ខ្មែរប៉ុស្ដិ៍ Close

សម្តី​សជាតិ​ មារយាទ​សពូជ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 7
សម្តី​សជាតិ​ មារយាទ​សពូជ​ សម្តី​សជាតិ​ មារយាទ​សពូជ​

មាត់និងអណ្តាតបង្កើតសុខផងទុក្ខផងដល់ម្ចាស់នៃចិត្ត ដែលហារស្តីមិនបានគិតឲ្យបានសមហេតុសមផលគួរនិយាយ ឬ មិនគួរនិយាយ ដែលជាសម្តីអាចនាំកើតទុក្ខភ័យ ក្តីអន្តរាយដល់បុគ្គលឯកជន ឬ កិច្ចការជាតិដែលទាក់ទងនឹងសន្តិសុខប្រទេស។ល។ យ៉ាងណាមិញ មេឧទ្ទាមក្រៅច្បាប់ ហើយក៏មានឈ្មោះជាទណ្ឌិតរត់ចោលគុកត្រូវប្រឈមមុខនឹងទោសគុកជាច្រើនឆ្នាំក្នុងសាលក្រមជាច្រើនក្នុងស្រុក តែងតែបានបន្តប្រើប្រាស់វោហាសាស្រ្តឥតចេះកោតក្រែង មានអណ្តាតចេះតែរលាស់ខ្វះការទទួលខុសត្រូវ មិនដឹងខុស មិនដឹងត្រូវ ដែលបាននាំឲ្យកើតមានទុក្ខទោស ព្រោះតែអណ្តាត។ ដោយសារតែអណ្តាត សម រង្ស៊ីបានក្លាយជាទណ្ឌិតរត់ចោលគុក​ក្នុងស្រុកជារឿងរហូត។

ដូច្នះហើយសំដីគ្មានការទទួលខុសត្រូវ គ្មានបានការ ឥតប្រយោជន៍ដែលជាចរិតធម្មជាតិពីកំណើត តពូជ ដែលសុភាសិតខ្មែរតែងពោលថា សំដីសជាតិ មារយាទសពូជ ក្នុងជីវិតនយោបាយប៉ែលប៉ោល ជើងមិនជាប់ដី ក្បាល់មិនជាប់មេឃតត្រកូលមួយនេះ។

ដោយសារតែសំដីនិយាយបរិហារកេរ្តិ៍ជាសាធារណៈរបស់មេឧទ្ទាមក្រៅច្បាប់បានបន្តចោទប្រកាន់ និងមួលបង្កាច់ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងមរណៈភាពរបស់លោក ហុក ឡង់ឌី ដែលថ្មីៗនេះ តុលាការព្រហ្មទណ្ឌក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចដាក់ សម រង្ស៊ី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជា សាធារណៈលើបុគ្គល» តាមពាក្យបណ្តឹង របស់​លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបានបញ្ចាក់ថា «មាន​តម្រុយនិងភស្តុតាងគ្រប់គ្រាន់និងស៊ីសង្វាក់គ្នាដែលបញ្ជាក់ថា បុគ្គល សម រង្ស៊ី ពិតជាបានប្រព្រឹត្តបទល្មើសដូចពាក្យបណ្តឹងចោទប្រកាន់មែន»។

មេឧទ្ទាមក្រៅច្បាប់បានហៅចំណាត់ការរបស់តុកាលារក្រុងប៉ារីសថា វាជាការឱកាសមាសដ៏កម្រដើម្បីឱ្យខ្លួនអាចបានលាតត្រដាងរឿងរ៉ាងច្រើនទៀតក្រៅកម្មវត្ថុនៃពាក្យបណ្តឹងក្នុងនីតិវិធីតុលាការ។ ការលើកឡើងឆ្គួតលីលារបស់ជនជាប់ចោទរូបនេះ គឺគ្រាន់តែជាវោហាសាស្ត្រក្រៅនីតិវិធីតុលាការប៉ុណ្ណោះ ក៏ប៉ុន្តនៅ ក្នុងនីតិវិធីវិញ ចៅក្រមសម្រេចក្តីនឹងមិនអាចអនុញ្ញាតឲ្យជនជាប់ចោទរូបនេះនិយាយក្រៅកម្មវត្ថុនៃបណ្តឹងដែលតុលាការព្រហ្មទណ្ឌមានយុត្តាធិការសម្រេចក្តីបានឡើយ។ សម្រាប់អ្នកសង្កេតការណ៍ទូទៅលើនីតិវិធីនេះ ក៏អាចមើលឃើញស្រដៀងគ្នាថា ជនជាប់ចោទរូបនេះ នឹងត្រូវមានពិរុទ្ធយ៉ាងច្បាស់ប្រាកដ ប្រសិបើ នីតិវិធីតុលាការក្រុងប៉ារីសត្រូវដំណើការខាងមុខនេះ។ ព្រោះអ្វីៗទាំងអស់នឹងត្រូវបកស្រាយការពិត អំពីពាក្យសំដីបរិហារកេរ្ត៍ និងការមួលបង្កាច់លើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្មានមូលដ្ឋាន និងភ័ស្តុតាងផ្លូវច្បាប់ច្បាស់លាស់ ប្រឌិតសាច់រឿងភ្ជាប់ទៅនឹងមរណៈភាពរបស់លោក ហុក ឡងឌី។ អ្នកសង្កតេការណ៍លើដំណើការក្តីនេះ ក៏អាចយល់ឃើញនូវសំដីគុក សំដីជាប់ទោស សំដីមានពិរុទ្ធ សំដីពោរពេញដោយការមួលបង្កាច់ ប្រឌិតសាច់រឿងខ្លួនឯងទំលាក់ដាក់លើអ្នកដទៃ ដែលទំនងមិនអាចគេចផុតពីការជាប់ពិរុទ្ធ ទទួលទោសតាមនីតិវិធីច្បាប់នៅតុលាការព្រហ្មទណ្ឌក្រុងប៉ារីសខាងមុខនេះជាក់ជាមិនខាន។

នេះជាលទ្ធផលរបស់ទណ្ឌិត ដែលពាក្យខ្មែរតែងពោលថា សំដីសជាតិ មារយាទសពូជ បានសុខទុក្ខផង ក៏ព្រោះតែអណ្តាត។ ប្រសិនបើ យើងក្រឡេកមើលដំណើរជីវិតនយោបាយរបស់សម សារី គឺ សំដី និងមារយាទរបស់សម រង្ស៊ីមិនបានចាកចោលឆ្ងាយពីទង្វើ និងសំដីឪពុករបស់ខ្លួនទេ។ សម សារីនិយាយគ្មានការទទួលខុសត្រូវ ប្រើសំដីវាយប្រហារប៉ះពាល់លើអតីតព្រះមហាក្រត្សសម្តេច ព្រះនរោត្តម សីហនុ ហើយទីបំផុតរតចោលគុកក្នុងគ្រាមួយនោះ។ រីឯ ជនជាប់ចោទរូបនេះ ដែលជាកូនក៏បានដើរក្នុងផ្លូវឪពុកនិយាយស្តីមិនចេះខ្លាចគុក អាងរត់ចោលស្រុក ជាអ្នកនយោបាយនិយាយគ្មានការទទួលខុសត្រូវ ក៏ប៉ុន្តែ បណ្តឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា ដែលជាកូនបង្កើតរបស់លោក ហុក ឡងឌី នៅពេលនេះ គឺ ពិតជាបានកំពុងដេញតាមជាន់កមេទ្ទាមក្រៅច្បាប់នេះដល់ផ្ទះនៅឯស្រុកបារាំងតែម្តង។ តើជននេះនឹងត្រូវឆ្លើយតបយ៉ាងដូចម្តេចនៅចំពោះមុខតុលាការព្រហ្មទណ្ឌក្រុងប៉ារីសខាងមុខនេះ?

សាច់រឿងនឹងពិតជាល្អមើល វាមិនមែនជាវេទិកានយោបាយដែលជនជាប់ចោទរូបនេះបានលើកឡើងថាជាឱកាសមាសដើម្បីនិយាយសាច់រឿងឆ្គួតៗចាកប្រធាន ជាសាច់រឿងក្រៅកម្មវត្ថុនៃបណ្តឹងនោះទេ។ ជាការពិត តុលាការព្រហ្មទណ្ឌក្រុងប៉ារីសមានយុត្តាធិការតែលើសាច់រឿងក្នុងកម្មវត្ថុនៃបណ្តឹងដែលខ្លួនទទួលបាន ហើយដែលតាមនីតិវិធីតុលាការនឹងចាត់ដំណើការលើអត្ថន័យ ឬ វិសាលភាពនៃបណ្តឹងដែលតុលាការនេះ​ទទួលបាន ដើម្បីចាត់ដំណើការតាមនីតិវិធីច្បាប់ប៉ុណ្ណោះ។

ឥឡូវនេះ មេឧទ្ទាមក្រៅច្បាប់ត្រូវបានតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបានសម្រេចដាក់ជាជ​នជាប់ចោទតាមនីតិវិធីតុលាការ ហើយក្នុងន័យនេះ ជននេះត្រូវសំអាងភ័សត្តុតាង ត្រូវបង្ហាញភស្តុតាងដើម្បីដោះបន្ទុកក្នុងបទបរិហារកេរ្ត៍ និងមួលបង្កាច់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បញ្ហាភស្តុតាងផ្លូវច្បាប់មានសារសំខាន់បំផុតដើម្បីដាក់បន្ទុក ឬ ដោះបន្ទុក ក្នុងនីតិវិធីចោទ និងឆ្លើយតាមកម្មវត្ថុនៃបណ្តឹងសុទ្ធសាធ។

ជារួម មហាជនទូទៅទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញថា ជនជាប់ចោទរូបនេះទំនងជាគ្មានភស្តុតាងដោះបន្ទុកទេ ព្រោះអ្វីៗដែលជនជាច់ចោទលើកឡើងសុទ្ធសឹងតែជាការបរិហារកេរ្តិ៍ និងការមួលបង្កាច់ក្នុងហេតុផលនយោបាយទុច្ចរិតរបស់ខ្លួនប៉ុណ្ណោះ។ ហើយអ្វីៗទាំងអស់សុទ្ធសឹងតែជាអណ្តាតរលាស់គ្មានកំណើត គ្មានការទទួលខុសត្រូវម្តងណាឡើយ ដែលធ្វើឲ្យជនជាប់ចោទនេះបានក្លាយជាអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីរហូតមក ស្រដៀងគ្នានឹងឪពុករបស់ខ្លួនស​ម សារី យ៉ាងដូច្នោះដែរ៕

ដោយ ឡុង បូរិតា