ការបរាជ័យរបស់លោក Pita គឺជាជ័យជម្នះរបស់ Thaksin
នៅក្នុងការបោះឆ្នោតដែលលទ្ធផលត្រូវបានគេដឹងជាមុន រួចស្រេចទៅហើយនោះ មេដឹកនាំបក្ស Move Forward (MFP) Pita Limjaroenrat បានបរាជ័យដោយមិនអាចទទួលបានការគាំទ្រគ្រប់គ្រាន់ពីសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃនោះទេ។
សមាជិកព្រឹទ្ធសភា និងសមាជិកសភាជាន់ទាបចំនួន ២៤៩ រូបដែលត្រូវបានតែងតាំងដោយយោធាដែលមាននិន្នាការគាំទ្រក្រុមចម្រុះអភិរក្សនិយមដែលដឹកនាំដោយឧត្តមសេនីយ៍ Prayut Chan-ocha បានបោះ ឆ្នោតអនុប្បវាទ ឬបោះឆ្នោតទម្លាក់លោក Pita ដែលត្រូវការសំឡេងយ៉ាងតិច ៣៧៥ នៃសំឡេងសរុប ៧៤៩។
ចំនួន ៣២៤ សំឡេងបានគាំទ្រលោក Pita, ១៨២ សំឡេងបានប្រឆាំង និង ១៩៩ បានបោះអនុប្បវាទ។ ការបោះឆ្នោតលើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដាដែលបក្ស Peua Thai ដែលស្ថិតនៅចំណាត់ថ្នាក់ទី២ អាចនឹងដាក់បញ្ចូលបេក្ខជនកំពូលរបស់ខ្លួន គឺមហាសេដ្ឋីអចលនទ្រព្យ Srettha Thavisin។ ការបោះឆ្នោតទី៣ និងចុងក្រោយអាចនឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់ទៀត។
ការប្រកួតប្រជែងផ្នែកនយោបាយអាចនឹងកើនឡើងកម្តៅកាន់តែខ្លាំងនៅថ្ងៃខាងមុខ ខណៈដែលលោក Pita នឹងត្រូវពន្យល់ដៃគូចម្រុះរបស់លោកថា «ហេតុអ្វីបានជាលោកជឿថា លោកនឹងអាចឈ្នះនៅក្នុងការ បោះឆ្នោតលើកទី២ បន្ទាប់ពីចាញ់នៅថ្ងៃនេះ»។ មនុស្សជាច្រើនជឿថា «ព្រឹទ្ធសភានិងសមាជិកសភាអភិរក្សនិយមផ្សេងទៀតនឹងមានឆន្ទៈខ្ពស់ជាងក្នុងការបោះឆ្នោតឱ្យ Srettha របស់បក្ស Peua Thai»។
ការបោះឆ្នោតនៅថ្ងៃនេះបានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានបញ្ជូនសំណុំរឿងរបស់លោក Pita ទៅកាន់តុលាការធម្មនុញ្ញ ជុំវិញការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែល ត្រូវបានហាមឃាត់ក្រោមច្បាប់បោះឆ្នោតរបស់ប្រទេសថៃ។ គណៈកម្មាធិការ EC បានស្នើឱ្យព្យួរសិទ្ធិរបស់លោក Pita ក្នុងនាមជាសមាជិកសភា ខណៈដែលសំណុំរឿងកំពុងរង់ចាំការកាត់ក្តី។
ករណីដាច់ដោយឡែកមួយទៀត ដែលត្រូវបានដាក់និងទទួលយកហើយកាលពីថ្ងៃពុធដោយតុលាការធម្មនុញ្ញ បានចោទប្រកាន់លោក Pita និងបក្ស MFP របស់លោកអំពីការព្យាយាមផ្តួលរំលំរាជាធិបតេយ្យ តាមរយៈការអំពាវនាវឱ្យធ្វើកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដែលការពារព្រះមហាក្សត្រ, ព្រះមហាក្សត្រីនិងរាជានុសិទ្ធិ ពីការរិះគន់តាមរយៈការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ១៥ ឆ្នាំ។
ការចោទប្រកាន់លើការកាន់កាប់ភាគហ៊ុន «បើយោងតាមមាត្រា ១៥១ នៃច្បាប់បោះឆ្នោត» អាចធ្វើឱ្យលោក Pita ត្រូវជាប់ពន្ធនាគារ និងត្រូវបានហាមឃាត់ពីការធ្វើនយោបាយរយៈពេល ១ ទសវត្សរ៍ ។ សំណុំរឿងស្តីពីការប្រមាថព្រះមហាក្សត្រដែលត្រូវបានប្តឹងដោយបុគ្គលឯកជន និងត្រូវបានទទួលយកដោយតុលាការកំពូល អាចនាំមកនូវការរំលាយបក្ស MFP ទាំងមូល និងការដកហូតអាសនៈរបស់សមាជិកសភានៃបក្សនេះ។
ការបោះឆ្នោតនិងការចោទប្រកាន់បានធ្វើឱ្យនយោបាយថៃកាន់តែមានសភាពតានតឹងនៅក្នុងរយៈពេល ២ ខែបន្ទាប់ពីការឈ្នះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលរបស់បក្ស MFP កាលពីថ្ងៃទី ១៤ ខែឧសភា ដោយបានឈ្នះអាសនៈចំនួន ១៥១ ក្នុងចំណោមអាសនៈសភាជាន់ទាបចំនួន ៥០០។ បក្ស Peua Thai ដែលជាបក្សប្រឆាំងយោធាដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra បានព្យាករថានឹងទទួលបានអាសនៈចំនួនជាង ៣០០ ក៏ប៉ុន្តែបានទទួលត្រឹម ១៤១ អាសនៈប៉ុណ្ណោះ។

បក្ស Palang Pracharat និងបក្ស United Thai Nation ដែលជាបក្សសម្ព័ន្ធរបស់យោធា បានឈរនៅលេខរៀងទី៤ និងទី៥ ដោយទទួលបានអាសនៈ ៤០ និង ៣៦ រៀងៗខ្លួន។ លទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់អំពីការអំពាវនាវឱ្យបញ្ចប់ការគ្រប់គ្រងរយៈពេលជិតមួយទស្សវត្សរបស់យោធាក្រោមការដឹកនាំរបស់លោក Prayut។ ជាក់ស្តែងទីក្រុងបាងកកដែលជាបេះដូងនៃអំណាចនយោបាយ, សេដ្ឋកិច្ចនិងរាជវង្សថៃបានបោះឆ្នោត ផ្តល់អាសនៈដល់បក្ស MFP ចំនួន ៣៥ ក្នុងចំណោម ៣៦ អាសនៈ។
លោក Prayut បានប្រកាសចូលនិវត្តន៍ពីនយោបាយនៅក្នុងសប្តាហ៍នេះ ហើយត្រូវបានគេរំពឹងថានឹងទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ ដែលជាស្ថាប័នរាជានិយមដែលផ្តល់ដំបូន្មានដល់ព្រះមហាក្សត្រ និងធ្លាប់ជាស្ថាប័នដ៏សំខាន់នៃអំណាចស្វ័យភាពរបស់ខ្សែររាជវង្សដែលបានរលាយបាត់ចាប់តាំងពីរជ្ជកាលថ្មីរបស់ Maha Vajiralongkorn។
គោលដៅរបស់បក្ស Move Forward គឺការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រដែលត្រូវ បានកំណត់ដោយមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ។ ក្រុមរាជានិយមជាច្រើនជឿថា «ការអំពាវនាវរបស់បក្ស MFP ក្នុងការធ្វើវិសោធនកម្មច្បាប់ និងការដាក់ទណ្ឌកម្ម គឺមានគោលបំណងកាត់បន្ថយអំណាចនិងបុព្វសិទ្ធិរបស់រាជាធិបតេយ្យ បូករួមទាំងការគ្រប់គ្រងរបស់ព្រះមហាក្សត្រលើការិយាល័យទ្រព្យសម្បត្តិរាជបល័ង្គ និងអង្គភាពយោធាកំពូលដែលថ្មីៗនេះត្រូវបានបញ្ចូលទៅក្នុងឆ្មាំឯកជនរបស់ស្តេច»។
ថ្វីបើបក្សកំពូលទាំង២ ឥឡូវនេះស្ថិតនៅក្នុងសម្ព័ន្ធភាពជាមួយគ្នាក៏ដោយ ក៏វាអាចនឹងរងការបែកបាក់យ៉ាងឆាប់រហ័ស បន្ទាប់ពីការបោះឆ្នោតសភាថ្ងៃនេះប្រឆាំងនឹងលោក Pita បូករួមនឹងលទ្ធភាពកាន់តែខ្ពស់ដែលថា «បក្ស MFP អាចនឹងត្រូវបានរំលាយដោយដីការបស់តុលាការនៅប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខ»។ បក្ស MFP និង Peua Thai បានស្ថិតក្នុងស្ថានភាពតានតឹងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ជុំវិញការតែងតាំងប្រធានសភាដែលចុងក្រោយបានប្រគល់ទៅឱ្យដៃគូចម្រុះវ័យក្មេងដើម្បីបំបែកភាពជាប់គាំង។
បក្ស Peau Thai បានបដិសេធមិនចុះហត្ថលេខាជាមួយបក្ស MFP លើ MOU ដែលតម្រូវឱ្យដៃគូចម្រុះគាំទ្ររបៀបវារៈកំណែទម្រង់និងច្បាប់ប្រមាថព្រះមហាក្សត្រ។ អ្នកនយោបាយនៃបក្ស Peua Thai មួយចំនួន ដូចជាអតីតប៉ូលីសនិងអតីតឧបនាយករដ្ឋមន្ត្រី Chalerm Yubamrung បានវាយប្រហារទៅលើភាពគ្មានបទពិសោធន៍របស់បក្ស MFP ។

បក្ស Peua Thai ត្រូវបានគេជឿថាបានបរាជ័យនៅក្នុងការបោះឆ្នោត ដោយសារតែការយល់ឃើញដ៏ទូលំទូលាយដែលថា «បក្សនេះអាចចូលរួមនៅក្នុងសម្ព័ន្ធភាពជាមួយបក្ស PPRP ដែលបានចងសម្ព័ន្ធមិត្តជាមួយនិងយោធា ដើម្បីបង្កើតរដ្ឋាភិបាលបង្រួបបង្រួម»។ ជាក់ស្តែង បក្ស MFP បានធ្វើយុទ្ធនាការជាមួយការសន្យាថានឹងមិនចាប់ដៃជាមួយ «ពូ» ដោយសំដៅ ទៅលើលោក Prayut និងឧត្តមសេនីយ Prawit Wongsuwan ដែលឥឡូវនេះកំពុងដឹកនាំបក្ស PPRP និងនៅតែជាបេក្ខជននាយករដ្ឋមន្ត្រីដ៏មានសក្តានុពល។
សារយុទ្ធនាការត្រូវបានផ្សព្វផ្សាយយ៉ាងប៉ិនប្រសប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជាហេតុអាចស្រូបទាញបាននូវអ្នកគាំទ្ររបស់បក្ស Peua Thai។ អ្នកការទូតនិងអ្នកសង្កេតការណ៍ក្នុងស្រុកដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានលើកឡើងអំពីកិច្ចប្រជុំមុនការបោះឆ្នោតយ៉ាងហោចណាស់ចំនួន ៣ រវាង Pojaman Na Pombejra (ដែលជាអតីតភរិយារបស់លោក Thaksin និងជាអ្នកមានអំណាចនៅពីក្រោយបក្ស Peua Thai) ជាមួយនិងមន្ត្រីរាជវាំងកំពូលដែលកិច្ចព្រមព្រៀងរដ្ឋាភិបាលបង្រួបបង្រួមអាចត្រូវបានគេលើកយកមកពិភាក្សា ជាពិសេសជុំវិញការសម្រេចឱ្យនរណាគ្រប់គ្រងយោធានៅក្នុងរចនាសម្ព័ន្ធបែបនេះ។
ការពិភាក្សាទាំងនោះអាចធ្វើឱ្យលោក Thaksin វិលត្រឡប់ពីការនិរទេសខ្លួននៅក្នុងខែកក្កដាដែលនឹងទាមទារឱ្យមានការលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីចៀសវាងការជាប់ពន្ធនាគារ។ ថ្មីៗនេះ លោក Thaksin បានពន្យារពេលនៃការវិលត្រឡប់មកផ្ទះវិញរហូតដល់ស្ថានការណ៍នយោបាយមានស្ថិរភាព។
នៅក្នុងសញ្ញាមួយផ្សេងទៀតនៃកិច្ចព្រមព្រៀងដែលអាចទៅរួចនោះ សំណុំរឿងរបស់គណៈកម្មាធិការប្រឆាំងនឹងអំពើពុករលួយជាតិ ដែលមិនទាន់បានសម្រេចប្រឆាំងនឹងលោក Thaksin ជុំវិញអំពើពុករលួយទាក់ទងនឹងក្រុមហ៊ុន Thai Airways ដែលបានកើតឡើងតាំងពីឆ្នាំ ២០០៣ ក៏ត្រូវបានទម្លាក់ចោលនៅត្រឹមតែប៉ុន្មានម៉ោងមុនការបោះឆ្នោតសភា។
អ្នកខ្លះយល់ថា «ការចូលនិវត្តន៍ពីនយោបាយរបស់លោក Prayut គឺជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងជាមួយនឹងលោក Prawit ដែលជាមិត្តរបស់លោក Thaksin Shinawatra»។ ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា «តើលោក Thaksin និង Pojaman ពិតជាចង់លុបចោលទាំងស្រុងនូវជំហរប្រឆាំងយោធាដ៏យូរលង់របស់បក្ស Peua Thai ហើយហ៊ានប្រថុយ នាំលោក Thaksin ឱ្យវិលត្រឡប់មកផ្ទះវិញ និងឱ្យបក្ស Peua Thai ឡើងកាន់អំណាចក្នុងនាមជាអ្នកការពារជាជាងជាគូប្រជែង និងជាបក្សប្រឆាំងនឹងផលប្រយោជន៍របស់ក្រុមអភិរក្សនិយមដែរឬទេ»។

អ្វីដែលច្បាស់នោះគឺ «ស្ថាប័នអភិរក្សនិយមដែលរួមបញ្ចូលទាំងរាជវាំង, ក្រុមយោធា និងគ្រួសារធុរកិច្ចកំពូលៗ នឹងចាត់ទុករបៀបវារៈកំណែទម្រង់របស់បក្ស MFP ជាការគំរាមកំហែងដ៏ធំ»។ បញ្ហាចម្បងសម្រាប់លោក Pita និងបក្ស MFP គឺថា «រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយបក្ស Peua Thai ដែលមិនរាប់បញ្ចូលពួកគេក្រោមលេសស្ថិរភាព ជាមួយនិងហានិភ័យនៃការដកសិទ្ធិរបស់លោក Pita និងការរំលាយបក្ស MFP នឹងមើលទៅមានលក្ខណៈប្រជាធិបតេយ្យ បើទោះបីជាមិនមានស្មារតីនិងខ្លឹមសារប្រជាធិបតេយ្យពិតប្រាកដក៏ដោយ»។
ការកែសម្រួលតាមបែបអភិរក្សនិយមច្បាស់ណាស់ នឹងប្រឆាំងនឹងលោក Pita ដោយក្នុងនោះ បក្ស Peua Thai អាចជាផ្នែកមួយនៃការកែសម្រួលនោះ ហើយវាអាចនឹងមានការពិបាកសម្រាប់ក្រុមអ្នកគាំទ្រកំណែ ទ្រង់របស់លោក Pita ក្នុងការធ្វើបាតុកម្មតវ៉ាប្រឆាំង៕
Asia Times