ខ្មែរប៉ុស្ដិ៍ Close

វៀតណាមមើលឃើញអនាគតរួមគ្នាជាមួយចិនជាជាងជាមួយអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 58
វៀតណាមមើលឃើញអនាគតរួមគ្នាជាមួយចិនជាជាងជាមួយអាមេរិក ប្រធានរដ្ឋចិន លោក Xi Jinping និងមេដឹកនាំវៀតណាម លោក Nguyen Phu Trong កំពុងយល់ស្របគ្នាលើបញ្ហាជាច្រើន។ រូបភាព៖ China Daily

ការលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc កាលពីខែមុន ត្រូវបានមនុស្សមួយចំនួនចាត់ទុកជារឿងដែលចៀសមិនរួច។ ប្រព័ន្ធផ្សព្វផ្សាយមានការសង្ស័យអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ពាក់ព័ន្ធនឹងបញ្ហារឿងអាស្រូវពុករលួយដែលមានជាប់ទាក់ទងនឹងសមាជិកគ្រួសាររបស់លោក Phuc។

សូមអាន តើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាម នឹងបង្កផលប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ខ្លួនដែរឬទេ នៅចំពេលកើតមានការប្រកួតប្រជែងរវាងអាមេរិកនិងចិន?

មន្ត្រីរាប់សិបនាក់ បូករួមទាំងឧបនាយករដ្ឋមន្ត្រីចំនួន ២ រូបត្រូវបានដកចេញពីតំណែងដោយសាររឿងអាស្រូវដ៏ធំជុំវិញការកំណត់តម្លៃ និងការទិញឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ-១៩ ក៏ដូចជាការទទួលសំណូកជាថ្នូរនឹងការផ្តល់កៅអីនៅលើជើងហោះហើរ ដែលបញ្ជូនពលរដ្ឋវៀតណាមពីបរទេសមកកាន់ប្រទេសវិញ នៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត។

វិធានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំរបស់អគ្គលេខាគណបក្សកុម្មុយនីស្តវៀតណាម (CPV) គឺលោក Nguyen Phu Trong ត្រូវបានពង្រឹងនិងមានសន្ទុះកាន់តែខ្លាំងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិធានការទាំងនេះហាក់ត្រូវបានជំរុញដោយក្តីបារម្ភដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងការលើកឡើងរបស់គណបក្សកុម្មុយនីស្តចិន (CPC) និងប្រធានាធិបតី Xi Jinping ។

កម្លាំងរុញច្រាននៅពីក្រោយរឿងនេះគឺ «ភាពស្របច្បាប់របស់បក្សកុម្មុយនីស្តវៀតណាមក្នុងឋានៈជាគណបក្សកាន់អំណាច»។ អាទិភាពរបស់បក្សកុម្មុយនីស្តវៀតណាមបានផ្លាស់ប្តូរ បន្ទាប់ពីរយៈពេលជាច្រើនទសវត្សរ៍នៃកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍។ វៀតណាមស្ថិតនៅពីក្រោយតែហុងកុង និងសិង្ហបុរីប៉ុណ្ណោះ នៅពេលនិយាយដល់កាលានុវត្តភា នៃសេដ្ឋកិច្ចក្នុងតំបន់។

ក្នុងនាមជាសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីបរទេស ការលើកកម្ពស់បរិយាកាសដែលមានសុខុមាលភាពល្អសម្រាប់ការធ្វើអាជីវកម្ម តាមរយៈការទប់ស្កាត់អំពើពុករលួយដែលកំពុងរីករាលដាលគឺជារឿងដ៏ចាំបាច់ និងបន្ទាន់បំផុតដើម្បីទាក់ទាញវិនិយោគិនបរទេស ជាពិសេសនៅពេលដែលក្រុមហ៊ុនផលិតអន្តរជាតិបាននិងកំពុងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេចេញឆ្ងាយពី ប្រទេសចិន។

ជាថ្មីម្តងទៀត បញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចអាចបង្កឱ្យមានការមិនពេញចិត្តនៅក្នុងចំណោមប្រជាជន និងអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម, ធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ ហើយនៅទីបំផុត អាចនាំទៅ រកការបាត់បង់ទំនុកចិត្តរបស់ប្រជាជនចំពោះភាពស្របច្បាប់របស់បក្សកុម្មុយនីស្តវៀតណាម។

សន្ទស្សន៍នៃការយល់ឃើញស្តីអំពីអំពើពុករលួយឆ្នាំ ២០២១ របស់អង្គការតម្លាភាពអន្តរជាតិ បានចាត់ចំណាត់ថ្នាក់ប្រទេសចិននៅលេខរៀងទី ៦៦ ក្នុងចំណោមប្រទេសចំនួន ១៨០ និងវៀតណាមនៅលេខរៀងទី ៨៧ ក៏ប៉ុន្តែបើនិយាយពីពិន្ទុវិញ ប្រទេសចិនទទួលបានត្រឹមតែ ៤៥ លើ ១០០ ប៉ុណ្ណោះ ខណៈដែលវៀតណាមទទួលបាន ៣៩ ពិន្ទុ។

កាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ «សេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Trong ទៅកាន់ទីក្រុងប៉េកាំងនៅក្នុងខែវិច្ឆិកា (លោកគឺជាឥស្សរជនបរទេសដំបូងគេដែលបាន ទៅទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីសមាជរបស់បក្សកុម្មុយនីស្តចិន នៅក្នុងខែតុលា) បានចាត់ទុកការទប់ស្កាត់ និងការគ្រប់គ្រងអំពើពុករលួយ និងបាតុភូតអវិជ្ជមានជាវិស័យដែលនឹងត្រូវសហការគ្នារវាងវៀតណាមនិងចិន»។

បក្សកុម្មុយនីស្តវៀតណាមកំពុងអនុវត្តយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយរបស់ប្រទេសចិន និងត្រូវបានគេរាយការណ៍ថាបានស្នើសុំឱ្យប្រទេសចិនជួយបណ្តុះបណ្តាលកម្មាភិបាលរបស់ខ្លួនឱ្យធ្វើការស៊ើបអង្កេតប្រឆាំងនឹងអំពើពុករលួយ។ ការអនុវត្តអភិបាលកិច្ចតាមបែបចិនក៏មានវត្តមាននៅក្នុងប្រទេសវៀតណាមផងដែរ ដែលរួមមានដូចជាការកើនឡើងនៃការគ្រប់គ្រងលើប្រព័ន្ធអ៊ីនធឺណិត, ការពង្រឹងអំណាចរបស់គណបក្ស, វត្តមានរបស់រដ្ឋកាន់តែច្រើននៅក្នុងសេដ្ឋកិច្ច និងការកាត់បន្ថយឥទ្ធិពលរបស់វិស័យអាជីវកម្មឯកជន។

កាលពីឆ្នាំមុន សមាជិកនៃបក្សកុម្មុយនីស្តវៀតណាមចំនួន ៥៣៩ នាក់ត្រូវបានកាត់ទោស ឬរងនូវការពិន័យដោយសារការប្រព្រឹត្តិអំពើពុករលួយ និងការប្រព្រឹត្តខុសដោយចេតនា ដោយក្នុងនោះរួមមានទាំងរដ្ឋមន្ត្រី, មន្ត្រីជាន់ខ្ពស់ និងអ្នកការទូត ខណៈដែលករណីពុករលួយដែលប៉ូលីសបានស៊ើបអង្កេតមានចំនួនរហូតដល់ ៤៥៣ ករណី ដោយបានកើនឡើង ៥០% បើប្រៀបធៀបនឹងឆ្នាំ ២០២១។

នៅក្នុងសំបុត្រអបអរពិធីចូលឆ្នាំរបស់ពួកគេកាលពីប៉ុន្មានសប្តាហ៍មុន លោក Xi បានសរសេរទៅកាន់លោក Trong ថា «ចិននិងវៀតណាមគឺជាសហគមន៍មួយ ដែលមានអនាគតរួមគ្នានិងដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ»។ លោកTrong បាននិយាយថា «លោកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយលោកអគ្គលេខាបក្ស Xi Jinping ដើម្បីជំរុញឱ្យគណបក្សទាំងពីរ និងប្រទេសទាំងពីរ បន្តអភិវឌ្ឍ និងឈានដល់កម្រិតថ្មី»។

យុវជនកុម្មុយនីស្តវៀតណាមនិងចិន គ្រវីទង់ដើម្បីស្វាគមន៍ប្រធានាធិបតីចិន Xi Jinping និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong ក្នុងជំនួបនៅទីក្រុងហាណូយ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ រូបថត៖ AFP/Na Son Nguyen

ការលើកទឹកចិត្តនៅពីក្រោយវិធានការប្រឆាំងនឹងអំពើពុករលួយទាំងនៅក្នុងប្រទេសចិន និងនៅវៀតណាមគឺ «ការធានាថាបក្សកុម្មុយនីស្តនឹងបន្តទទួលបានការគាំទ្រពីប្រជាជន ដើម្បីអាចឱ្យបក្សពង្រឹងសារៈសំខាន់របស់ខ្លួននៅក្នុងឆាកនយោបាយរបស់ប្រទេស»។ បក្សកុម្មុយនីស្តវៀតណាមកំពុងសម្លឹងមើលទៅកាន់បងធំរបស់ខ្លួនគឺ «គណបក្សកុម្មុយនីស្តចិន» សម្រាប់ទិសដៅនៅក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសេដ្ឋកិច្ចឱ្យក្លាយជា «ប្រទេសសង្គមនិយមទំនើប និងអភិវឌ្ឍន៍» (ជាគោលដៅដែលបានកំណត់នៅក្នុងសមាជបក្សនៅឆ្នាំ ២០២១)។

វាមិនមែនជាការចៃដន្យទេដែលមេដឹកនាំគណបក្សដែលត្រូវបានបណ្តេញចេញភាគច្រើន គឺជាក្រុមលោកខាងលិច ឬជា «អ្នកបច្ចេកវិជ្ជានិយម» ហើយរឿងនេះបានបង្ហាញថា «លោក Trong ពិតជាមានការព្រួយបារម្ភអំពីមនោគមវិជ្ជា និងភាពរួបរួមរបស់គណបក្ស»។ លោក Trong ត្រូវបានគេរាយការណ៍ថាមានការខកចិត្តយ៉ាងខ្លាំងចំពោះបណ្តាញបក្ខពួកនៅក្នុងជួរគណបក្ស។

លោក Phuc ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រី (២០១៦-២០២១) ត្រូវបានគេកោតសរសើរយ៉ាងទូលំទូលាយ ដោយសារការពន្លឿនការធ្វើកំណែទម្រង់ដែលមានទំនោរគាំទ្រការធ្វើអាជីវកម្ម។ ការអត្ថាធិប្បាយនៅ Deutsche Welle កាលពីខែមុន បានពណ៌នាលោក Phuc ថាជា «អ្នកដឹកនាំដែលមានទំនោរបែបលោកខាងលិច»។

ការអត្ថាធិប្បាយបានលើកឡើងទៀតថា «លោកត្រូវបានគេចាត់ទុកជាអ្នកបច្ចេកទេសដ៏សំខាន់ម្នាក់នៅក្នុងជួរគណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច ហើយលោកបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋធានីលោកខាងលិចនៅក្នុងអំឡុងពេលដែលលោកកំពុងកាន់តំណែង។ ការរុះរើតំណែងនេះអាចត្រូវបានធ្វើឡើងដើម្បីពង្រឹងអំណាចរបស់ឥស្សរជនសន្តិសុខរបស់ប្រទេស»។

ទស្សនៈនេះត្រូវបានចែករំលែកជាទូទៅដោយអ្នកវិភាគលោកខាងលិច ដោយក្នុងនោះការវិភាគរបស់ Deutsche Welle បានបន្ថែមថា «ទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយរបស់វៀតណាមជាមួយបណ្តារដ្ឋលោកខាងលិចមានភាពប្រសើរឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ប៉ុន្តែសមាជិកនៃគណបក្សកុម្មុយនីស្តវៀតណាមនៅតែមានការសង្ស័យចំពោះចេតនារបស់លោកខាងលិច។ ពួកគេភ័យខ្លាចថា លទ្ធិប្រជាធិបតេយ្យលោកខាងលិចអាចនាំមកនូវផ្លាស់ប្តូររបបនៅក្នុងរដ្ឋឯកបក្ស ហើយពួកគេក៏បានសម្តែងការមិនពេញចិត្តផងដែរចំពោះអង្គការបរទេសដែលបានប្រៀនប្រដៅរដ្ឋាភិបាលអំពីសិទ្ធិមនុស្ស»។

ក្រុមសន្តិសុខសាធារណៈតែងមានការប្រុងប្រយ័ត្នបំផុតចំពោះការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសប្រជាធិបតេយ្យលោកខាងលិច។ ទន្ទឹមគ្នានេះដែរ អ្នកការទូតបរទេសក៏បាត់បង់យ៉ាងច្រើននូវប្រភពដ៏គួរឱ្យទុក ចិត្តបំផុតរបស់ពួកគេ នៅក្នុងគណបក្ស ដែលនោះគឺមន្ត្រីដែលធ្លាប់បានផ្តល់ព័ត៌មាននិងការគាំទ្រក្រៅផ្លូវការដល់ពួកគេ។

អ្នកវិភាគលោកខាងលិចមួយចំនួនបានប្រៀបធៀបការលើកឡើងរបស់លោក Trong អំពីសិទ្ធិអំណាចទៅនឹងការបង្រួបបង្រួមអំណាចនៅក្នុងប្រទេសចិនក្រោមការដឹកនាំរបស់លោក Xi។ លោក Bill Hayton ដែលជាអ្នកឃ្លាំមើលកិច្ចការវៀតណាមដ៏ល្បីល្បាញ និងជាអ្នកនិពន្ធសៀវភៅ «Vietnam: The Rising Dragon» បាននិយាយថា «មេដឹកនាំវៀតណាមបានចាត់ទុកគណបក្សកុម្មុយនីស្តចិនជាមិត្ត នៅក្នុងការតស៊ូរបស់ពួកគេដើម្បីរក្សាការគ្រប់គ្រងលើប្រទេសវៀតណាម»។

លោក Hayton បានសង្កត់ធ្ងន់ថា «វាអាចជាសញ្ញាព្រមានមួយនៅពេលដែលមនុស្សទាំងនេះមិនបានបង្ហាញចេតនាចង់ទទួលយកសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្ត និងបានបង្ហាញពីការការពារយ៉ាងខ្លាំងចំពោះស្វ័យភាព និងរបៀបនៃការធ្វើការរបស់ពួកគេ។ ពួកគេបានចាត់ទុកប្រទេសចិនជាដៃគូមនោគមវិជ្ជាល្អប្រសើរជាង បើប្រៀបធៀបនឹងអាមេរិក»។

លោកបានបន្តថា «វៀតណាមអាចនឹងបន្តព្យាយាមរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនជារៀងរហូត ហើយវៀតណាមក៏នឹងមិនប្រញាប់ប្រញាល់រត់ទៅរកសហរដ្ឋអាមេរិកភ្លាមៗពេកនោះដែរ»។ ភាពច្របូកច្របល់បែបនេះប្រហែលជាបណ្តាលមកពីការខកចិត្តដែលវៀតណាមត្រូវបានផាត់ចេញពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក។

លោក Phuc ធ្លាប់បានទទួលខុសត្រូវលើការជំរុញ និងពង្រឹងទំនាក់ទំនងជាមួយអាមេរិក តាមរយៈការជួបជាញឹកញាប់ជាមួយនាយកប្រតិបត្តិកំពូលៗ និងមានវត្តមានជាទៀងទាត់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos នៃប្រទេសស្វីស។ ប៉ុន្តែបញ្ហាគឺ «គោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាមនឹងមិនអាចទទួលបានការផ្លាស់ប្តូរនោះទេ នៅក្រោមការដឹកនាំរបស់ប្រធានគណបក្ស គឺលោក Trong»។

ការព្រួយបារម្ភដ៏ពិតប្រាកដរបស់លោកខាងលិចគឺ «លំនឹងថាមពលនៅក្នុងគណបក្សកុម្មុយនីស្តវៀតណាម និងនៅក្នុងរដ្ឋាភិបាលនៅពេលឥឡូវនេះអាចនឹងងាកទៅបម្រើផលប្រយោជន៍របស់ចិន និងរុស្ស៊ី»។ វាអាចមានការពន្យល់ដ៏សមហេតុផលមួយជុំវិញការដកលោក Phuc : ថ្នាក់ដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមមានការមិនទុកចិត្តចំពោះមេដឹកនាំដែលបានចូលរួមដោយផ្ទាល់នៅក្នុងវិស័យអាជីវកម្មនិងអំពើពុករលួយ ដោយសារវាអាចបង្កការគំរាមកំហែងចំពោះបូរណភាព និងភាពស្របច្បាប់របស់គណបក្ស។

សេចក្តីប្រកាសរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមស្តីពីការចាកចេញរបស់លោក Phuc បានលើកឡើងនូវការកោតសរសើរយ៉ាងពេញទំហឹងដល់លោក ក៏ប៉ុន្តែវាក៏បានអះអាងដែរថា «លោកមានទំនួលខុសត្រូវផ្នែកនយោបាយ ក្នុងនាមជាមេដឹកនាំ ខណៈដែលមន្ត្រីជាច្រើនរបស់លោក បូករួមទាំងឧបនាយករដ្ឋមន្ត្រី ២ រូប និងរដ្ឋមន្ត្រី ៣ រូបបានប្រព្រឹត្តកំហុសដែលបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះមុខបក្ស និងប្រជាជន លោក Phuc បានដាក់ពាក្យសុំលាលែងពីមុខតំណែងដែលបានកំណត់ និងសម្រេចចូលនិវត្តន៍»។

ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc ត្រូវបានបង្ខំឱ្យចាកចេញពីតំណែងមុនកាលកំណត់។ រូបថត៖ Asia Times

គួរកត់សម្គាល់ផងដែរថា «វិទ្យុអាស៊ីសេរី (RFA) ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាមេរិក បានលើកឡើងនូវការរិះគន់ថា ការរុះរើតំណែងនេះអាចបង្កើតឱ្យមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងនៅក្នុងដំណើរឆ្ពោះទៅរកការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សនៅឆ្នាំ ២០២៦»។ លោក Phuc ត្រូវបានចាត់ទុកជាតំណាងដ៏គួរឱ្យជឿជាក់សម្រាប់វិស័យពាណិជ្ជកម្មរបស់វៀតណាម និងសម្រាប់វិនិយោគិនបរទេស ហើយការចាកចេញរបស់លោកពិតជាបានបង្ហាញអំពីការបែកបាក់គ្នានៅថ្នាក់មេដឹកនាំកំពូលរបស់គណបក្ស។

លោក Trong បានបំផ្លាញផលប្រយោជន៍របស់លោកខាងលិច ហើយលោកបានធ្វើបែបនេះបន្ទាប់ពីការវិលត្រឡប់មកវិញពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យទៅកាន់ទីក្រុងប៉េកាំងកាលពីខែតុលា ដល់ខែវិច្ឆិកា ដែលនៅពេលនោះលោក Trong និងលោក Xi បានសម្រេចចិត្តពង្រឹងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេនៅក្នុងយុគសម័យថ្មី៕

Asia Times