តច្បាប់នោះឡើយ។ វាពិតណាស់ជាល្បិចកលដែល សម រង្ស៊ី បង្កើតឡើងដើម្បីស្ទង់កម្លាំង រវាងក្រុមសម រង្ស៊ី និងក្រុមកឹម សុខា ក៏ដូចជាធ្វើតេស្តថាតើ នឹងមាននរណាខ្លះដែលនឹងគាំទ្រខ្លួន។ រហូតមកទល់ពេលនេះ ទាំងប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរ ជាតិមិនបានចាប់អារម្មណ៍ចំពោះផែនការវិលត្រឡប់ចូលស្រុករបស់ សម រង្ស៊ី ឡើយព្រោះទណ្ឌិតរូបនេះ បានភូតកុហកសាធារណមតិតាំងពីឆ្នាំ ២០១៥ មកម៉្លេះ។ ប៉ុន្តែមិនដែលឃើញសម រង្ស៊ី អើតក្បាលមកទេ ហើយអ្វីដែល សម រង្ស៊ី ខំប្រឹងបន្ទរសំឡេងនិងអះអាងថាខ្លួននឹងវិលមកកម្ពុជាវិញដើម្បីចិញ្ចឹមចលនាក្បត់ ជាតិរបស់ខ្លួនប៉ុណ្ណោះ។

ហេតុផលទី២- ការប្រកាសវិលត្រឡប់វិញរបស់ សម រង្ស៊ី នៅឆ្នាំ ២០១៩ ខុសពីស្ថានភាពនៅខែកក្កដា ឆ្នាំ ២០១៣។ នៅឆ្នាំ ២០១៣ ការវិលត្រឡប់របស់ សម រង្ស៉ី មកកម្ពុជា គឺមានព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ ហើយនៅពេលនោះ សម រង្ស៉ី គឺជាប្រធានគណបក្សសង្គ្រោះជាតិស្របច្បាប់ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះការវិលត្រឡប់របស់ សម រង្ស៊ី នៅពេលនោះ គឺមានហេតុផលត្រឹមត្រូវ។ ប៉ុន្តែ ការប្រកាសវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅឆ្នាំ ២០១៩ នេះ គឺមិនដូចកាលពីឆ្នាំ ២០១៣ ឡើយ ដោយសារនៅពេលនេះ សម រង្ស៊ី ជាទណ្ឌិតដែលមានដីកាស្វែងរកចាប់ខ្លួន និងមេដឹកនាំនៃចលនានយោបាយខុសច្បាប់នៅក្រៅប្រទេស។ ម្យ៉ាងទៀត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រៀងរាល់ ៥ ឆ្នាំ បានប្រព្រឹត្តទៅរួចទៅហើយ កាលពីឆ្នាំ ២០១៨។ ដូច្នេះការប្រកាសវិលត្រឡប់មកវិញរបស់ សម រង្ស៉ី នាពេលនេះ គឺមិនមែនក្នុងហេតុផលដើម្បីចូលរួមក្នុងការបោះឆ្នោតនោះទេ។ សម រង្ស៊ី មានផែនការធ្វើបដិវត្តន៍ពណ៌ដែលជាទង្វើខុសច្បាប់ដែលត្រូវចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹង ឆន្ទៈប្រជាពលរដ្ឋ និងដើម្បីស្រាយគំនុំសងសឹកចំពោះខ្មោចឪពុកជាជនក្បត់ជាតិរបស់ខ្លួន។

សម រង្ស៊ី បានប្រព្រឹត្តកំហុសឆ្គងនិងល្មើសច្បាប់ជាច្រើន ហើយសម រង្ស៊ី អាចហ៊ានប្រថុយវិលចូលស្រុកវិញ លុះត្រាណាតែទណ្ឌិតរូបនេះទទួលបានការលើកលែងទោសពីព្រះមហាក្សត្រជាមុនសិន។ តែសម រង្ស៊ី នឹងមិនវិលត្រឡប់មកវិញជាមួយនឹងការលើកលែងទោសឡើយ ប៉ុន្តែជំនួសដោយខ្នោះហើយនិងគុក ពីព្រោះមួយរយៈចុងក្រោយនេះសម រង្ស៊ី បានបំផ្លាញស្ពានទាំងអស់រាប់ទាំងបំផ្លាញវប្បធម៌សន្ទនា ការប្រកាសសង្គ្រាមជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយអះអាងថាខ្លួនវិលចូលមកកម្ពុជាដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន និងដើម្បីផ្លាស់ប្តូររបប ដឹកនាំបច្ចុប្បន្នចេញ រហូតដល់ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។ ភាពព្រហើនកោងកាចគ្មានការគោរពចំពោះព្រះរាជបល្ល័ង្គគឺជាទង្វើដែលមិនអាចអត់ឱន ឱ្យបានឡើយ ហើយបច្ចុប្បន្ននេះ បាននិងកំពុងជាប់បណ្តឹងប្រមាថព្រះចេស្តាព្រះមហាក្សត្រនៅតុលាការ ថែមទៀតផង។ តើសម រង្ស៊ី ហ៊ានវិលមកកម្ពុជាវិញ និងប្រថុយនឹងការជាប់គុកទេ ខណៈខ្លួនមានវ័យកាន់ តែចាស់និងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងមានឈ្មោះថាជាចោរពានវាំងយ៉ាងដូច្នេះនោះ?

ហេតុផលទី៣- ក្នុងផែនការនៃការវិលត្រឡប់របស់សម រង្ស៊ី មកកម្ពុជាវិញ ក្រុមប្រឆាំងនៅក្រៅប្រទេសបានរៀបចំសកម្មភាពចំនួន ៥៖ ១)-បង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី ២)-ពង្រីកសកម្មភាពការទូត ៣)-ពង្រីកការផ្សព្វផ្សាយព័ត៌មានជុំវិញបញ្ហារសើបៗនៅក្នុងសង្គមដើម្បីបញ្ឋេះកំហឹងប្រជាពលរដ្ឋសំដៅជំរុញចលនាខាងក្នុងដែលបានបាត់បង់ជំនឿនិងសេចក្តីទុកចិត្តលើខ្លួនឱ្យកម្រើកឡើងវិញ ៤)-ទំនាក់ទំនងឱ្យស្អិតរមួតជាមួយមជ្ឈដ្ឋានអ្នកប្រជាធិបតេយ្យដើម្បីបង្ហាញថាខ្លួននៅតែមានសកម្មភាពនិងមានគេទទួលស្គាល់ និង ៥)-រៀបចំរៃអង្គាសថវិកាសម្រាប់អនុវត្តផែនការ។ ដូចការបោកប្រាស់ក្នុងការឃោសនាបោះឆ្នោតពីមុនៗដែរ នៅពេលនេះ ក្រុមក្បត់ជាតិបានប្រើប្រាស់លុយដើម្បីបោកប្រាស់ទឹកចិត្តផង និងក៏ដើម្បីជាលេសដើម្បីរៃអង្គាសប្រាក់ដាក់ហោប៉ាវខ្លួនឯងដែរ។ នេះជាការធ្វើអាជីវកម្ម លើបដិវត្តន៍ពណ៌ដើម្បីលុយ។ បន្ថែមលើ សកម្មភាពទាំង ៥ គោលដៅខាងលើ សម រង្ស៉ី បានចាប់ផ្តើមឃោសនាឱ្យកម្លាំងក្នុងស្រុក ប្រឆាំងនឹងរាជរដ្ឋាភិបាលតាមរយៈការញុះញង់ឱ្យកម្លាំងប្រដាប់អាវុធបះបោរ និងការបញ្ឆេះកំហឹងសង្គមដើម្បីញុះញង់ឱ្យប្រជាជនបះបោរប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច តាមរយៈបំផុស បំភាន់បំភ្លៃ និងបំផ្លើសព័ត៌មានលើបញ្ហារសើបរបស់សង្គម តាមគ្រប់រូបភាព។ ការរៀបចំកម្លាំងប្រឆាំងខាងក្នុង ដើម្បីគាំទ្រ និងស្វាគមន៍ការវិលត្រឡប់មកវិញរបស់ សម រង្ស៉ី គឺធ្វើឡើងក្នុងល្បិចកល ដើម្បីប្រើប្រាស់កម្លាំងទាំងនេះ ជាខែលការពារខ្លួនផង និងជាកម្លាំងប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចផង។ ដូច្នេះ ច្បាស់ណាស់ថា គោលដៅនយោបាយពិតប្រាកដនៅពីក្រោយការប្រកាសវិលត្រឡប់របស់ សម រង្ស៉ី គឺការប៉ុនប៉ងប្រមូលកម្លាំងជាថ្មី ដើម្បីដឹកនាំចលនាបដិវត្តន៍ពណ៌ជាថ្មី ដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួន។ ការបញ្ចុះបញ្ចូលឱ្យអឺរ៉ុបដក EBA ពីកម្ពុជា និងការបញ្ចុះបញ្ចូលឱ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តផែនការដ៏ពិសពុលរបស់ សម រង្ស៊ី ក្នុងគោលបំណងរុញច្រានឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលជាកត្តាអនុគ្រោះផ្នែកនយោបាយសម្រាប់ក្រុមប្រឆាំងញុះញង់ប្រមូលកម្លាំង ដើម្បីធ្វើបដិវត្តន៍ពណ៌ជាថ្មី។

ការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់សម រង្ស៊ី គឺក្នុងល្បិចកលដើម្បីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មីជាអំពើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមលក្ខណៈម្ចាស់ការទាំងផ្នែកកម្លាំង និង មធ្យោបាយអនុវត្តគ្រប់ជ្រុងជ្រោយរួចហើយ។ ផែនការជាបន្តបន្ទាប់ដែលក្រុមឧទ្ទាមខុសច្បាប់បានរៀបចំដូចជាការរៀបចំកម្លាំងក្នុងមួយឃុំចំនួន ៥ នាក់ ក្រោមលេសទៅទទួលទណ្ឌិត សម រង្ស៊ី ត្រឡប់មកវិញ គឺជាការចូលរួមក្នុងផែនការបដិវត្តន៍ពណ៌ ដែលជាទង្វើខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការច្បាប់បាននៅគ្រប់ពេល ហើយកន្លងទៅនេះ អ្នកដែលមិនគោរពតាមសាលដីកាតុលាការកំពូលជាច្រើននាក់ត្រូវបានកោះហៅទៅសាកសួរ និងខ្លះដែលនៅតែងងើលបន្តបំពានសាលដីកា និងឃុបឃិតសមគំនិតជាមួយទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន និងធ្វើការចោទប្រកាន់ផងដែរដោយសារតែពួកគេពាក់ព័ន្ធនឹងការធ្វើសកម្មភាពផ្សព្វផ្សាយផែនការត្រៀមលក្ខណៈប៉ុនប៉ុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការ ធ្វើបដិវត្តន៍ពណ៌ ការបង្កអសន្តិសុខ បំពុលបរិយាកាសសង្គម។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យក្រុម ជនក្បត់ជាតិទាំងនេះបង្កព្យុះភ្លៀង អសន្តិសុខចំពោះជាតិបានឡើយព្រោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងមួយក្តាប់តូចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍដែលកំពុងតែមាននេះបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ បញ្ជាម៉ឺងម៉ាតរួចមកហើយថា «ងើបមួយបង្ក្រាបមួយ ងើបពីរ បង្ក្រាបពីរ មិនអនុញ្ញាតឱ្យក្រុមក្បត់ជាតិបំផ្លាញកម្ពុជាបានឡើយ»។
តើនរណាជាអ្នកចំណេញពីការធ្វើនយោបាយគ្មានយុទ្ធសាស្ត្ររបស់សម រង្ស៊ី នៅពេលនេះ?

អ្នកដែលនឹងចំណេញច្រើនជាងគេក្នុងការធ្វើនយោបាយធ្លាក់ផ្លូវរបស់សម រង្ស៊ី គឺកឹម សុខា និងចៅហ្វាយនាយ បរទេសរបស់កឹម សុខា ព្រោះពេលនេះទាំងចៅហ្វាយនាយ និងកឹម សុខា មិនបានផ្តល់តម្លៃដល់សកម្មភាព របស់សម រង្ស៊ី ឡើយក្រៅតែពីអ្នកគាំទ្រខ្លួនមួយចំនួនតូចដែលកើតចេញពីបក្សប្រហារខ្មោចបក្សសង្គ្រោះ ជាតិកាលពីខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅ។ កាលពីថ្ងៃទី១៥ ខែកញ្ញា កឹម សុខា តាមរយៈសេចក្តីថ្លែងការណ៍ របស់ខ្មោចបក្សសង្គ្រោះជាតិថាខ្លួនមិនទទួលស្គាល់កិច្ចប្រជុំដែលក្រុមសម រង្ស៊ី បានធ្វើកាលពីខែធ្នូឡើយ គឺមិនទទួលស្គាល់សម រង្ស៊ី ថា ជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិ មិនទទួលស្គាល់សាខាខ្មោចបក្សសង្គ្រោះជាតិនៅក្រៅប្រទេសឡើយ។ គោលជំហរនេះត្រូវបានប្រកាសគាំទ្រដោយក្រុម កឹម សុខា និយម។

កឹម សុខា បង្ហាញគោលជំហរមិនទទួលស្គាល់រចនាសម្ព័ន្ធកើតចេញពីបក្សប្រហារខ្មោចបក្សសង្គ្រោះជាតិ ក៏ ព្រោះតែ សម រង្ស៊ី និងបក្ខពួកបាននិងកំពុងប្រើប្រាស់ហិង្សានិយមប្រឆាំងរដ្ឋអំណាច ហើយក៏ទំនងកឹម សុខា បានដឹងច្បាស់ពីល្បិចសម រង្ស៊ី ដែលព្យាយាមប្រើប្រាស់ការគំរាមប្រើហិង្សានេះដើម្បីរុញឱ្យកឹម សុខា ជាប់វណ្ឌកកាន់តែខ្លាំងនឹងទិដ្ឋភាពច្បាប់។ ដូច្នេះ កឹម សុខា មិនអាចឈរឱបដៃមើល សម រង្ស៊ី យកជីវិតរបស់ខ្លួនមកធ្វើអាជីវកម្មនយោបាយ ទាញផលចំណេញសម្រាប់ខ្លួនទៀតឡើយ។

ហេតុដូច្នេះ ឆ្លៀតពេលដែល សម រង្ស៊ី កំពុងតែបាត់បង់តម្លៃ និងប្រព្រឹត្តកំហុសយុទ្ធសាស្ត្រ ម្តងហើយម្តងទៀត ហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងត្រូវបានគេថ្កោលទោសគ្រប់ទិសទី និងកំពុងញុះញង់ឱ្យសកម្មជនខ្លួនប្រព្រឹត្តខុសច្បាប់ ត្រូវបានអាជ្ញាធរចាប់ខ្លួននិងចោទប្រកាន់តាមច្បាប់ វាគឺជាឱកាសដ៏ល្អបំផុតសម្រាប់ កឹម សុខា ត្រូវស្រង់ក្តោបយកកម្លាំងនយោបាយពីសម រង្ស៊ី មកវិញ។ ទីបំផុត សម រង្ស៊ី នឹងត្រូវគេប្រើគ្រាន់តែជាឈ្នាន់នៃផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយបរទេសខ្លួនប៉ុណ្ណោះ ហើយអ្នកដែលរង់ចាំទទួលលទ្ធផលគឺ កឹម សុខា ឯណេះ។ សម រង្ស៊ី ខ្លួនឯង បើសិនបើមិនវិលចូលកម្ពុជាវិញតាមការកំណត់ គឺជីវិតនយោបាយនឹងត្រូវបញ្ចប់ទាំងស្រុង ហើយបើសម្រេចថាវិលចូលកម្ពុជាវិញ ក៏ត្រូវបញ្ចប់តាមរយៈការវាយខ្នោះញាត់គុក។ ប៉ុន្តែសេណារីយូមួយទៀតដែលអាចកើតឡើងដែរ គឺសម រង្ស៊ី អាចនឹងត្រូវប្រឈមនឹងការបាត់បង់ជីវិត ដោយសារតែបាតដៃទី៣ អនុវត្តទ្រឹស្តី «ស្វាស៊ីបាយ លាបមាត់ពពែ» ហើយគេអាចនឹងចោទប្រកាន់ និងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា និងបង្កការញុះញង់ដើម្បីបំពេញផែនការរបស់ពួកគេ។ ដូច្នេះអ្នកដែលរងគ្រោះពិតប្រាកដនៅពេលនេះគឺអ្នកកំពុងដើរតាមនយោបាយក្បត់ជាតិរបស់ សម រង្ស៊ី ប្រព្រឹត្តទង្វើផ្ទុយពីច្បាប់ ឃុបឃិតសមគំនិតជាមួយទណ្ឌិតធ្វើបដិវត្តន៍។ អ្នកបន្ទាប់គឺសម រង្ស៊ី! ដូច្នេះសុវត្ថិភាពរបស់សម រង្ស៊ី មានតែកន្លែងមួយប៉ុណ្ណោះ គឺក្លាហានដើរចូលគុក ឬសម្ងំដេកក្នុងផ្ទះនៅស្រុកបារាំង៕

ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩

អត្ថបទទាក់ទង