ខ្មែរប៉ុស្ដិ៍ Close

បញ្ហា ៤ យ៉ាងដែលស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិក អាចជះឥទ្ធិពលទៅលើអ្នក និងប្រាក់របស់អ្នក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 72
បញ្ហា ៤ យ៉ាងដែលស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិក អាចជះឥទ្ធិពលទៅលើអ្នក និងប្រាក់របស់អ្នក អ្នក​ជំនាញ​ព្រមាន​ថា ស្ថានភាពមិនអាចសង​បំណុលបានរបស់​អាមេរិក​ អាច​ជា​មហន្តរាយ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។

អាមេរិកកំពុងស្ថិតនៅមាត់ជ្រោះនៃស្ថានភាពមិនអាចបង់សងបំណុលបាន (Default) ដែលនេះគឺជាព្រឹត្តិការណ៍មួយដែលអ្នកជំនាញជាច្រើនបានយល់ឃើញដូចគ្នាថា «នឹងជះឥទ្ធិពលយ៉ាងមហន្តរាយទៅលើសេដ្ឋកិច្ចសកល»។ វិបត្តិបំណុលបានកើតឡើងដោយសារអសមត្ថភាពរបស់សមាជិកសភាអាមេរិកក្នុងការបង្កើនអត្រាអតិបរមានៃបំណុល (Debt Ceiling) ដែលជាចំនួនប្រាក់ដែលរដ្ឋាភិបាលអាមេរិកអាចខ្ចីបានដើម្បី
ទូទាត់ការចំណាយរបស់ខ្លួន ដែលរួមមានទាំងការចំណាយលើប្រាក់បៀវត្សរ៍យោធា និងវិស័យថែទាំសុខភាព។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ការបង្កើនអត្រាអតិបរមានៃបំណុលបានក្លាយទៅជាទម្លាប់ចាប់ តាំងពីរដ្ឋាភិបាលអាមេរិកបានជួបប្រទះនឹងឱនភាពថវិកា ហើយក៏បានបន្តប្រព្រឹត្តការងារដោយផ្អែកលើការខ្ចីប្រាក់។ ប៉ុន្តែការប្រេះឆារវាងបក្សទាំងពីរ បានរារាំងការបង្កើនអត្រាអតិបរមានៃបំណុលនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដែលជាហេតុបង្កឱ្យមានក្តីកង្វល់នៅគ្រប់ទិសទីអំពីការដួលរលំនៃសេដ្ឋកិច្ច។ លើសពីនេះ ដោយសារប្រាក់ដុល្លារអាមេរិកគឺជារូបិយបណ្ណបម្រុងរបស់ពិភពលោក ស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិកនឹងបង្កផលវិបាកធំៗចំពោះពិភពលោក។

លោក Matthew Blake ដែលជាប្រធានប្រព័ន្ធហិរញ្ញវត្ថុនិងរូបិយវត្ថុរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបាននិយាយថា «ផលវិបាកដែលបង្កឡើងដោយស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិកគឺជាបញ្ហាដែលគ្រប់គ្នាមិនអាចមើលស្រាលបាននោះទេ។ អ្នកធ្វើគោលនយោបាយនានាគួរតែចាត់វិធានការគ្រប់បែបយ៉ាងដើម្បីចៀសឱ្យផុតពីគោលនយោបាយគ្រោះថ្នាក់នៅពេលចាត់ចែងបញ្ហាហិរញ្ញវត្ថុរបស់ប្រទេស»។

នៅក្នុងលិខិតមួយនៅពេលថ្មីៗនេះដែលត្រូវបានផ្ញើទៅកាន់ថ្នាក់ដឹកនាំសភា រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Janet Yellen បានលើកឡើងថា «ស្ថានភាពមិនអាចបង់សងបំណុលនឹងបង្កទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋអាមេរិក, បង្កគ្រោះថ្នាក់ដល់តួនាទីជាអ្នកដឹកនាំរបស់អាមេរិកនៅក្នុងពិភពលោក និងបង្កឱ្យមានមន្ទិលសង្ស័យលើសមត្ថភាពរបស់អាមេរិកក្នុងការការពារផលប្រយោជន៍សនិ្តសុខជាតិ»។

ដូច្នេះ «តើស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិកអាចជះឥទ្ធិពលលើអ្នកប្រើប្រាស់ទំនិញប្រចាំថ្ងៃក្នុងលក្ខណៈបែបណា?» ខាងក្រោមនេះគឺជាផលវិបាកចំនួន ៤ ដែលយើងគួរតែស្វែងយល់។

១. វិបត្តិសេដ្ឋកិច្ច

ស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិក និងសូម្បីតែការខកខានរយៈពេលខ្លីក្នុងការដំឡើងអត្រាបំណុល សុទ្ធតែអាចរុញច្រានសេដ្ឋកិច្ចអាមេរិកឱ្យធ្លាក់ចូលទៅក្នុងវិបត្តិ។

ការវិភាគមួយរបស់ស្ថាប័ន Moody’s បានរកឃើញថា «ស្ថានភាពមិនអាចបង់សងបំណុលរយៈពេលវែងនឹងធ្វើឱ្យ GDP ពិត (Real GDP) ធ្លាក់ចុះរហូតដល់ចុងឆ្នាំ ២០២៣ ក្នុងចំនួនប្រមាណ ៤,៦%»។ ទស្សនវិស័យកំណើនសេដ្ឋកិច្ចរយៈពេលវែងក៏អាចនឹងរលាយបាត់បង់អស់ផងដែរ។ ស្ថាប័ន Moody’s ក៏បានលើកឡើងនៅក្នុងរបាយការណ៍ដែរថា «ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចមានលក្ខណៈដូចគ្នានឹងអ្វីដែលបានកើតឡើងនៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកល»។

ទន្ទឹមនឹងនេះដែរ ការវិភាគមួយដែលត្រូវបានចេញផ្សាយដោយក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន (White House Council of Economic Advisers) បានរកឃើញថា «ស្ថានភាពមិនអាចបង់សងបំណុល
រយៈពេលវែងអាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាង ៦% នៅចុងឆ្នាំនេះ»។ បណ្តាសេដ្ឋវិទូបានកត់សម្គាល់ថា «ការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយស្ថានភាពមិនអាចបង់សងបំណុល អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដោយសារតែរដ្ឋាភិបាលនឹងមិនអាចផ្តល់ការជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់សាធារណជនបានឡើយ»។

របាយការណ៍របស់សេតវិមានបានលើកឡើងថា «រដ្ឋាភិបាលនឹងមិនអាចដាក់ចេញនូវវិធានការទប់ទល់នឹងការឡើងចុះតម្លៃ (Counter-cyclical) នៅក្នុងពេលកើតមានវិបត្តិសេដ្ឋកិច្ចនោះទេ ហើយជម្រើសគោលនយោបាយនឹងមានតិចតួចប៉ុណ្ណោះដែលនឹងមិនអាចជួយទប់ទល់ផលប៉ះពាល់មកលើប្រជាជន និងអាជីវកម្មបានឡើយ»។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅអាមេរិកក៏នឹងជះឥទ្ធិពលអវិជ្ជមានទៅលើការធ្វើពាណិជ្ជកម្មសកលផងដែរ ដែលនឹងបង្កើតជាសម្ពាធលើបណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោក។

២. ការធ្លាក់ចុះនៃទីផ្សារហិរញ្ញវត្ថុ

គេរំពឹងថា «ទីផ្សារភាគហ៊ុនអាមេរិកនឹងធ្លាក់ចុះយ៉ាងគំហ៊ុកដោយសារតែស្ថានភាពមិនអាចបង់សងបំណុល»។ របាយការណ៍របស់សេតវិមានបានប៉ាន់ប្រមាណថា «ស្ថានភាពមិនអាចបង់សងបំណុលរយៈពេលវែង អាចធ្វើឱ្យទីផ្សារភាគហ៊ុនដាំក្បាលចុះ ៤៥%» ហើយអ្នកជំនាញក៏បានព្រមានដែរថា «ការធ្លាក់ចុះនេះនឹងជះឥទ្ធិពលខ្លាំងលើគណនីសោធននិវត្តន៍ ក៏ដូចជាលើទំនុកចិត្តរបស់អ្នកប្រើប្រាស់ទំនិញ ដែលអាចនាំមកនូវការធ្លាក់ចុះកាន់តែខ្លាំងនៃសេដ្ឋកិច្ច»។

ស្ថាប័ន Moody’s បានលើកឡើងថា «ការលក់ភាគហ៊ុនចោលទ្រង់ទ្រាយធំអាចធ្វើឱ្យខាតបង់ប្រាក់ ១០ ទ្រីលានដុល្លារនៅក្នុងទ្រព្យសម្បត្តិរបស់ពលរដ្ឋអាមេរិក»។ ទីផ្សារភាគហ៊ុនអន្តរជាតិក៏អាចនឹងទទួលរងគ្រោះខ្លាំងផងដែរ។ អ្វីដែលបានកើតឡើងហើយគឺ «ភាគហ៊ុនបានធ្លាក់ចុះនៅអឺរ៉ុប ដោយសារតែស្ថានភាពជាប់គាំងនៅអាមេរិក»។

តម្លៃនៃការខ្ចីប្រាក់ដុល្លារអាមេរិកអាចនឹងកើនឡើង ដែលជាលទ្ធផលពីការមិនអាចបង់សងបំណុលបាន។ រូបភាព៖ REUTERS/Gary Cameron

៣. ការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើ

ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច អត្រាគ្មានការងារធ្វើអាចនឹងកើនឡើងគួរឱ្យកត់សម្គាល់ និងយ៉ាងឆាប់រហ័ស។ ស្ថាប័ន Moody’s បានប៉ាន់ប្រមាណថា «ស្ថានភាពមិនអាចបង់សងបំណុលប្រសិនបើបន្តអូសបន្លាយ អាចនាំមកនូវការបាត់បង់ការងារជិត ៨ លានកន្លែងដែលនឹងធ្វើឱ្យអត្រាគ្មានការងារធ្វើកើនដល់ជាង ៨%»។

សូម្បីតែការខកខានរយៈពេលខ្លីក្នុងការដំឡើងអត្រាអតិបរមាបំណុលក៏អាចធ្វើឱ្យបាត់បង់ការងារ ១,៥ លានកន្លែងផងដែរ និងអាចបង្កើនអត្រាអត់ការងារធ្វើរហូតដល់ ៥%។ របាយការណ៍របស់សេតវិមានបានបន្ថែមថា «ស្ថានភាពមិនអាចបង់សងបំណុលរយៈពេលវែងអាចនាំទៅរកការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងសេដ្ឋកិច្ចដែលត្រូវបានជំរុញដោយការបាត់បង់ការរងាររាប់លានកន្លែង»។

៤. ការកើនឡើងនៃការចំណាយលើអត្រាខ្ចីប្រាក់

ស្ថានភាពមិនអាចបង់សងបំណុលនឹងធ្វើឱ្យអាមេរិកត្រូវចំណាយកាន់តែច្រើនលើការខ្ចីប្រាក់ ដោយសារតែហានិភ័យនៃការកាន់កាប់បណ្ណបំណុលរដ្ឋនឹងកើនឡើងសម្រាប់អ្នកផ្តល់ប្រាក់កម្ចី»។ បញ្ហានេះនឹងធ្វើឱ្យអត្រាការប្រាក់កើនឡើងនៅគ្រប់ទីកន្លែងនៅអាមេរិក។

នៅខែមេសា ស្ថាប័នវាយតម្លៃ Fitch Rating បានលើកឡើងថា «ស្ថានភាពមិនអាចបង់សងបំណុលរបស់អាមេរិកនឹងធ្វើឱ្យចំណាត់ថ្នាក់ហិរញ្ញវត្ថុរបស់អាមេរិកផ្លាស់ប្តូរទៅជា RD (Restricted Default) ហើយបណ្ណរតនាគាររបស់អាមេរិកដែលរងផលប៉ះពាល់ នឹងជាប់ចំណាត់ថ្នាក់ D រហូតដល់ស្ថានភាពមិនអាចបង់សងបំណុលត្រូវបានដោះស្រាយ»។

របាយការណ៍របស់សេតវិមានបានលើកឡើងថា «ហានិភ័យដែលបង្កឡើងដោយស្ថានភាពមិនអាចបង់សងបំណុលនឹងធ្វើឱ្យអត្រាការប្រាក់កើនឡើងយ៉ាងខ្ពស់ បូករួមទាំងហានិភ័យមកលើយន្តការហិរញ្ញវត្ថុដែលត្រូវ បានប្រើប្រាស់ដោយពលរដ្ឋ និងបណ្តាធុរកិច្ចដែលរួមមានដូចជាបណ្ណរតនាគារ, ប្រាក់កម្ចីទិញផ្ទះ និងអត្រាការប្រាក់របស់បណ្ណឥណទានជាដើម»។

ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនអចលនទ្រព្យបច្ចេកវិទ្យារបស់អាមេរិក «Zillow» បានប៉ាន់ប្រមាណថា «ស្ថានភាពមិនអាចបង់សងបំណុលនឹងធ្វើឱ្យអត្រាការប្រាក់លើកម្ចីទិញផ្ទះរយៈពេល ៣០ ឆ្នាំកើនឡើងដល់ ៨,៤% នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ហើយការលក់ផ្ទះនឹងធ្លាក់ចុះ ២៣% នៅក្នុងអំឡុងពេលកើតមានការធ្លាក់ចុះនៃសេដ្ឋកិច្ច»៕

World Economic Forum

អត្ថបទទាក់ទង