រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បញ្ជាក់ពីសារៈសំខាន់រួមគ្នាក្នុងការដោះស្រាយបញ្ហា COVID-19
រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការរួបរួមគ្នាជាធ្លុងមួយ និងមានការឆ្លើយតបខ្ពស់របស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាជំងឺឆ្លង COVID-19 និងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺឆ្លងនេះ ទៅលើដំណើរការកសាងសហគមន៍អាស៊ាន ក៏ដូចជាដំណើរការជាប្រក្រតីរបស់អាស៊ាន។
នេះបើតាមលទ្ធផល នៃកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន កិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពី ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា COVID-19 នេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ លោក ផាម ប៊ិនមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម បានដឹកនាំកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងគោលបំណងលើកកម្ពស់ ការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបណ្តាមកពីការផ្ទុះឡើងនៃជំងឺឆ្លង COVID-19។
រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បានកត់សម្គាល់ដោយការពេញចិត្តចំពោះការឆ្លើយតបរួមជាបន្ទាន់ និងសាមគ្គីភាពជាប្រពៃណី ក៏ដូចជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ជាពិសេសការចាត់វិធានការដ៏ម៉ឺងម៉ាត់ ដើម្បីដោះស្រាយជំងឺឆ្លង COVID-19 តាមរយៈការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័ស នឹងកិច្ចខិតខំប្រឹងប្រែងចាំបាច់នានា ក្នុងការទប់ស្កាត់នូវការរីករាល ដាលជំងឺ និងការការពារសន្តិសុខសុខភាពសាធារណៈក្នុងតំបន់ និងពិភពលោក។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ខាងក្រោម៖