ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត ៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល
បន្ទាប់ពីខកខានមួយរយៈធំក្នុងការជួបសំណេះសំណាលជាមួយកម្មករ និយោជិតខ្មែរ ដោយសារតែការបំពេញបេសកកម្មជាបន្តបន្ទាប់នៅក្រៅប្រទេសនោះ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយ កម្មករនិយោជិតជាង៦៧០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ កម្មករទាំងនោះមកពីរោងចក្រ សហគ្រាសចំនួន៤ នៅក្នុងស្រុកមុខកំពូល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល,
- សម្តេចតេជោ ហ៊ុន សែន ពន្យល់ប្រាប់កម្មករ និយោជិត អំពីការខកខានក្នុងការចុះជួបសំណេះសំណាលជាមួយពួកគេមួយរយៈពេលធំកន្លងមក ដោយសារតែការបោះឆ្នោត និងបេសកកម្ម នៅក្រៅប្រទេស
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនូវការទទួលបដិសណ្ឋារកិច្ចចំពោះកម្មករ និយោជិត នៅស្រុកមុខកំពូល ចំពោះវត្តមានរបស់សម្តេចលើកនេះ
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលប់ ក្នុងគោលបំណងគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមបោះឆ្នោតរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់កន្លងមក គឺសម្លាប់នយោបាយក្រុមប្រឆាំងក្រៅប្រទេស ដែលថា «ដេកផ្ទះឈ្នះឯង»។ សម្តេចតេជោ ហ៊ុន សែន បន្តប្រៀបធៀបស្ថានភាពបោះឆ្នោតនៅឆ្នាំ២០១៣ និង ការបោះឆ្នោតសកលឆ្នាំ២០១៨
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកដែលបង្កឱ្យមានការបង្ហូរឈាមការបោះឆ្នោតឆ្នាំ២០១៣ នោះត្រូវបានចាប់ខ្លួនហើយ ហើយនីតិវិធីចំពោះករណីនេះត្រូវតែធ្វើបន្តទៅទៀត
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅអាណត្តិនេះរាជរដ្ឋាភិបាលបង្កើតឡើងលឿនជាងអាណត្តិមុនៗ ដើម្បីឱ្យកម្ពុជាបានចូលរួម និងថ្លែងការណ៍នៅអង្គការសហប្រជាជាតិ
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅចុងខែវិច្ឆិកា ខាងមុខនេះ សម្តេចនឹងធ្វើទស្សនកិច្ច នៅប្រទេសនេប៉ាល់
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងបានភូត៣ដង ពេលសម្តេចបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោយបោះឆ្នោត។ ការភូតរបស់គណបក្សប្រឆាំង ចំនួន៣ដង ត្រូវរលត់ទាំងស្រុង នៅក្នុងទីក្រុងញូវយ៉ក ក្រោយពេលសម្តេចទៅចូលរួមប្រជុំអង្គការសហប្រជាជាតិ។
- សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា វត្តមានរបស់សម្តេច នៅក្រៅប្រទេសគឺជារឿងចាំបាច់។
- សម្តេចតេជោ ហ៊ុន សែន បង្ហើបថា នាថ្មីៗនេះកងទ័ពមួកខៀវកម្ពុជា នៅម៉ាលី រងការវាយប្រហារជាថ្មីទៀត ប៉ុន្តែកងទ័ពកម្ពុជាមិនបានទទួលគ្រោះថ្នាក់ទេ។
- នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់កម្មករថា កម្ពុជាត្រូវបានគាំទ្រជាឯកច្ឆ័ន្ធ ដោយសហគមន៍អន្តរជាតិ ដើម្បីធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ខាងមុខនេះ។
- សម្តេចតេជោ ហ៊ុន សែន រិះគន់បណ្ឌិតម្នាក់ដែលលើកឡើងថា ការបំពេញបេសកកម្មរបស់សម្តេច មិនមានឃើញជោគជ័យជាដុំកំភួន។ សម្តេចចាត់ទុកថា នេះជាការវិភាគឡប់ៗ។
- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ពួកប្រឆាំង បើគេប្រឆាំងមិនចម្លែកនោះទេ ប៉ុន្តែបើគេមិនប្រឆាំង ទើបជារឿងចម្លែក។
- សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការមិនមានបាតុកម្មប្រឆាំងសម្តេចនៅស្វីស គឺជារឿងចម្លែក និងបរាជ័យរបស់ក្រុមប្រឆាំង ក្នុងការកែនមនុស្សទៅធ្វើបាតុកម្ម។
- អាទិត្យក្រោយ សម្តេចតេជោ ហ៊ុន សែន ត្រូវចេញទៅសិង្ហបុរី ដើម្បីចូលរួមប្រជុំអាស៊ាន។ ចាប់ពីពេលនេះ ដល់ដាច់ឆ្នាំ២០១៨ សម្តេចអាចបំពេញបេសកកម្ម នៅក្រៅប្រទេសចំនួន៣ដងទៀត
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយត្រឡប់ពីក្រៅប្រទេស មានឯកសារជាង១០០ ត្រូវចុះហត្ថលេខា ដែលមកពីក្រសួងនានា ហើយម្សិលមិញនេះ មានចំនួនជាង៤០ផងដែរ
- សម្តេចតេជោ ហ៊ុន សែន បន្ទោសរដ្ឋមន្រ្តីតាមក្រសួងកុំឱ្យមានការត្អូញត្អែថា «ហត់ណាស់» ព្រោះការងាររបស់អស់លោកតែក្រសួងមួយទេ តែនាយករដ្ឋមន្រ្តី គឺកាន់ការងារទូទៅទាំងអស់
- សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំឱ្យសម្តេចបានជួបជាមួយកម្មករ និងដោះស្រាយបញ្ហារបស់ពួកគេជាបន្តបន្ទាប់កន្លងមក។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សល់តែប៉ុន្មានខែទៀតទេ ប្រាក់ខែកម្មករ និយោជិតវិស័យកាត់ដេរ នឹងឡើងដល់ ១៨២ដុល្លារ ហើយពេលនេះប្រាក់ឈ្នួលអប្បបរមារបស់ កម្មករកម្ពុជា កើនលើសប្រទេសមួយចំនួន ខណៈបង់ក្លាដែស ៦៧ដុល្លារ វៀតណាម១២៨ ឡាវ១០៨ដុល្លារ មីយ៉ាន់ម៉ា៩០ដុល្លារ។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋត្រូវខាតបង់ក្នុងការបញ្ចុះតម្លៃអគ្គិសនី ដើម្បីជំរុញដល់ការដំឡើងប្រាក់ឈ្នួលរបស់កម្មករ និយោជិតវិស័យកាត់ដេរ
- សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា បង្គាប់ឱ្យក្រសួងសុខាភិបាល តាមដានពិនិត្យមើល តាមមន្ទីរពេទ្យ ដែលត្រូវពិនិត្យ និងព្យាបាលកម្មករ មិនគិតថ្លៃ
- សម្តេចតេជោ ហ៊ុន សែន កំពុងនិទានរឿងពិតរបស់ខ្លួន «ពេលអត់អូនទើបបងដឹងខ្លួន»
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ឆ្នាំនេះយើងត្រៀមថវិកា១០លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់កម្មករិនីសម្រាលកូន
- សម្តេចតេជោ ហ៊ុន សែន ជំរុញការតាមដានកាតព្វកិច្ចវិភាគទានរបស់ថៅកែរោងចក្រ ដែលកន្លងទៅកម្មករបង់៥០ភាគរយ ថៅកែ៥០ភាគរយ តែពេលនេះថៅកែបង់ទាំងស្រុង ដែលធ្វើឱ្យកម្មករយើងបានចំណេញមួយកម្រិតទៀត
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករនិយោជិត ត្រូវធ្វើការងារឱ្យបានគ្រប់ចំនួនច្បាប់កំណត់ ដើម្បីទទួលបានថវិកាសោធននិវត្តន៍ សម្រាប់ចាស់ជរា
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដឹកជញ្ចូនកម្មករទាំងឡាយ ត្រូវតែបង្កើនការយកចិត្តទុកដាក់ធានាដល់សុវត្ថភាព ក្នុងការដឹកជញ្ជូនកម្មករដោយសារបញ្ហាចរាចរណ៍
- សម្តេចតេជោ កោតសរសើរដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមដោះស្រាយបញ្ហារបស់ប្រជាជន ការពារដល់សន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងមក ដែលបុណ្យនេះ ចំថ្ងៃសម្តេចប្រជុំ នៅប្រទេសជប៉ុន
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះកំណើនសេដ្ឋកិច្ចរបស់យើង កើនឡើងលើសការព្យាករណ៍
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជោគជ័យក្នុងកំណើនសេដ្ឋកិច្ច មិនអាចកើតឡើងត្រូវតែនាយករដ្ឋមន្រ្តីនិយាយនោះទេ ប៉ុន្តែកើតឡើងពីការខំប្រឹងប្រែងរបស់គ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ
- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទឹកនៅកម្ពស់៥ម៉ែត្រ ឆ្នាំនេះបុណ្យអុំទូកនឹងប្រារព្ធបានធម្មតា ប៉ុន្តែបើបន្តស្រកសល់ត្រឹម៤ម៉ែត្រ នឹងពិបាកក្នុងការអុំទូក
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី២៩-៣០-៣១ ខែធ្នូខាងមុខ យើងនឹងធ្វើបុណ្យ៣យប់៣ថ្ងៃ ឆ្លងឆ្នាំនៅវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរដល់ខួបលើកទី២០ នៃថ្ងៃបញ្ចប់សង្រ្គាម តាមនយោបាយឈ្នះឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជោគជ័យដែលនាំឱ្យមានការបញ្ចប់សង្រ្គាមតាមរយៈនយោបាយឈ្នះឈ្នះ នៅកម្ពុជា មិនអាចកើតឡើងបានបើគ្មានការគាំទ្ររបស់ជីដូនជីតា ឪពុកម្តាយរបស់ ក្មួយៗកម្មករ កម្មការិនីនោះទេ
- សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកនយោបាយចំនួនឱ្យចាំថា «ខ្មោចដែលស្លាប់ហើយ» មិនអាចរស់ឡើងវិញបានទេ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ឆ្កែខាំជើង យើងយកមាត់ទៅខាំជើងឆ្កែវិញមិនកើត ឆ្កែព្រុះយើងយើងមិនអាចព្រុះវិញទេ។
- សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខចំពោះគ្រួសារជនរងគ្រោះ ដែលលិចទូកម៉ាស៊ីន នៅខេត្តកណ្តាលកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យមានមនុស្ស៣នាក់បាត់ខ្លួន។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ៕
Fresh News