ខ្មែរប៉ុស្ដិ៍ Close

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 41
សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៥ ខែមេសារ ឆ្នាំ២០២៣ បើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA)។ គោលបំណងនៃសវនកម្ម គឺដើម្បីបញ្ជាក់ថា តើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា កំពុងបន្តអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃសុពលភាព (៣ឆ្នាំ) ស្ដង់ដារ ISO14001: 2015 ដែរឬទេ ហើយជាពិសេសជាមួយគ្នានេះ ការផ្លាស់ប្តូររចនាសម្ពន្ធរបស់អាជ្ញាធរជាតិអប្សរាក៏ត្រូវនឹងធ្វើការពិនិត្យដែរ ដោយយោងទៅលើសកម្មភាពពាក់ព័ន្ធបរិស្ថាន និងអ្នកទទួលខុសត្រូវលើបរិស្ថាន។

អញ្ចើញចូលរួមបើកសវនកម្មផ្ទៃក្រៅ ដោយឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ប្រធាន-អនុប្រធាននាយកដ្ឋាន និងអង្គភាពគ្រប់គ្រងបរិស្ថានអង្គរ ព្រមទាំងមន្រ្តី-បុគ្គលិកជាអ្នកជំរុញបរិស្ថាននៅតាមនាយកដ្ឋាននីមួយៗ។

តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា លើកឡើងថា ចំណុចដែលត្រូវយកមកពិនិត្យនៅក្នុងសវនកម្មផ្ទៃក្រៅនាពេលនេះ មានដូចតទៅ៖ ទី១ ពិនិត្យលើសវនកម្មផ្ទៃក្នុង និងត្រួតពិនិត្យការគ្រប់គ្រង ទី២ ពិនិត្យសវនកម្មលើកមុនដែលមិនមានភាពមិនអនុលោម ទី៣ ឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅនឹងការតវ៉ាផ្សេងៗពីមជ្ឍដ្ឋានខាងក្រៅ បើសិនមានការតវ៉ាកើតឡើងនៅឆ្នាំមុន ទី៤ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទៅលើការសម្រេចគោលបំណង ទី៥ ស្ថានភាពរីកចម្រើនទៅមុខសម្រាប់សកម្មភាពកែលម្អជាបន្តបន្ទាប់ ទី៦ ការគ្រប់គ្រងប្រតិបត្តិការជាប្រចាំដែលបានចារនៅក្នុងសៀវភៅគ្រប់គ្រងបរិស្ថាន ទី៧ ការផ្លាស់ប្តូរផ្សេងៗនៅក្នុងប្រព័ន្ធគ្រប់គ្រង ទី៨ ភាពសមស្របនៃការប្រើប្រាស់ស្លាកសញ្ញាចុះបញ្ជី និងការបោះពុម្ពផ្សាយ ព័ត៌មានដែលបានចុះបញ្ជី។

ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថា សវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថានលើកនេះជាលើកទី៦ បើសិនជាយើងទទួលបានវិញ្ញាបនបត្របន្តទៀតនាពេលខាងមុខ និងជាឆ្នាំទី១៨ ដែលអាជ្ញាធរជាតិអប្សរាបានផ្សារភ្ជាប់ខ្លួនទៅនិងការងារបរិស្ថានដែលមានគុណតម្លៃយ៉ាងធំធេងក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបន្តថា ក្នុងនាមតំណាងឱ្យអគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏ដូចជាស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូលសូមសម្តែងការគោរព និងអរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានបំពេញប្រកបទៅដោយការយកចិត្តទុកដាក់ និងមានការលះបង់ខ្ពស់ ចំពោះសកម្មភាពការងារដ៏មានតម្លៃនេះ។

សូមបញ្ជាក់ថា ការធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាដោយស្ថាប័នធានាគុណភាពជប៉ុន (JQA) មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយធ្វើសវនកម្មចំនួន៥នាយកដ្ឋាន និង១អង្គភាព៕

អត្ថបទ: យី សុថា
រូបភាព: ហ៊ុ រិទ្ធី

អត្ថបទទាក់ទង