ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងកម្ពុជា និងឆែក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 129
ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងកម្ពុជា និងឆែក ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងកម្ពុជា និងឆែក

លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក Jiří Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឆែក បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងប្រទេសទាំងពីរ។ កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្តីពេញចិត្តចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់រវាងប្រទេសទាំងពីរ។ លោកទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយ ដែលជាផលប្រយោជន៍រួម ឱ្យកាន់តែប្រសើរថែមទៀត។

លោកបណ្ឌិត ចែម វីឌ្យ៉ា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនឆែក ចំពោះជំនួយសប្បុរសធម៌ជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានរួមចំណែកយ៉ាងសំខាន់ទៅដល់សុខុមាលភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោក បណ្ឌិតរដ្ឋលេខាធិការ ក៏បានសង្ខេបជូនសមភាគីឆែកអំពីស្ថានភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោក Jiří Kozák បានស្ងើចសរសើរការកើនឡើងយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។ លោកក៏បានបញ្ជាក់ផងដែរថា កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយថាមវន្តរបស់កម្ពុជា បានជំរុញឱ្យអ្នកវិនិយោគឆែកចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។

ក្នុងអំឡុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិនិត្យឡើងវិញនូវគម្រោងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់។ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីមធ្យោបាយនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍទៅជាភាពជាដៃគូដ៏រឹងមាំ។ ជាមួយគ្នានេះដែរ ភាគីទាំងពីរ បានគូសបញ្ជាក់ពីវិស័យអាទិភាពចំបង រួមមានវិស័យសុខាភិបាល និងអប់រំ។ ប្រធានបទនៃកិច្ចពិភាក្សាដទៃទៀតរួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ វប្បធម៌ ទេសចរណ៍ ការដឹកជញ្ជូនផ្លូវអាកាស ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កសិកម្ម និងអភិវឌ្ឍន៍ជនបទ-ល-។ ភាគីទាំងពីរក៏បានឯកភាពលើកទឹកចិត្តតួអង្គពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីបង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចជាទៀតទាត់នៅក្នុងប្រទេសទាំងពីរ ដើម្បីទទួលបានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។

ភាគីទាំងពីរបានចែករំលែកទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោកដែលជាផលប្រយោជន៍ និងកង្វល់រួមមួយចំនួន ដែលក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋលេខាធិការ កោតសរសើរការចូលរួមយ៉ាងសកម្មរបស់ឆែក ក្នុងពេលធ្វើជាប្រធានគណៈកម្មការសហភាពអឺរ៉ុបនៅពាក់កណ្ដាលឆ្នាំ ២០២២ នៅក្នុងគោលគំនិតឥណ្ឌ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប និងក្នុងការរួមចំណែកដ៏សំខាន់របស់សាធារណរដ្ឋឆែក ដែលបានរៀបចំកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ ភាពជាដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលប្រកបដោយជោគជ័យ កាលពីខែធ្នូ ឆ្នាំ២០២២។

ជាទីបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបន្តកិច្ចសន្ទនាតាមរយៈកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្តការមានប្រសិទ្ធភាពសម្រាប់តាមដានសកម្មភាពដែលបានឯកភាពកន្លងមក ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យកាន់តែស៊ីជម្រៅ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា។ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋឆែក លើកទី៣ នឹងត្រូវធ្វើឡើងនៅសាធារណរដ្ឋឆែក៕

Fresh News

អត្ថបទទាក់ទង