ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ទឹកភ្នែកចេញពីបេះដូងមនុស្សជាតិ!

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 85
លិខិតមិត្តអ្នកអាន៖ ទឹកភ្នែកចេញពីបេះដូងមនុស្សជាតិ! លិខិតមិត្តអ្នកអាន៖ ទឹកភ្នែកចេញពីបេះដូងមនុស្សជាតិ!

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ កម្ពុជា​បាន​ធ្វើ​ឱ្យ​ព្រឹត្តិ​​ការណ៍​កីឡា​តំបន់មួយនេះ ក្លាយទៅជាព្រឹត្តិការណ៍ដ៏រំជួលចិត្ត និងជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ ដែល​​មិន​​អាច​​បំភ្លេច​​​បានសម្រាប់គ្រប់គ្នាដែលបានចូលរួម និងដែលបានទស្សនាទាំងផ្ទាល់ មិនផ្ទាល់ ទាំងក្នុង និងក្រៅប្រទេស។ កម្ពុជាបានធ្វើឱ្យមនុស្សរាប់លាននាក់ ស្រក់ទឹកភ្នែកដោយក្តីរំជួលចិត្ត ព្រោះតែបានបំពេញតួនាទី ជាម្ចាស់ផ្ទះ​ដ៏ល្អ​ជូនភ្ញៀវទាំងអស់ បើទោះបីនេះ ជាលើកដំបូងបង្អស់ និងពុំធ្លាប់មានបទពិសោធន៍រៀបចំព្រឹត្តិការណ៍នេះ​ម្តងណា​ឡើយ ប៉ុន្តែ​មិន​​នឹក​ស្មាន​ដល់​ថា កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​លើសពីការរំពឹងទុកទៅទៀត។ អត្តពលិកកម្ពុជា អត្តពលិក​កូន​កាត់ខ្មែរ-បរទេស អត្តពលិកតំណាងជាតិ នៃបណ្តាប្រទេសសមាជិកស៊ីហ្គេម ពួក​គេ​​ខ្លះ​រំភើប ​​នឹង​ជោគ​ជ័យ​របស់​ខ្លួន​​លើក​ទឹក​ដី​កម្ពុជា ខ្លះរំភើបនឹងការតស៊ូដ៏ស្វិតស្វាញរបស់ពួកគេ ទោះមិនបានជោគជ័យក្តី ខ្លះ​ទៀត​រំភើប​ព្រោះ​ការផ្តល់​ឱ្យដ៏កក់ក្តៅបំផុត​​របស់​កម្ពុជា រហូតពួកគេមិនអាចទប់ចិត្តមិនឱ្យរំជើបរំជួលបាន អត្ត​ពលិក​បរទេស​ខ្លះ​​ទៀត​បាន​​​​សម្រក់​ទឹកភ្នែក ពេលដែលពួកគេធ្វើដំណើរចាកចេញពីទឹកដីកម្ពុជា ត្រឡប់ទៅប្រទេស កំណើតខ្លួនវិញ។

ពលរដ្ឋកម្ពុជាទូទាំងប្រទេសរំភើបនឹងជោគជ័យ ​ជាប្រវត្តិសាស្ត្រដែលកីឡាករ កីឡាការិនីកម្ពុជា រួម​​សាមគ្គី​គ្នា បានយ៉ាងល្អបំផុតរហូតធ្វើឱ្យកម្ពុជា ដែលធ្លាប់តែមានពិន្ទុទាបក្នុងតារាងស៊ីហ្គេមជា៦០ឆ្នាំ ប្រែ​​មក​ជា​ទទួល​​បាន​​លទ្ធ​ផលចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសទាំង១១ នៃសមាជិកកីឡាស៊ីហ្គេម ដែលនេះ​គឺជាលទ្ធផលខ្ពស់​ហួសពីការរំពឹងទុករបស់កម្ពុជា។ ជាការពិតណាស់ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានហិរញ្ញវត្ថុ គេអាច​និយាយបានថា កម្ពុជា​មិន​​​ទាន់​​មាន​លទ្ធ​ភាព​ល្អ​ឥត​ខ្ជះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះឡើយ ត្បិតថា​កម្ពុជា​​​គ្រាន់​តែ​ជា​ប្រទេស​កម្ពុជា​កំពុងអភិវឌ្ឍន៍​​តូច​មួយ ដែលទើប​ងើបចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍​រយៈពេលប្រមាណ​ជាង៣០ឆ្នាំ​ប៉ុណ្ណោះ។ ទោះ​បី​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍខ្លួន រំកិលទៅមុខរហូត​បានឈានមកដល់​ត្រឹមចំណុចនេះក្តី ក៏កម្ពុជា​ខ្លួនឯង ហ៊ាន​ទទួល​ស្គាល់​ការពិតថា ខ្លួននៅខ្វះខាតច្រើន។ ប៉ុន្តែអ្វីដែលមនុស្សជាតិ​មិន​អាច​ប្រកែកបាន និង​មិន​អាច​មិនស​រសើរ​បាន​នោះ គឺទឹកចិត្តកម្ពុជាធំធេង រហូតទទួល​បានការកោត​ស្ញប់ស្ញែង​ពី​ប្រជាជន កីឡាករ កីឡាការិនី ប្រតិភូកីឡា និង​បណ្តា​ប្រទេសនានាជាច្រើនលើពិភពលោក ដែលសាកសមនឹង​រហស​នាមថា ជាប្រទេស​តូច ប៉ុន្តែ​មាន​បេះ​ដូង​ធំ​ទូលាយ។

អ្វីដែលគួរឱ្យកោតស្ងប់ស្ងែងបំផុត គឺកម្ពុជាបានទទួលជោគជ័យខ្លាំងបំផុត ដែល​ប្រវត្តិ​សាស្ត្រ​ក្នុងកី​ឡា​ស៊ី​ហ្គេម​​ស្ទើរ​តែមិនធ្លាប់មាននោះ គឺកម្ពុជាបានធ្វើឱ្យមនុស្សជាតិរាប់លាននាក់ស្រក់ទឹកភ្នែក ចេញ​ពី​ក្រអៅ​បេះ​ដូង​របស់​​ពួក​គេ ពោរពេញដោយក្តីរំភើប រំជើបរំជួល រក​អ្វីម​ក​ប្រៀប​ពុំ​បាន ​ក្នុង​ការ​រៀបចំ​ព្រឹតិ្តការណ៍​ស៊ី​ហ្គេម​លើក​ទី៣២។ ហើយទឹកភ្នែកដែលចេញពីបេះដូងនេះ គឺវាបានដក់ជាប់ក្នុងការចងចាំ ដែល​មិន​រលុប​ឡើយ។ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះកីឡាស៊ីហ្គេម ទើបតែលើកទី១សោះ ប៉ុន្តែ​ព្រឹត្តិ​ការណ៍​នេះ​បែរជា​បាន​អង្រួន​បេះ​ដូងពល​រដ្ឋ​កម្ពុជា​ខ្លួន​ឯង និង​ជនបរទេសជាច្រើនដោយពួកគេ នាំគ្នាពោលដោយមោទនភាពចំពោះកម្ពុជាថា ពួក​គេ​ស្រលាញ់​កម្ពុជា ពួក​គេ​អរគុណ​កម្ពុជា ហើយពួកគេនិងចងចាំអំពើល្អៗរបស់កម្ពុជាជាប់ក្នុងដួងចិត្ត។ គួរបញ្ជាក់ថា ​សម្រាប់​ប្រទេស​អ្នក​មាន ដែលមានធនធានគ្រប់បែបយ៉ាង គឺវាពិតជាមិនលំបាកទេ សម្រាប់ពួកគេ ក្នុង​ការ​រៀបចំ​ព្រិត្តិ​ការណ៍​លំដាប់​​អន្តរ​ជាតិ​ណាមួយឱ្យបានល្អ និងទទួលបានជោគជ័យនោះ។ ប៉ុន្តែក៏មិនប្រាកដថា នៅ​គ្រប់​ភាព​ជោគ​ជ័យ​នៃ​ព្រឹត្តិ​ការណ៍​​ទាំង​អស់នោះ សុទ្ធតែអាចឆក់យកបេះដូងមហាជន​ ឬមនុស្សជាតិ ឱ្យរំភើបរំជើបរំជួលរហូត អួលដើមករ ហូរ​​ទឹក​​ភ្នែក​ដោយ​មិន​ដឹងខ្លួនចេញពីក្រអៅបេះដូងបានដែរ។ ត្រង់នេះហើយ ដែលយើង​អាចនិយាយ​បានថា កម្ពុជា​ពិត​​ជាអស្ចារ្យខ្លាំងណាស់។

គេអាចសង្កេតឃើញច្បាស់ៗថា នៅគ្រប់ផ្នែកនៃការរៀបចំ និងការផ្តល់ឱ្យភ្ញៀវគ្រប់ជាតិសាសន៍ ការគ្រប់​គ្រង​​សណ្តាប់ធ្នាប់ ការរក្សាបាននូវយុត្តិធម៌ក្នុងការប្រកួតនីមួយៗដោយមិនលំអៀង ការមើលថែរក្សា ការ​យក​ចិត្ត​ទុក​​ដាក់ ការ​ទទួលខុសត្រូវ គឺសុទ្ធតែចេញពីបេះដូងមេដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែល​មិន​អាច​ប្រកែក​បាន​។ ក្នុង​នាម​​​ជា​កូន​ខ្មែរ​មួយ​រូប ខ្ញុំសូមឧទិ្ទសនូវសមិទ្ធផលដ៏ថ្លៃថ្លា នៃមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ កីឡាស៊ីហ្គេម លើក​ទី៣២នេះ ជូន​ដល់​​បុព្វបុរសខ្មែរគ្រប់ជំនាន់ អតីតព្រះមហាក្សត្រ អតីតព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូម​បាន​​ទទួល​នូវ​សមិទ្ធ​ផល​នេះ ដោយសេចក្តីត្រេកអរ រំភើបជាមួយនឹងប្រជាជាតិកម្ពុជាទាំងអស់ ដែល​កំពុង​រស់​នៅ​ក្នុង​​​សុខ​សន្តិភាព ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំប្រកបដ៏ឈ្លាសវៃ និងប៉ិន​ប្រសព្វ​​​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសូម​ឱ្យ​លោក​បន្តថែរក្សា ការពារ ប្រោះព្រំឱ្យមាតុភូមិកម្ពុជា ឈាន​ទៅ​ទទួលបាន នូវ​សមិទ្ធ​ផល​ធំៗ​ជា​ប្រវត្តិ​សាស្ត្រ​ ដ៏​មហស្ចារ្យ​បន្តបន្ទាប់ទៀតក្នុងពេលអនាគត។ សូមបន់​ស្រន់​​ឱ្យ​កូន​​ខ្មែរ​គ្រប់ជំនាន់តទៅមុខ ស្គាល់​តែ​ស្នាមញញឹម មានកម្លាំងសាមគ្គីជាតិកាន់តែរឹងមាំ ប្រឹងប្រែង​តស៊ូ ជំនៈឧបសគ្គ ដើម្បី​​បម្រើ​ឱ្យ​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​ របស់​ខ្លួន​ដោយ​មិន​រួញរា រួមគ្នាកសាងជាតិ កម្ចាត់ចោលការមើលងាយ មើល​ស្រាល និង​មិន​ឱ្យតំ​លៃ​ពី​មជ្ឈ​ដ្ឋាន​បរទេស​មួយ​ចំនួន​តូច និងសូមឱ្យកូនខ្មែរកាន់តែមានកំលាំង​អាចប្រឈម​មុខ នឹង​ឧបសគ្គគ្រប់បែបយ៉ាង ពុះ​ពារ​ដើម្បី​ឆ្លង​ទៅ​ដល់​ត្រើយ​សុភមង្គម ការរីកចំរើន ជឿនលឿន និងការអភិវឌ្ឍ​ឥត​ឈប់​ឈរ៕

ដោយ៖ ពៅ ធីតាវណ្ណ




អត្ថបទទាក់ទង