ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 44
រាជរដ្ឋាភិបាលខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង រាជរដ្ឋាភិបាលខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង

គ្រោះភ័យដែលបង្កឡើងដោយជំងឺឆ្លងកូវីដ-១៩ កំពុងតែវាយលុកពិភពលោក ហើយរដ្ឋាភិបាល នៃបណ្តាប្រទេសទាំងអស់លើពិភពលោក ក្នុងនោះរួមទាំងរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការ ដ៏ក្តៅគគុកប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះដោយមិនដកដៃឡើយ។ នៅក្នុងសារថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលផ្តល់ជំនួយមនុស្សធម៌ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ «…រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះនិងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង»។ សារនេះពិតជាផ្តល់ភាពកក់ក្តៅកាន់តែខ្លាំងចំពោះប្រជាពលរដ្ឋកម្ពុជា រួមនឹងជនបរទេស ដែលកំពុងរស់នៅនិងប្រកបរបរនៅក្នុងប្រទេស ហើយកំពុងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សារនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះពលរដ្ឋរបស់ខ្លួន គឺប្រៀបបាននឹងការយកចិត្តទុកដាក់របស់ឪពុកម្តាយចំពោះកូនៗ ការផ្តល់សេចក្តីស្រឡាញ់ និងការយកអាសារ ការជួយគ្នានៅក្នុងគ្រាមានគ្រោះអាសន្នរបស់ញាតិមិត្ត។ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ ១៩ គឺជាជំងឺដែលអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាក្តីព្រួយបារម្ភគឺ «ជំងឺភ័យខ្លាច» ដែលកើតចេញពីជំងឺនេះ។

ក្នុងនាមជាប្រមុខដឹកនាំប្រទេសប្រកបដោយការទទួល ខុសត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះវិធានការទប់ស្កាត់ផលប៉ះពាល់ដែល កើតចេញពីការរីករាលដាលនៃជំងឺនេះទាំងរយៈពេលខ្លី មធ្យម និងវែងរួចរាល់ហើយ និងថែមទាំងបានចាត់វិធាន ការគ្រប់ជ្រុងជ្រោយក្នុងការជួយ អន្តរាគមន៍សង្គ្រោះ គ្រប់គ្រង និងព្យាបាលពលរដ្ឋដែលបានឆ្លងជំងឺកូវីដ ១៩។ ទោះបីជាអ្នកជំងឺមួយចំនួនបានជាសះស្បើយ និងពលរដ្ឋខ្មែរនិងបរទេសមួយចំនួនដែលស្ថិតនៅក្នុងការដាក់តាមដានត្រូវបានធ្វើតេស្តថា អវិជ្ជមាន ប៉ុន្តែវិធានការចំពោះមុខដែលដាក់ចុះ ដោយរាជរដ្ឋាភិបាលកម្ពុជាមិនបានថមថយឡើយ នៅក្នុងស្មារតីត្រៀមបង្ការគ្រប់ពេលវេលា។

រដ្ឋបាលខេត្តរាជធានីទូទាំងប្រទេស បានរៀបចំរួចជា ស្រេចនូវទីតាំង រួមមានទាំងមន្ទីរពេទ្យ សាលារៀន សណ្ឋាគារ ផ្ទះសំណាក់ជាដើមសម្រាប់ទទួលអ្នកជំងឺឆ្លងវីរ៉ុសកូវីដ ដើម្បីតាមដាន និងព្យាបាលស្របតាមអនុសា សន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ។ ជាមួយគ្នានេះ នៅទូទាំងប្រទេសកម្ពុជា អាជ្ញាធរពាក់ព័ន្ធចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំអំពីជំងឺឆ្លងកូវីដ ១៩ និងវិធានការការពារប្រឆាំងនឹងវីរ៉ុសនេះដោយចាក់ឧឃោសនស័ព្ទ ចុះជួបពលរដ្ឋដោយផ្ទាល់។ ខិត្តបណ្ណនិងប៉ាណូអំពីការអប់រំ និងវិធីសាស្ត្រទប់ស្កាត់ ការពារខ្លួនពីវីរ៉ុសកូវីដ ១៩ ក៏បានបិតនិងផ្សព្វផ្សាយយ៉ាងទូលំទូលាយរួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់បានចូលរួមយ៉ាងផុសផុលផ្សព្វផ្សាយសារអប់រំទាំងនេះ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចលនាប្រឆាំងនឹងជំងឺឆ្លងបង្កឡើងដោយវីរ៉ុសកូវីដ-១៩នេះបានកក្រើកឡើងនៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តវិធានការ អនាម័យដោយបានលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាស់នៅកន្លែងចាំបាច់ ព្រមទាំងគារវៈគ្នាទៅវិញទៅមកដោយ ប្រើវិធីសំពះតាមប្រពៃណីខ្មែរ។ ប្រជាពលរដ្ឋ បានគិតគូរពីសុខភាពជាសំខាន់ និងគោរពប្រតិបត្តិតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ «នៅពេលនេះសុខភាពគឺសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋកុំភ័យខ្លាចជំងឺកូវីដ ១៩ ជ្រុលខ្លាំងពេក»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសត្រូវមានអនាម័យហើយត្រូវចូលរួមទប់ស្កាត់ព័ត៌មានមិនពិត ដែលបំពុលសង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយពិភពលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩ ដ៏កាចសាហាវនេះ ហើយក្រសួងសុខាភិបាលកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ក្នុងការព្យាបាលនិងទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩។

រហូតមកទល់នឹងម៉ោង២១៖៣០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០ កម្ពុជាមានករណីជំងឹឆ្លងកូវីដ-១៩ ចំនួន៩១ករណីដែលភាគច្រើនលើសលុប គឺជាករណីដែលនាំចូល ចំណែកអ្នកជាសះស្បើយសម្រាប់ថ្ងៃទី២៤ ខែមីនានេះមាន៤នាក់បន្ថែមទៀត (សរុប៦នាក់)។ រហូតមកទល់នឹងពេលនេះមិនទាន់មាន ការចម្លងជំងឺកូវីដ នៅក្នុងសហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ។ ការបន្តថែរក្សាការពារ និងបង្ការកុំឱ្យមានការចម្លងវីរ៉ុសកូវីដ-១៩ នៅក្នុងសហគមន៍ គឺជាការងារចាំបាច់បំផុត ហើយការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន គឺមានសារៈសំខាន់បំផុតមិនអាចខ្វះបានឡើយ។ ការពារខ្លួនអ្នកនិងអ្នកដទៃពីការជំងឺឆ្លងកូវីដ ១៩ គឺ១) ត្រូវលាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកលាងដៃ ២) ក្អក ឬក្រដាសត្រូវខ្ទប់មាត់និងច្រមុះជាមួយក្រដាសស្អាត ៣) ត្រូវស្នាក់នៅផ្ទះប្រសិនបើមិនមានភាពចាំ បាច់ត្រូវតៅទីប្រជុំជន ៤) ត្រូវពាក់ម៉ាស់ការពារនៅពេលអ្នកឈឺ ឬនៅកន្លែងចាំបាច់មួយចំនួន ៥) រក្សាភាពស្ងៀមស្ងាត់តាមដានព័ត៌មានដែលមានភាពច្បាស់ លាស់ និងមានប្រភពផ្លូវការ ជៀសវាងស្លន់ស្លោរ ឬចលាចលដោយគ្មានមូលហេតុ។ តាមរយៈវិធានការដែលរាជរដ្ឋាភិបាលដាក់ចុះនេះបានធ្វើឱ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្ត និងបានចូលរួមដោយស្ម័គ្រចិត្តក្នុងការការពារនិងបង្ការជំងឺនេះ។

ជាមួយគ្នាននេះ ប្រជាពលរដ្ឋកម្ពុជាសូមអរគុណចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីសុខុមាលភាពប្រជាពលរដ្ឋគ្រប់ជាតិសាសន៍។ ប្រជាពលរដ្ឋខ្មែរពិតជាចងចាំជានិច្ចនូវវីរភាពរបស់ក្រុមគ្រូពេទ្យទាំងអស់ដែលលះបង់សព្វបែបយ៉ាងដើម្បីសេចក្តីសុខប្រជាពលរដ្ឋខ្មែរ។ ដើម្បីការពារសុខភាព​ពលរដ្ឋទប់ស្កាត់នឹងការឆ្លងវីរ៉ុសកូវីដ ១៩ ក្រុមគ្រូពេទ្យកម្ពុជាបានលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាដោយគ្មានខ្លាចនឿយហត់ឡើយ ហើយសូមគោរពចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ក្រុមគ្រូពេទ្យកម្ពុជាដែលជម្នះគ្រប់ឧសគ្គ ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋខ្មែរ។ នៅគ្រប់កាលៈទេសៈទាំងអស់ ក្រុមគ្រូពេទ្យនៅជិតជាប់ប្រជាពលរដ្ឋជានិច្ច! មិនថាក្នុងកាលៈទេសៈលំបាកយ៉ាងណា ក្រុមគ្រូពេទ្យនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋដើម្បីផ្តល់នូវទំនុកចិត្តសុខភាព។ អ្នកជំងឺច្រើនរូបមានសុខភាបល្អក្រោម ការព្យាបាលរបស់ក្រុមគ្រូពេទ្យកម្ពុជា។ នេះក៏បានបង្ហាញពីជំនាញ និងការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងកាលៈ ទេសៈដ៏លំបាកនេះ។ ជាមួយគ្នានេះ ការជួយពីក្រុមគ្រូពេទ្យចិនដល់ក្រុមគ្រូពេទ្យកម្ពុជាពិតជានឹងធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះកាន់តែមានប្រសិទ្ធ ភាព និងឆាប់រហ័សគ្រប់គ្រងបានថែមទៀត។

នេះគឺជាសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយសាមគ្គីភាពនេះបានកើតឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមជ្ឈមណ្ឌលសាមគ្គីជាតិ និងគុណធម៌ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រខ្មែរ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ កម្ពុជាតាមរយៈស កម្មភាពប្រកបដោយមនុស្សធម៌ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះនាវាវើស្ទ័រដាំ ឱ្យចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានបង្ហាញដល់ពិភពលោកទាងមូលថា កម្ពុជាជាប្រទេសតូចពិត ប៉ុន្តែមានចិត្តទូលាយ ដែលគុណធម៌នេះត្រូវបានចារក្នុងក្រអៅបេះដូងនៃមនុស្សជាតិទាំងមូលនៅ សតវត្សរ៍ទី២១ ក្នុងវិបត្តិកូវីដ-១៩ វិបត្តិសុខភាពពិភពលោកនេះ។ នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការចាំបាច់នានា ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋខ្លួន។

ការយកចិត្តទុកដាក់នេះរាប់ចាប់តាំងពីមូលដ្ឋានឡើងមក ជាពិសេសជាមួយបងប្អូនប្រជាពលករដែលបានចាកចេញពីប្រទេសថៃមកកាន់កម្ពុជា វិញដោយបានប្រមូលកម្លាំងសរុបមធ្យោបាយសរុបដើម្បីគ្រប់គ្រង បង្ការមិនឱ្យមានការផ្ទុះការចម្លងនៅក្នុងសហគមន៍។ នេះបង្ហាញយ៉ាងច្បាស់ពីរាជរដ្ឋាភិបាលដែលបានកើតឡើងដោយការបោះឆ្នោតគាំទ្រដោយប្រជាជន ដែលចាំបាច់ត្រូវបម្រើប្រជាជន និងចាត់ទុកទុក្ខសោករបស់ប្រជាជនគឺជាទុក្ខសោករបស់ខ្លួនដែលចាំបាច់ ទោះក្នុងតម្លៃណាក៏ដោយក៏ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើដើម្បីការ ពារឱ្យបាននូវសុខុមាលភាពប្រជាពលរដ្ឋ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ រាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០

អត្ថបទទាក់ទង