ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត២ម៉ឺននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 59
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត២ម៉ឺននាក់ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត២ម៉ឺននាក់

នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលធ្វើឡើង​នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ១ម៉ោង៤០នាទី៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍបានធ្វើឱ្យសម្តេចវង្វេងទាំងនៅទីក្រុង និងជនបទ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានក្រុមការងារមួយក្រុមតែងកត់ត្រារាល់ប្រសាសន៍របស់សម្តេចក្នុងវេទិកាសាធារណៈ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថៅកែរោងចក្រ និងកម្មករ កម្មការិនីទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រមួយចំនួនបិទទ្វារពេលជំងឺកូវីដ១៩ រាតត្បាត ដោយសារខ្វះការផ្គត់ផ្គង់វត្ថុធាតុដើម។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយកម្មករ និយោជិតជុំទី២នេះ ដើម្បីពិនិត្យលើវឌ្ឍនភាពកើតចេញពីជំនួបជុំទី១ និងពិនិត្យលទ្ធភាពដាក់លក្ខខណ្ឌដទៃជួយដល់កម្មករ។
  6. សម្តេចតេជោ ហ៊ុន សែ​ន បង្ហាញការប្រតិកម្មលើគោលនយោបាយរបស់អ្នកនយោបាយវ័យក្មេងថៃ ដែលមានបំណងដេញពលករខ្មែរ និងឡាវចេញពីប្រទេស។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកនយោបាយឈ្នះឆ្នោតនៅថៃ មើលឱ្យឆ្ងាយពីប្រទេសថៃ លើគោលនយោបាយរបស់ខ្លួន។
  7. សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា នយោបាយបណ្តេញពលករបរទេសចេញពីប្រទេសថៃ នឹងមិនទទួលបានការគាំទ្រនោះទេ ហើយនឹងប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីពិសោធន៍ដ៏ឈឺចាប់ក្នុងជីវិតនៃការបាត់បង់កូន នាំឱ្យសម្តេចគិតគូរខ្ពស់ដល់កម្មការិនីមានផ្ទៃពោះ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលប៉ះពាល់នឹងផលប្រយោជន៍ និងជីវិតរបស់ប្រជាពលរដ្ឋ មិនមែនជារឿងតូចតាចនោះឡើយ សម្រាប់សម្តេច។
  10. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជជែកជាមួយថៅកែរោងចក្រ ឱ្យជួយរ៉ាប់រងលើគោលនយោបាយគាំពារលើកម្មការិនីពេលមានផ្ទៃពោះ។
  11. សម្តេចតេជោ ហ៊ុន សែន រំលឹកកម្មករ កម្មការិនីថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ដោយសារតែកម្ពុជាមានសុខសន្តិភាព។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០១៣ ថៅកែបាតុកម្មក្បត់ជាតិ៣ជំនាន់ បានទៅបុកទម្លាយទ្វាររោងចក្រ ដែលកម្មករ កម្មការិនីមិនចេញធ្វើបាតុកម្ម។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បទបញ្ជារបស់សម្តេចត្រូវតែអនុវត្តន៍ បើនរណាហ៊ានប្រមូលផ្តុំធ្វើបាតុកម្ម។
  14. សម្តេចតេជោ ហ៊ុន សែន មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ មានសមត្ថភាពរកសុខសន្តិភាព ហើយការពារបាននូវសុខសន្តិភាព។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវតាមជនបទ បើជ្រុលធ្វើហើយ ចាក់បេតុងតែម្តងទៅ ដើម្បីធានាការជាប់បានយូរ។
  16. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអតីតបុគ្គលិកណាហ្កា ៩៨នាក់ បញ្ឈប់សកម្មភាពតវ៉ា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនគេមិនដឹងពីចលនារបស់ខ្លួននោះទេ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច បានជជែកជាមួយសម្តេចក្រឡាហោម ស ខេង រួចហើយ អង្គការក្រៅរដ្ឋាភិបាល ត្រូវតែរាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុ។ បើមិនរាយការណ៍ទេ នឹងត្រូវរំលាយចោល។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អប្សរាក្បាលត្រងោល» កុំរំពឹងថា មានការបន្ធូរបន្ថយទោសតាមរយៈបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំ…។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកទោសរូបណា ដែលបរទេសសុំអន្តរាគមន៍ នឹងមិនត្រូវបានអនុគ្រោះនោះឡើយ។
  20. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កុំយកកម្ពុជាធ្វើជាសំរាមក្នុងកែវភ្នែក។
  21. សម្តេចតេជោ ហ៊ុន សែន ផ្តាំឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មើលប្រទេសរបស់ខ្លួន តើមានបានមើលឃើញពីបញ្ហារបស់លោក ថាក់ស៊ីន ដែរទេ?
  22. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យថ្នាក់ដឹកនាំតាមខេត្តនីមួយៗ យកចិត្តទុកដាក់លើបញ្ហានៅតាមរោងចក្រ កុំចាំតែក្រសួងការងារ។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់បញ្ហាមិនស្រុះស្រួលនៅតាមរោងចក្រ ត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការរបស់អាជ្ញាធរ ជាមួយភាគីរោងចក្រ។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផល និងការដឹកនាំប្រទេស អត់មានយកទ្រឹស្តីរបស់លេនីន ឬហូជីមិញ មកដឹកនាំនោះទេ គឺដឹកនាំតាមទ្រឹស្តីរបស់ខ្មែរ។
  25. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល កុំស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះដ៏ល្អ សម្រាប់ការប្រកួត ការស្នាក់នៅ និងការស្វាគមន៍ ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម។
  27. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយសូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលយ៉ាងខ្លី កូវីដ១៩ បានឆក់អាយុជីវិតប្រជាជនរបស់យើង ៣០៥៦នាក់។ សម្តេចពិតជាសោកស្តាយខ្លាំងណាស់។
  29. សម្តេចតេជោ ហ៊ុន សែន បានបន្ថែម ឥឡូវនេះយើងមានមន្ទីរពេទ្យជាង១ម៉ឺនគ្រែ សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រសិនបើមានការផ្ទុះឡើងវិញ។
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ ដោយសារការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ ទើបធ្វើឲ្យយើងទាំងអស់គ្នាបានជួបជុំគ្នានៅពេលនេះ៕

Fresh News

អត្ថបទទាក់ទង