ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា វិធានការច្បាប់នៅតែបន្តជាមួយអ្នកនយោបាយមានទោសក្បត់ជាតិ និងរង់ចាំធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1190
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា វិធានការច្បាប់នៅតែបន្តជាមួយអ្នកនយោបាយមានទោសក្បត់ជាតិ និងរង់ចាំធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា វិធានការច្បាប់នៅតែបន្តជាមួយអ្នកនយោបាយមានទោសក្បត់ជាតិ និងរង់ចាំធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី

(តូក្យូ, ជប៉ុន)៖ ពីលើទឹកដីជប៉ុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបង្ហាញជាថ្មីនូវជំហរដ៏ម៉ឺងម៉ាត់ចំពោះអតីតអ្នកនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមនយោបាយ ក៏ដូចជាអ្នកកំពុងជាប់ទោសទណ្ឌ។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា វិធានការផ្លូវច្បាប់នៅតែបន្តចំពោះអ្នកនយោបាយជាប់បំរាម និងមានទោសក្បត់ជាតិទាំងអស់នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងប្រកាសរង់ចាំធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី ដែលសម្តេចហៅថាជា «ឆ្កែមួយក្បាល» ជុំវិញគម្រោងក្នុងការចូលមកចាប់ខ្លួនរបស់លោក ថែមទៀតផង។

សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញវិធានការចំពោះអ្នកនយោបាយមកពីអតីតរបស់គណបក្សសង្គ្រោះជាតិ បានធ្វើឡើងក្នុងវេទិកាសំណួរចម្លើយរបស់អ្នកសារព័ត៌មានជប៉ុន NIKKEI Asia Review បន្ទាប់ពីសម្តេចថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទអន្តរជាតិស្តីពី «អនាគតអាស៊ី» លើកទី២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

សំណួររបស់អ្នកសារព័ត៌មាន NIKKEI Asia Review បានចោទទៅកាន់លោកនាយករដ្ឋមន្ត្រីនៃកម្ពុជាថា គណបក្សកាន់អំណាចក្នុងប្រទេសកម្ពុជាបានឈ្នះអាសនៈភាគច្រើននៅក្នុងសភា នាអំឡុងពេលនៃការបោះឆ្នោតចុងក្រោយនេះ។ ប្រទេសលោកខាងលិចបានរិះគន់ជុំវិញការរំលាយគណបក្សប្រឆាំង។ តើលោកគិតយ៉ាងណាដែរចំពោះបញ្ហានេះ?

ជាការចាប់ផ្តើមឆ្លើយជាមួយសំណួរខាងលើនៅចំពោះមុខអ្នកចូលរួមក្នុងវេទិកាជាច្រើនរយនាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកបង្ហាញនូវព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសអូទ្រីស ដែលអ្នកនយោបាយមកពីគណបក្សសេរីនិយម Freedom Party (FPOe) រួមមានអធិការបតី អនុអធិការបតី និងមន្ត្រីក្នុងបក្សនេះជាច្រើនទៀត បានលាលែងចេញពីតំណែងក្រោយលេចធ្លាយវីដេអូរឿងអាស្រូវមានទំនាក់ទំនងនយោបាយជាមួយស្រ្តីមហាសេដ្ឋីរុស្ស៉ី។

លោកនាយករដ្ឋមន្ត្រី ក៏បានរំលេចសម្តីរបស់លោកស្រី អេនជីឡា ម៉ាគែល អធិការបតីអាល្លឺម៉ង់ ដែលបានជំរុញឱ្យប្រទេសក្នុងតំបន់អឺរ៉ុបប្រយុទ្ធប្រឆាំងនឹងទង្វើក្បត់ជាតិដោយមានការជ្រៀតជ្រែកពីប្រទេស។ ការលើកយកបញ្ហាដ៏កក្រើកនៅតំបន់អឺរ៉ុបនេះ គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ទាញចំណាប់អារម្មណ៍ និងពន្យល់អ្នកចូលរួមក្នុងវេទិកាសំណួរចម្លើយនៅក្នុងប្រទេសជប៉ុននោះថា ការអនុវត្តន៍វិធានការផ្លូវច្បាប់ទាំងឡាយទៅមេដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិជាករណីដូចគ្នាទៅនឹងរឿងរ៉ាវកើតមាននៅប្រទេសអូទ្រីសនេះផងដែរ។

ក្តីក្តាំឈានដល់ការចាប់ខ្លួនលោក កឹម សុខា ដាក់ក្នុងពន្ធនាគារ, រំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧ និងដាក់បំរាមលើអ្នកនយោបាយមកពីអតីតគណបក្សប្រឆាំងមួយនេះ គឺបន្ទាប់ពីលោក កឹម សុខា បាននិយាយដោយផ្ទាល់មាត់ថា ការធ្វើនយោបាយរបស់លោកមានការជួយជ្រោមជ្រែង និងការរៀបចំគូសវាសផ្លូវឱ្យដើរពីមន្ត្រីរបស់សហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យបណ្តាប្រទេសទាំងឡាយត្រូវគោរពនូវវិធានការច្បាប់របស់កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀត។ «ខ្ញុំគិតយើងគួរត្រូវបានគោរពនូវវិធានច្បាប់តាមប្រទេសនីមួយៗ។ ពិតហើយយើងយល់ពីកង្វល់នានា ប៉ុន្តែគេត្រូវសិក្សាពីអង្គហេតុ និងអង្គច្បាប់ឱ្យបានច្បាស់កុំដាក់បញ្ហាទាក់ទិនរឿងផ្លូវច្បាប់ទៅជាសកម្មភាពនយោបាយ ដែលវាមិនយុត្តិធម៌សម្រាប់កម្ពុជានោះទេ ហើយវាក៏មិនយុត្តិធម៌សម្រាប់ប្រទេសទាំងឡាយ ដែលគេបានអនុវត្តន៍ច្បាប់នៅក្នុងប្រទេសរបស់គេ ហើយបែរជាយើងទៅរារាំង»។

«ខ្ញុំបាននិយាយហើយ ភាពសមស្រម មនោគមន៍វិជ្ជា ការគ្រប់គ្រង និងភាពសមស្របនៅក្នុងប្រទេសមួយ មិនប្រាកដថា យកទៅអនុវត្តន៍នៅក្នុងប្រទេសមួយផ្សេងទៀតបានទេ។ នេះវាជារឿងធម្មតាខ្លាំងណាស់។ ប្រជាធិបតេយ្យនៅប្រទេសជប៉ុន មានបែបផែនមួយ ប្រជាធិបតេយ្យនៅកូរ៉េខាងត្បូងមានបែបផែនមួយទៅ ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ប្រទេសនោះ មានបែបផែនមួយទៅ។ ដូច្នេះយើងគួរគោរពគ្នាទៅលើបញ្ហានេះ»។ នេះជាការពន្យល់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបង្ហាញជំហរជុំវិញសំណុំរឿងអតីតអ្នកនយោបាយអតីតគណបក្សប្រឆាំងផងដែរថា នៅតែបន្តចាត់វិធានការច្បាប់ចំពោះអ្នកមានទោស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសផងដែរ ពីការរង់ចាំធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី ដែលសម្តេចហៅថាជា «ឆ្កែមួយក្បាល» នោះ ជុំការប្រកាសរបស់លោកក្នុងការកៀរគរមនុស្សចូលមកចាប់លោក។

លោកនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំសូមប្រកាសថ្ងៃនេះថា វិធានការច្បាប់នឹងត្រូវតែបន្តចំពោះជនដែលត្រូវបានចោទប្រកាន់។ ទន្ទឹមនេះ ខ្ញុំក៏កំពុងរង់ចាំការធ្វើសង្គ្រាមមួយ ដែលគេបានប្រកាសថា នឹងចលនាឱ្យពលរដ្ឋខ្មែរខ្លះនៅជប៉ុន ខ្មែរខ្លះនៅកូរ៉េខាងត្បូង ខ្មែរខ្លះនៅថៃ ខ្មែរខ្លះនៅក្នុងប្រទេសកម្ពុជា ធ្វើសង្គ្រាម ដើម្បីមកចាប់ខ្ញុំ។ ដរាបគេមិនទាន់ធ្វើចប់ទេខ្ញុំក៏មិនទាន់ធ្វើអ្វីដែរ អ៊ីចឹងខ្ញុំសូមប្រកាសដោយចំហពីទីនេះ ឱ្យពិភពលោកបានដឹងថា ខ្ញុំកំពុងរង់ចាំសង្គ្រាមមួយដែលវានឹងកើតឡើង តាមរយៈការប្រកាសរបស់ជនក្បត់ជាតិ គេហៅថា ឆ្កែមួយក្បាល ដែលស្រែកពីក្រៅប្រទេស។ ប្រកាសឱ្យប្រជាពលរដ្ឋចាប់ហ៊ុន សែន។ អ៊ីចឹងខ្ញុំមិនធ្វើអ្វីផ្សេងទៀត ក្រៅតែពីដំណើរការផ្លូវច្បាប់ ហើយទុកលទ្ធភាពឱ្យឆ្កែមួយក្បាល ដែលស្រែកពីបរទេសឱ្យកងទ័ពប៉ះបោរ ឱ្យប្រជាពលរដ្ឋប៉ះបោរ ហើយចាប់ ហ៊ុន សែន យកទៅផ្តន្ទាទោសខ្ញុំទុកពេលឱ្យគេធ្វើ។ ដរាបណាគេមិនទាន់ប្រកាសចុះចាញ់សង្គ្រាមនេះទេ ខ្ញុំក៏មិនទាន់ធ្វើអ្វីផ្សេងទៀតដែរ។ ហើយខ្ញុំដំណើរការទៅតាមអ្វីដែលខ្ញុំកំពុងធ្វើ ហើយនឹងដាក់ចេញនូវគោលដៅទាក់ទិនជាមួយដំណើរការសេដ្ឋកិច្ច ហើយឥឡូវនេះទើបនឹងដំណើរការការបោះឆ្នោតក្រុមប្រឹក្សា»។

បើទោះបីជាយ៉ាងណាក្នុងវេទិកានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការផ្តល់ឱកាសរបស់លោកទៅដល់អ្នកនយោបាយជាប់បំរាមទាំងអស់នោះ ឱ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ តែការសុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬរង់ចាំរហូតដល់បំរាមរួចផុតដោយខ្លួនឯងនៅកំលុងខែវិច្ឆិកា ឆ្នាំ២០២២ ជាការសម្រេចចិត្តរបស់អ្នកនយោបាយទាំងអស់នោះ។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមដូច្នេះថា «យើងខ្ញុំបានផ្តល់លទ្ធភាពឱ្យអ្នកជាប់បំរាមធ្វើនយោបាយជ្រើសរើសខ្លួនឯងទៅ។ អ្នកឯងជ្រើសរើសការសម្រេចចិត្តមកធ្វើបក្សនយោបាយ ធ្វើនយោបាយឡើងវិញយើងខ្ញុំផ្តល់សិទ្ធិឱ្យពួកគេ។ ប៉ុន្តែយើងខ្ញុំនឹងមិនផ្តល់ឱ្យដោយគេមិនបានសុំនោះទេ។ អ៊ីចឹងគេជ្រើសរើសទៅ ខ្ញុំបានទុកលទ្ធភាពឱ្យគេជ្រើសរើសទាំងអស់។ អ្នកជ្រើសរើសចូលរួមបោះឆ្នោតឆ្នាំ២០២២ ដោយសុំសិទ្ធិធ្វើនយោបាយ ឬរង់ចាំឱ្យមានការបោះឆ្នោតឆ្នាំ២០២២ បោះឆ្នោតឃុំ សង្កាត់ ២០២២ហើយ បំរាមនឹងត្រូវចប់នៅខែវិច្ឆិកា ឆ្នាំ២០២២។ ចាំពេលនោះចាំអ្នកឯងធ្វើនោះជារឿងរបស់គេ។ ទុកសិទ្ធិឱ្យគេ។ តែខ្ញុំក៏រងចាំមើលសង្គ្រាមដែលគេបានប្រកាសនេះ តើគេធ្វើអ្វីចំពោះខ្ញុំ? ខ្ញុំទុកសេរីភាពឱ្យគេ បើយើងខ្ញុំប្រកាសខុសពីផ្លូវនេះ គេនឹងចាត់ទុកថា ខ្ញុំចាញ់សង្គ្រាម ខ្ញុំមិនអាចចាញ់សង្គ្រាម ហើយក៏រង់ចាំមើលតើគេអាចធ្វើអ្វីខ្ញុំបាន? ព្រោះគេខ្លាំងពូកែណាស់ ទៅលើការធ្វើឱ្យមនុស្សចាប់ ហ៊ុន សែន ទៅផ្តន្ទាទោសនៅពេល ហ៊ុន សែន កំពុងគ្រប់គ្រងប្រទេស» ៕

អត្ថបទទាក់ទង