ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានព្រមានធ្ងន់ៗជាថ្មីថា មន្ត្រីរាជការដែលខិចលខូចឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ និងរិះរកល្បិចធ្វើបាបប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។

ការព្រមានធ្ងន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។ ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងពីវិវាទដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រវាងលោក សង ថន និងប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ជម្លោះដីធ្លីនេះ គឺមានការឃុបឃិតរវាងមន្ត្រី និងលោក សង ថន ដោយឃុបឃិតយកដីរបស់រដ្ឋ ហើយបែរជាបន្លំធ្វើឯកសារថាដីនោះជាដីស្របច្បាប់របស់លោក ហើយកាត់ឆ្កៀលជូនប្រជាពលរដ្ឋទៅវិញ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីដោះស្រាយវិវាទដីធ្លីនេះ លោកបានបញ្ជាទៅក្រសួងយុត្តិធម៌ ក្រុមមេធាវីរបស់លោក ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីស៊ើបអង្កេតលើរឿងនេះ។ ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាទៅលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរៀបចំឯកសារពាក់ព័ន្ធលើវិវាទនេះដាក់ជូនគណៈរដ្ឋមន្ត្រីថែមទៀតផង។

ទន្ទឹមនឹងការលើកពីវិវាទដីធ្លីនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ថា បញ្ហាដីធ្លីនេះដល់ពេលត្រូវជម្រះ និងត្រូវវះកាត់មន្ត្រីដែលខិលខូចហើយ។ លោកនាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ»។

សូមបញ្ជាក់ថា វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងលោក សង ថន និងប្រជាពលរដ្ឋ បានក្លាយទៅជាព្រឹត្តិការណ៍កក្រើក និងចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ។ វិវាទដីធ្លីនេះ នាំឱ្យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។

ជាមួយគ្នានេះ លោក សង ថន និងអភិបាលរងខេត្តបាត់ដំបងម្នាក់ គឺលោក រ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសួរនាំផងដែរ ៕

អត្ថបទទាក់ទង