លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី រសាប់រសល់ព្រោះបណ្តឹងលោក ហ៊ុន សែន ទៅតុលាការបារាំង! »
ចាប់តាំងពីថ្ងៃដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទីក្រុងភ្នំពេញបាន ប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង កំពុងឲ្យមេធាវីសិក្សាដើម្បីដាក់ ពាក្យប្តឹងលោក សម រង្ស៊ី ពីបទ ចោទប្រកាន់ដោយគ្មានភស្តុតាងមកលើលោកហ៊ុន សែន ថាបានសម្លាប់លោក ហុក ឡងឌី មក វាហាក់បីដូចជាលោក សម រង្ស៊ី មានការភ័យស្លន់ស្លោរសាប់រសល់ ដេកមិនលក់ បក់មិនល្ហើយ ហើយចេះតែរអិលមាត់ និយាយប៉ប៉ាច់ប៉ប៉ោចអំពីពាក្យបណ្តឹងនេះ។
ខ្ញុំជឿថាលោក សម រង្ស៊ី ពិតជាដឹងខ្លួនឯងច្បាស់ណាស់ថា ពាក្យបណ្តឹងមួយនេះ ទោះជាប្តឹងនៅតុលាការប្រទេសណាក៏ដោយ មិនថាតែស្រុកខ្មែរ ឬស្រុកបារាំង នោះទេ ក៏លោក សម រង្ស៊ី ដឹងតែ ពីចាញ់ក្តីនេះ១០០% ពីព្រោះវាគឺជាការចោទប្រកាន់ដោយអារម្មណ៍តាមការនឹកឃើញស្រមើស្រមៃទៅតាមទម្លាប់ ដែលគាត់ធ្លាប់បានធ្វើកន្លងមកតែ ប៉ុណ្ណោះ។
ខ្ញុំយល់ឃើញថា ពីព្រោះតែគាត់ ដឹងថាខ្លួនថា នឹងចាញ់ក្តីទាំង
ស្រុងបែបនេះហើយទើបបានជាលោក សម រង្ស៊ី ដេកមិនលក់ បក់មិនល្ហើយ ហើយក៏«ខិតខំធ្វើយ៉ាងណា រារាំងពាក្យបណ្តឹង នេះ» កុំឲ្យទៅដល់ដៃតុលាការ បារាំង។ ប៉ុន្តែ ការរារាំងរបស់គាត់តាម «យុទ្ធវិធីវាយសំលុតដើម្បីអោយគេដកថយ» ហាក់ដូចជា មិនមានប្រសិទ្ធិភាពនោះទេ។
តាមសារជាតិនិងចារឹកក្រឡិចក្រឡុចពីកំណើតរបស់ខ្លួន លោកសម រង្ស៊ី ខិតខំនិយាយបូរបាច់ដើម្បីបង្វែរសំណុំរឿងឲ្យទៅជាសំណុំរឿងផ្សេងក្នុងបំណងក្រែងលោកនាយករដ្ឋមន្ត្រីឈប់ប្តឹងវិញ។
ប៉ុន្តែ បើយោងតាមប្រភពព័ត៌មានដែលខ្ញុំទទួលបាន ក្រុមមេធាវី និងអ្នកច្បាប់របស់រដ្ឋាភិបាលកំពុងធ្វើការងារនេះយ៉ាងសកម្ម និងយ៉ាងល្អិតល្អន់ហ្មត់ចត់បំផុតមុននឹងដាក់បណ្តឹងអោយស្រប តាមច្បាប់និងនិតិវិធីរបស់តុលាការប្រទេសបារាំងហើយក៏មិនអោយផុតអាជ្ញាយុកាលដែលអាចប្តឹង បាននោះដែរ។
ដូច្នេះ ប្រហែលជាលោក សម រង្ស៊ីឃើញថា ក្រោយពេលមានការផ្សាយព័ត៌មានថាលោក នាយករដ្ឋមន្ត្រីហ៊ុន សែនប្តឹងខ្លួនទៅតុលាការបារាំងហើយក្រោយមកបែរជាស្ងាត់ទៅវីញ ទើបគាត់ចង់ធ្វើតេស្តដើម្បី
បញ្ជាក់ថាតើលោក ហ៊ុន សែន ប្តឹងរឺអត់ ។ ត្រង់ចំណុចនេះ ខ្ញុំយល់ឃើញថា លោក សម រង្ស៊ី ពិតជាអន់រកលេខដាក់គ្មានព្រោះគ្រាន់តែមូលហេតុពិតនៃការបាត់ដំណឹងថាប្តឹងរឺមិនប្តឹង ក៏គាត់វាយតំលៃមិនត្រូវផង ហើយបែរជាបកស្រាយទៅជាថា លោក ហ៊ុន សែន កំសាកមិនហ៊ានប្តឹងឯណាឯណោះទៅវីញ។
ខ្ញុំយល់ឃើញទៀតថា លោក រង្ស៊ីមិនគប្បីចំណាយពេលវេលានិងខួរក្បាលគិតធ្វើរឿងគ្មានប្រយោជន៍ដែលធ្វើអោយខ្លួនឯងកាន់តែបាត់បង់ឥទ្ធិពល ហើយទឹកមាត់កាន់តែសាបនោះ ទៀតទេ ។ ហើយលោក សម រង្ស៊ី ក៏មិនចាំបាច់ព្យាយាមបង្អាក់ដំណើរការពាក្យបណ្តឹងនោះដែរព្រោះខ្ញុំកត់សំគាល់ច្បាស់ណាស់ថាបើ លោក ហ៊ុន សែន សំរេចធ្វើអ្វីមួយហើយគឺគាត់នឹងធ្វើទោះដោយតំលៃណាក៏ដោយហើយជាពិសេសយុទ្ធវិធីកំចាត់សត្រូវមួយរបស់លោកហ៊ុន សែនដែល លោក សម រង្ស៊ីគួរចងចាំទុក នោះគឺ«ការតាមវាយសត្រូវដល់ផ្ទះ»។
ដូច្នេះ លោកសម រង្ស៊ី គួរត្រៀមខ្លួនអោយបានល្អទើបជាការ ប្រសើរជាងដើម្បីតទល់រឿងក្តីនេះនៅឯតុលាការបារាំង។
ខ្ញុំវាយតំលៃថាប្រហែលជាមិន យូរទេ គឺនៅពេលដែលពាក្យ បណ្តឹងនោះចូលដល់តុលាការ បារាំង ចៅក្រមនឹងកោះហៅ លោក សម រង្ស៊ី ឲ្យចូលទៅបំភ្លឺជាមិនខាន។ ហើយពេលនោះ តើ លោកសម រង្ស៊ី នឹងឡើងទៅតុលាការដោយកាន់ទៅជាមួយនូវរូបថត ពីរបីសន្លឹកចម្លងចេញពីសារព័ត៌មានដែលបង្ហាញពី កម្ទេចឧទ្ធម្ភាគចក្រទៅបង្ហាញតុលាការដោយអះអាងដូចដែលគាត់ធ្លាប់និយាយប្រាប់វិទ្យុ VOA ថា ភាពខ្ទេចខ្ទាំរបស់ឧទ្ធម្ភាគចក្រនេះគឺជាភស្តុតាងដែលបង្ហាញថា លោក ហ៊ុន សែន បានដាក់គ្រាប់បែកសម្លាប់លោក ហុក ឡងឌី។ ហើយបើអញ្ជឹងមែននោះ នៅ ពេលដែលចៅក្រមតុលាការ បារាំងសំរេចកាត់អោយគាត់ ចាញ់ក្តី ខ្ញុំក៏រង់ចាំមើលដែរថា
តើ លោក រង្ស៊ីនឹងចោទតុលាការ បារាំងថាម៉េច? និងថា តុលាការបារាំងត្រូវជាអ្វីជាមួយ លោក ហ៊ុន សែនដែរ?
នរណាក៏ដឹងដែរថា សម រង្ស៊ី ជាមនុស្សពុលទឹកមាត់ហើយនិយាយចោទគេប៉ាតណាប៉ាតណីដោយគ្មានមូលដ្ឋាន។ សម រង្ស៊ី ជាមនុស្សធំធាត់ និងរៀន សូត្រនៅស្រុកបារាំង ប៉ុន្តែ ទីបំផុត ច្បាប់បារាំងក៏មិនចេះ
ច្បាប់ខ្មែរក៏មិនស្គាល់។
នៅស្រុកខ្មែរ អ្នកនយោបាយរូបនេះដឹងតែពីដើរអុជអាល ញុះញង់បង្ករឿងគ្រប់បែបយ៉ាងនិងជាជើងឯកក្នុងការនិយាយចោទគេឯងដោយគ្មានមូលដ្ឋាន។ នេះហើយជាមូលហេតុដែលធ្វើឲ្យគាត់ជាប់បណ្តឹងរាប់មិនអស់នៅតុលាការកម្ពុជា។
នៅស្រុកបារាំងដែលជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ លោក សម រង្ស៊ី ភ្លេចខ្លួនថា ស្រុកបារាំងគេមិនអាចនិយាយចោទប្រកាន់អ្នកណាម្នាក់ដោយគ្មានមូលដ្ឋានបានទេជាពិសេសការចោទ
ប្រកាន់រឿងសម្លាប់មនុស្សដែល ជារឿងធ្ងន់ធ្ងរបំផុត។ ហើយពេលដែលគាត់និយាយចោទលោក នាយករដ្ឋមន្ត្រីថា បានសម្លាប់លោក ហុក ឡងឌី ~ លោកសម រង្ស៊ី ប្រហែលជាភ្លេចគិតថា គាត់ មានសញ្ជាតិបារាំងដែរដែលគេអាចប្តឹងគាត់ទៅតុលាការបារាំងបានដូចពាក្យសុភាសិតខ្មែរពោលថា «កុកអាចភ្លេចជុងតែ ជុងមិនដែលភ្លេចកុកទេ»។
ខ្ញុំនៅចាំបានថា កាលពីឆ្នាំ ២០០៦ លោកសម រង្ស៊ី ធ្លាប់ត្រូវបានលោក ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រដើម្បីលើកលែង ទោសឲ្យរួចផុតពីសាលដីកា របស់តុលាការ។ ហើយមុននឹងឈានដល់ការលើកលែងទោស សម រង្ស៊ី ក៍បានសរសេរលិខិតសុំទោស លោក ហ៊ុន សែន ដែលខ្ញុំសូមដកស្រង់ខ្លឹមសារសំខាន់បំផុតនៅក្នុងលិខិតនោះដូចតទៅ
« ខ្ញុំមានការសោកស្តាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្ត្រី ដូចជាការចោទប្រកាន់ថា សម្តេចនាយក រដ្ឋមន្ត្រីនៅពីក្រោយការគប់
គ្រាប់បែកលើហ្វូងបាតុករថ្ងៃ ៣០ ខែមីនា ឆ្នាំ ១៩៩៧ នៅមុខរដ្ឋសភា ~ ការចោទសម្តេចនាយក រដ្ឋមន្ត្រីថា ប៉ុនប៉ងសម្លាប់ឥស្សរៈជនប្រាំនាក់ និងការចោទប្រកាន់មួយចំនួនទៀតមកលើសម្តេចនាយករដ្ឋមន្ត្រី។ ល។ និង។ល។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបថរបស់ខ្ញុំដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ ហើយចៀសវាងមិនឲ្យបញ្ហាទាំងអស់នោះកើតមានទៀត» ។
ខ្លឹមសារនៃលិខិតសារភាព សុំទោសរបស់ សម រង្ស៊ី នេះគឺជា ភស្តុតាងជាក់ស្តែងបំផុតដែល បញ្ជាក់ថា រាល់ការចោទប្រកាន់មកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងអម្បាលម៉ាណ គឺជាការចោទទាំងបំពានដែលសម រង្ស៊ី បានទទួលសារភាពកំហុស រួចហើយ។ តើ សម រង្ស៊ី មានអ្វីអាចឆ្លើយចំពោះមុខតុលាការ បារាំងបានទៀត? ភស្តុតាងក៏គ្មាន សេចក្តីសារភាពរបស់ខ្លួនក៏នៅ មានជាធរមាន ។ ដូច្នេះ សម រង្ស៊ី ក៍អាចទទួលទោសនៅចំពោះមុខតុលាការបារាំងបានដែរ។ ហើយនេះជារឿងអាម៉ាសបំផុតដែលសម រង្ស៊ី ភ័យខ្លាចហើយ
ស្លន់ស្លោ រសាប់រសល់ ចេះតែ និយាយប៉ប៉ាច់ប៉ប៉ោចពាក់ព័ន្ធនឹងបណ្តឹងនេះ។
ឆ្លៀតឱកាសនេះ រូបខ្ញុំដែលគ្រាន់តែជាអ្នកតាមដាននយោបាយតុកាហ្វេមួយរូប តែខ្ញុំអាច
សន្និដ្ធានបានច្បាស់ណាស់ថា លោកសម រង្ស៊ី ពិតជានឹងចាញ់ក្តីមួយនេះទាំងស្រុង។ ហេតុដូច្នេះ គ្មានហេតុផលណាមួយដែល លោក ហ៊ុន សែន ប្តូរចិត្តមិនប្តឹងវិញនោះឡើយ។ ម៉្យាងវីញទៀត ពាក្យបណ្តឹងមួយនេះដែលនឹងធ្វើឲ្យលោក ហ៊ុន សែន ឈ្នះលើគោក គឺពិតជាមានអត្ថន័យធំធេងចំពោះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន៖
អត្ថន័យទី១៖ គឺជាការព្រមានដល់មនុស្សមាត់ដាចដូច សម រង្ស៊ី ថា មានមាត់មិនមែនចេះតែនិយាយចោទគេបានតាមចិត្តឡើយ ទោះជានៅក្នុងប្រទេសបិតាប្រជាធិបតេយ្យក៏មិនអាចធ្វើដូច្នេះបានដែរ ពីព្រោះវាជាការបំពានសិទ្ធិអ្នកដទៃ។
អត្ថន័យទី២៖ ការសម្រេចចិត្តរបស់តុលាការបារាំងដែលឲ្យ សម រង្ស៊ី ចាញ់ក្តីនឹងក្លាយជាសារដ៏សំខាន់មួយដែលបញ្ជាក់ប្រាប់សាធារណៈមតិជាតិ និងអន្តរជាតិថា សេចក្តីសម្រេចរបស់តុលាការកម្ពុជាដែលបានផ្តន្ទាទោស សម រង្ស៊ី កន្លងទៅគឺជាសេចក្តីសម្រេចត្រឹមត្រូវ។
អត្ថន័យទី៣៖ នៅលើលោកនេះ យុត្តិធម៌ពិតជាមាន ហើយនីតិរដ្ឋក៏ត្រូវតែមាន។ យុត្តិធម៌ និងនីតិរដ្ឋ ត្រូវបែងចែកដាច់ស្រឡះពីរឿងនយោបាយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។
ទាំងអស់នេះគឺជាសន្លឹកអាត់ដែលលោក ហ៊ុន សែន មាននៅក្នុងដៃ។ ដូច្នេះ គ្មានការសង្ស័យអ្វីឡើយអំពីសំណុំរឿងមួយនេះដែលនឹងត្រូវឡើងដល់តុលាការ បារាំងក្នុងពេលដ៏ខ្លីខាងមុខដោយគ្មានការប្រែប្រួលឡើយ។
ដូច្នេះ សូម លោកសម រង្ស៊ី ឈប់ស្រមើស្រមៃទៀតចុះពាក់ព័ន្ធនឹងបណ្តឹងមួយនេះ ហើយម៉្យាងវីញទៀតបើលោក រង្ស៊ីអាចឈប់និយាយប៉ប៉ាច់ប៉ប៉ោចឥតបានការដោយសារតែកាភ័យខ្លាចរបស់ខ្លួនបានវាជាការល្អជាងព្រោះការនិយាយកាន់តែច្រើន កំហុសកាន់តែធំ ទោសកាន់តែធ្ងន់ ហើយគុកក៍កាន់តែនៅជិតផ្ទះហើយដែរ៕
ដោយៈ អ្នកតាមដាននយោបាយតុកាហ្វេ