ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារក្សាអព្យាក្រឹត្យអចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ក្នុងស្មារតីការពារឯករាជ្យ និងអធិបតេយ្យជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 99
កម្ពុជារក្សាអព្យាក្រឹត្យអចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ក្នុងស្មារតីការពារឯករាជ្យ និងអធិបតេយ្យជាតិ កម្ពុជារក្សាអព្យាក្រឹត្យអចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ក្នុងស្មារតីការពារឯករាជ្យ និងអធិបតេយ្យជាតិ

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងគូសបញ្ជាក់យ៉ាងច្បាស់នូវជំហរដ៏ច្បាស់លាស់បំផុតអំពីបន្ទាត់គោលនយោបាយការបរទេស នៃរដ្ឋាភិបាលរបស់លោក នៅចំពោះមុខលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា កម្ពុជា មិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផង ប៉ុន្តែត្រូវតែគោរពឯករាជ្យ និង អធិបតេយ្យជាតិកម្ពុជាជាដាច់ខាត។ លោក ហ៊ុន សែន ក៏បានស្នើលោក តាកាហាស៊ី ហ្វីមីអាគី ពាំនាំទៅប្រាប់សហរដ្ឋអាមេរិកថា កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក។ ហើយលោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការវាយតម្លៃថា កម្ពុជាបោះបង់ចោលអាមេរិក បែរងាកមកចាប់តែចិននោះ គឺជាការខុសទាំងស្រុង។

ជាការពិត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងលើកឡើងយ៉ាងច្បាស់បំផុតម្តងហើយម្តងទៀតថា កម្ពុជាត្រូវបង្កើនមិត្តពីខាងក្រៅក្នុងស្មារតីឯករាជ្យនិងអធិបតេយ្យជាតិ ជាពិសេស អនុវត្តឱ្យបានហ្មត់ចត់តាមគោលការណ៍នៃនីតិអន្តរជាតិក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិដោយគោរពនូវឯករាជ្យ និងអធិបតេយ្យជាតិនៃរដ្ឋដទៃទៀត ដើម្បីរួមចំណែកថែររក្សាការពារសន្តិសុខ សន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក។

ក៏ប៉ុន្តែ កន្លងមកថ្មីៗនេះមានមហាអំណាចខ្លះបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដាក់សម្ពាធមកលើរដ្ឋភិបាលកម្ពុជាក្រោមលេសការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប្រឆាំងទៅនឹងរដ្ឋធម្មនុញ្ញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោត និងដោយរំលោភទាំងស្រុងទៅនឹងបទដ្ឋានអន្តរជាតិទាក់ទងទៅនឹងការអនុវត្តនីតិការទូត និងពិធីសារកាទូតឆ្នាំ១៩៦២ រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ។ល។ ហើយពួកគេបានព្យាយាមទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងជម្លោះ ក្នុងភូមិសាស្រ្តនយោបាយ ដែលបម្រើដល់ផលប្រយោជន៍របស់ពួកគេទាំងស្រុង។ ប្រឈមនឹងបរិបទនៃការប្រកួតប្រជែង ដណ្តើមឥទ្ធិពលរបស់មហាអំណាចក្នុងតំបន់ និង ពិភពលោកបែបនេះ បានធ្វើឱ្យប្រទេសកម្ពុជា ប្រឈមនឹងការប្រទាញប្រទង់ ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាព សន្តិភាព និងសន្តិសុខប្រទេសជាតិ។ ជាក់ស្តែងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ឆ្លងតាមរយៈការបំពុលបរិយាកាសនយោបាយទាំងក្នុង និងខាងក្រៅប្រទេស ការអុជអាល បំបែកបំបាក់សង្គមជាតិកម្ពុជា ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងក្រោមរូបភាព ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេ្យ សំដៅផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជ្រើសតាំងដោយប្រជាជន គាបសង្កត់ និងចាប់បង្ខំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឱ្យដើរតាមនយោបាយបម្រើផលប្រយោជន៍ឱ្យពួកបរទេស។

ក្នុងបរិបទនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាន់យកការអនុវត្តគោលនយោបាយការបរទេសមួយយ៉ាងម៉ឹងម៉ាត់ដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិរបស់ខ្លួន មិនអនុញ្ញាតឱ្យបរទេសណាមួយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាបានជាដាច់ខាត ក្នុងការការពារផលប្រយោជន៍ជាតិ និងរក្សាបាននូវតួរនាទីយ៉ាងសកម្មរបស់ខ្លួន ក្នុងការពង្រីកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសជាមិត្ត រួមចំណែកថែរក្សាយសន្តិភាព ស្ថេរភាព នៅក្នុងតំបន់និងពិភពលោក។ ជាក់ស្តែង ក្នុងដំណើទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននេះ គឺពិតជាបានឆ្លុះបញ្ជាំងយ៉ាងច្បាស់បំផុត និងជាសារដ៏ច្បាស់បំផុត ដែលកម្ពុជា មិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែប្រទេសទាំងនោះ ត្រូវគោរពឯករាជ្យ និងអធិបតេយ្យជាតិកម្ពុជា។

ជាការពិត សារដ៏មានអត្ថន័យរបស់លោក ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់បំផុតអំពីតម្លៃជាស្នូលនៃការទូតកម្ពុជា គឺត្រូវការពារផលប្រយោជន៍ជាតិ ពិសេសការពារឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា ប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ការដាក់សម្ពាធគាបសង្កត់ យកឆន្ទៈប្រទេសធំ មកដាក់លើប្រទេសតូចដូចជាកម្ពុជាឱ្យទទួលយក ផ្ទុយពីបំណងប្រាថ្នារបស់ប្រជាជនជាម្ចាស់ឆ្នោត ប្រឆាំងនឹងឯករាជ្យ និងអធិបតេយ្យជាតិកម្ពុជា ពិសេស រំលោភសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិខ្លួនទៅវិញ។ ហើយតម្លៃស្នូលក្នុងការទូតរបស់កម្ពុជា ក្នុងបរិបទនេះ គឺពិតជាមានភាពបត់បែន និងឆ្លើយតបទៅនឹងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចនៃមហាអំណាច ដែលក្នុងន័យនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាន់យកភាពបត់បែន ថ្លឹងថ្លែងដោយប្រយ័ត្នប្រយែងក្នុងការនាំនាវាកម្ពុជាបន្តដើរលើផ្លូវដ៏ត្រឹមត្រូវ ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស និងការអភិវឌ្ឍជាតិ ដោយត្រូវទប់ទល់នឹងសម្ពាធប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ និងការប្រកួតប្រជែងដ៏តានតឹងនៃមហាអំណាចនានា ដោយឈរលើគោលការណ៍អព្យាក្រឹត្យអចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។

ដូច្នេះ សម្រាប់សារត្រង់ៗរបស់លោកនាយករដ្ឋមន្រ្តី ទៅកាន់អាមេរិក គឺពិតជាបំណងប្រាថ្នារបស់កម្ពុជា ដើការពារឯករាជ្យ និងអធិបតេយ្យជាតិ ហើយក្នុងនាមលោកជានាយករដ្ឋមន្រ្តីស្របច្បាប់ កើតចេញពីការបោះឆ្នោត មានកាតព្វកិច្ចត្រូវការពារ និងទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងដែលជ្រោមជ្រែងដោយមជ្ឈដ្ឋានអគតិខាងក្រៅប៉ុនប៉ងរំលំរដ្ឋាភិបាលស្របច្បាប់ ផ្ទុយទាំងស្រុងទៅនឹងរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យនិងឆន្ទៈរបស់ប្រជាជនដែលជាម្ចាស់ឆ្នោត ម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ហើយដែលត្រូវបានទប់ស្កាត់ទាន់ពេលវេលា តាមរយៈវិធានការផ្លូវច្បាប់ដ៏ម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព ព្រមទាំងការពារគោលការណ៍គោរពអធិបតេយ្យ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដោយធានាបន្តដើរទៅមុខយ៉ាងរឹងមាំ តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពុហបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣។

គួររម្លឹកផងដែរថា រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បានកំណត់យ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យអចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្ររួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសលកលោក។ ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។

ដូច្នេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី បាននិងកំពុងអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបាវចនារពីរ ពោលគឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីការពារឯករាជ្យ និងអធិបតេយ្យជាតិ ហើយនឹងបន្តបង្កើនទំនាក់ទំនង និងសកម្មភាពការទូតដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាលើសកលលោក ឱ្យកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយផលប្រយោជន៍ និងកិត្យានុភាពជាតិកម្ពុជា៕

ដោយ៖ ឡុង បូរិតា