ខ្មែរប៉ុស្ដិ៍ Close

    លិខិតនយោបាយ៖ មេក្លោងចលនាឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងបំផ្ទុះចលាចលជាថ្មីនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 2070
    លិខិតនយោបាយ៖ មេក្លោងចលនាឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងបំផ្ទុះចលាចលជាថ្មីនៅកម្ពុជាលិខិតនយោបាយ៖ មេក្លោងចលនាឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងបំផ្ទុះចលាចលជាថ្មីនៅកម្ពុជា

    ទណ្ឌិតរត់ចោលគុក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងបញ្ជីរង់ចាំចាប់ខ្លួនរបស់តុលាការ ដើម្បីអនុវត្តទោសក្នុងប្រទេសពីបទល្មើសព្រហ្មទណ្ឌនានា បាននិយាយញុះញង់ដោយឥតអៀនខ្មាស់ទៅកាន់បងប្អូនខ្មែរនៅក្នុងទីក្រុង Seatle សហរដ្ឋអាមេរិកដោយបំផុសឱ្យកសិករខ្មែរទាំងអស់ងើបឈរឡើងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជនល្មោភសង្គ្រាម ដែលជាកូនជឹងបរទេស និងជាកូនជនក្បត់ជាតិតសន្តានរូបនេះ ក្នុងមហិច្ឆតាដណ្តើមអំណាចក្រៅរង្វង់ច្បាប់ បាននិងកំពុងខំប្រឹងបំពុលព័ត៌មាន Fake News ជាបន្តបន្ទាប់ ក្នុងចេតនាបង្កអស្ថិរភាពសង្គមធ្វើឱ្យប្រទេសជាតិក្រឡាប់ចាក់ ក្នុងអ្វីមួយដែលត្រូវបានទណ្ឌិតរូបនេះរំពឹងទុកថា នឹងបង្កើតឱ្យសង្គមជាតិច្របូកច្របល់ ហើយជននេះ គិតថា ប្រជាពលរដ្ឋ នឹងរួចពីការជំពាក់បំណុលធនាគារ ឬក៏ជាការហៅថា “ឆាបំណុលទាំងអស់ចោល”។

    ការគិតងាយៗដូចក្មេងបៀមដៃ ឬប្រៀបបាននឹងគំនិតរវើរវាយចាក់ស្មុកបែបនេះ បានបង្ហាញពីភាពអវិជ្ជាដ៏ល្ងង់ខ្លៅរបស់ សម រង្ស៊ី ដែលបានប្រើក្បួនបោកប្រាស់ដដែលៗ បោករហូតរលាយអស់បក្ស និងរស់នៅខ្ចាត់ព្រាត់ដោយសារទង្វើបំផ្លាញជាតិខ្លួនឯង និងចង់ឃើញសង្គមក្រឡាប់ចាក់។ ក្បួនបោកនេះ គ្មានអ្វីជាអាថ៌កំបាំងឡើយ វិធីនេះ គឺជាយុទ្ធនាការខ្មៅ បម្រើឱ្យនយោបាយបរទេស លក់អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដូចនេះ ទើបទណ្ឌិត សម រង្ស៊ី ស្គាល់តែការបរាជ័យជាប់រហូតមក។ បើទោះជាគេដឹងថា ជននេះចាញ់ប្រៀបលោក ហ៊ុន សែន ក្តី តែសារជាតិរបស់កូនជនក្បត់ជាតិមិនបញ្ចប់ត្រឹមហ្នឹងទេ គឺបង្កើតនូវផែនការក្បត់ជាតិ និងប្រឌិតរឿង បំភ័ន្ត បោកប្រាស់ប្រជាពលរដ្ឋដើម្បីបន្តដង្ហើមនយោបាយរបស់គាត់។

    យើងខ្ញុំសូមទាញអារម្មណ៍ពលរដ្ឋខ្មែរឱ្យងាកមកពិចារណាលើទិដ្ឋភាពមួយចំនួន៖
    ទី១- ទណ្ឌិតរត់ចោលគុគ សម រង្ស៊ី បានប្រកាសចូលស្រុកដើម្បីចាប់លោក ហ៊ុន សែន ប៉ុន្តែមិនបានប្រកាសថ្ងៃចូលស្រុកជាក់លាក់ឡើយ។ ទង្វើនេះ ត្រូវបានគេមើលឃើញច្បាស់ក្រឡែតថា គ្រាន់តែនិយាយឱ្យតែរួចពីមាត់ តាមពិតខ្លួនឯងសោះដែលកំពុងប្រឈមមុខផ្លូវច្បាប់ក្នុងសំណុំរឿងជាច្រើនករណី និងមានទាំងសាលដីការបស់តុលាការរង់ចាំបង្គាប់ឱ្យចាប់ខ្លួនទៀតផង។ នេះបានន័យថា សម រង្ស៊ី គុកកំពុងតែរង់ចាំគាត់ស្រាប់ហើយ។

    ទី២- អំពីការ សម រង្ស៊ី ជាប់ស្អិតជាមួយនឹងលុយមូលនិធិដើម្បីបន្តបោកប្រាស់ខ្មែរនៅឯក្រៅប្រទេស ដោយគាត់ធ្វើជាភ្លេចរឿងលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យដែលបានរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនដឹងពុតត្បុតរបស់ខ្លួននិងបក្ខពួកយកទៅសប្បាយចែកចាយគ្នីគ្នា និងយកធ្វើមានបាន រហូតអស់ប្រាក់ ទូរទស្សន៍ក៏មិនឃើញ។ មិនត្រឹមតែប៉ុណ្ណោះ ទាំង សម រង្ស៊ី និងលោក កឹម សុខា បានទទួលលុយពីបងប្អូនខ្មែរនៅឯក្រៅប្រទេសជាច្រើនម៉ឺនដុល្លារទៀត រហូតផ្ទុះឡើងនូវជម្លោះរវាងអ្នកទាំងពីរក្នុងរឿងពុករលួយ កិបកេងលុយ មិនស្មោះត្រង់នឹងគ្នាទៀតផង។ គេនៅចាំបានថា លោកស្រី ឡាក់ សុភាព អតីតសមាជិកគណៈកម្មាធិការនាយកគណបក្ស ដែលបានបកអាក្រាតស្បែកមុខរបស់ សម រង្ស៊ី និងកឹម សុខា ពីបទពុករលួយត្រូវបានគេបណ្តេញចេញពីបក្សយ៉ាងអយុត្តិធម៌។

    សម រង្ស៊ី ពិតជាអ្នកនយោបាយអគុណធម៌បំផុត គាត់បានប្រព្រឹត្តអំពើបាបបោកប្រាស់ កេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដើម្បីបំរើមហិច្ឆតាខ្លួនឯង។ អំពើលាមកនេះហើយ បាននាំឱ្យមានបាបកម្មពិតជាក់ស្តែងច្បាស់ក្រឡែត គឺលទ្ធផលរលាយបក្ស និងរស់នៅខ្ចាត់ព្រាត់ពីប្រទេស។

    ទី៣- ទណ្ឌិតត្រកូលជនក្បត់ជាតិតសន្តាន មួយម៉ាត់ណាក៏ស្រែកថាជួយប្រជាជនខ្មែរ ប៉ុន្តែធាតុពិតនៅក្នុងសកម្មភាពរបស់ខ្លួនតែងតែអំពាវនាវបរទេសកុំឱ្យផ្តល់ជំនួយដល់កម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា និងកុំឱ្យវិនិយោគនៅកម្ពុជា។ តាំងពីធ្វើនយោបាយមកមិនដែលបានជួយកសាងជាតិបន្តិចសោះ ក្រៅតែពីការបំផ្លាញជាតិ និងលក់ក្បាលបម្រើនយោបាយបរទេសដើម្បីមហិច្ឆតាអំណាចសួនតួ។

    ប្រជាជនកម្ពុជាកំពុងតែរីករាយជាមួយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនខ្មែររស់នៅប្រកបដោយសុខដុមរមនា ជួបជុំក្រុមគ្រួសារ ប្រកបរបរធ្វើការទៅតាមជំនាញរៀងៗខ្លួន។ សេដ្ឋកិច្ចជាតិក៏កាន់តែមានការរីកចម្រើន ប្រាក់ខែមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត មានការកើនឡើងជារៀងរាល់ឆ្នាំ។ ទាំងអស់នេះគឺជាសមិទ្ធផលដែលបានពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែគួរឱ្យសោកស្តាយណាស់ទោះបីជាលទ្ធផលល្អរីកចម្រើនយ៉ាងណាក៏ដោយ ក៏ទណ្ឌិតក្បត់ជាតិតត្រកូល សម រង្ស៊ី មើលមិនឃើញ ប្រៀបបាននិងក្រុមមនុស្សដែលកំពុងរស់នៅកណ្តាលខ្យល់ព្យុះ ហុយដីងងឹតមេឃ ភ្នែកចូលធូលី។

    ណ្ហើយចុះ បើទណ្ឌិតរត់ចោលគុក មិនកែខ្លួន គឺជាបាបកម្មរបស់គាត់ដែលនឹងទទួលប៉ុន្តែបងប្អូនជនរួមជាតិខ្មែរ ដែលមានសតិសម្បជញ្ញៈ គប្បីកុំឱ្យបន្តចាញ់បោកទណ្ឌិតរត់ចោលស្រុកនេះតទៅទៀត។ តើបងប្អូនឱ្យជននេះ ធ្វើស្រែលើខ្នង និងបន្តបោកប្រាស់ដល់ថ្ងៃណាទៀត? ហើយបងប្អូនក៏ត្រូវចាំទុកដែរថា រាជរដ្ឋាភិបាលសព្វថ្ងៃ បាននិងកំពុងដឹកនាំប្រទេសស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស កើតចេញពីការបោះឆ្នោត មិនមែនជាការដណ្តើមអំណាច ដូចការមួលបង្កាច់របស់ទណ្ឌិត រត់ចោលគុកនោះទេ។ ប្រយ័ត្នបងប្អូនប្រឈមនឹងផ្លូវច្បាប់ បើសិនមានជាប់ពាក់ព័ន្ធចូលរួមជាមួយសកម្មភាពក្រុមចលនាឧទ្ទាមដឹកនាំដោយ សម រង្ស៊ី។ សម្រាប់ពលរដ្ឋខ្មែរក្នុងប្រទេស បានដឹងយ៉ាងច្បាស់ថា គុកកំពុងរង់ចាំ សម រង្ស៊ី មិនមែនគេអនុញ្ញាតឱ្យ សម រង្ស៊ី មកបង្កចលាចលសង្គមកម្ពុជាបានទៀតនោះឡើយ៕

    ដោយ៖ សម្លេងយុវជនខ្មែរ

    អត្ថបទទាក់ទង