កម្ពុជាបាននឹងកំពុងតភ្ជាប់ស្ពាន-ថ្នល់ជាច្រើនខ្សែ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នេះ បានថ្លែងថា ការតភ្ជាប់ស្ពាន-ថ្នល់ជាច្រើនខ្សែនេះ គឺប្រជាពលរដ្ឋ និងអ្នកសេដ្ឋកិច្ចទាំងឡាយអាចយល់បានថា នេះជាការបង្កលក្ខណៈប្រុងប្រៀប និងបង្កើតមូលដ្ឋានបន្ថែមទៀត សម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន នៅតាមបណ្តាខេត្ត ដែលស្ថិតនៅក្នុងគោលដៅមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិស័យសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ក្មួយៗកម្មករ- កម្មការិនីធ្វើដំណើរទៅធ្វើការមានភាពងាយស្រួលជាងមុន ដែលពេលមុនផ្លូវមិនល្អ ដូចពេលនេះទេ ឥឡូវផ្លូវនេះ បានកសាងឡើងតាមរយៈហិរញ្ញប្បទានរបស់ប្រទេសជប៉ុន ដែលបានធ្វើការតភ្ជាប់ពីព្រែកក្តាម ដែលព្រែកក្តាមជាគម្រោងហិរញ្ញប្បទានរបស់សាធារណៈរដ្ឋប្រជាមានិតចិន ហើយចាប់ពីព្រែកក្តាមមកកាត់ខេត្តកំពង់ឆ្នាំង ចូលទៅដល់ខេត្តពោធិ៍សាត់ បន្តទៅខេត្តបាត់ដំបង ដែលជាផ្លូវគម្រោងរបស់ប្រទេសជប៉ុន កំពុងធ្វើការតភ្ជាប់ផ្លូវកម្ពុជា ដល់ព្រំដែនថៃតែម្តង។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ ៥ កាលពីឆ្នាំ២០១៨ គឹមានសភាពតូចណាស់ ប៉ុន្តែឥឡូវនេះ ក្លាយទៅជាផ្លូវ Highway តភ្ជាប់រវាងទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃ៕