ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ផ្លាស់ប្តូរពីមានអ្នកគាំទ្រ រហូតដល់អស់អ្នកគាំទ្រ!

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 58
លិខិតមិត្តអ្នកអាន៖ ផ្លាស់ប្តូរពីមានអ្នកគាំទ្រ រហូតដល់អស់អ្នកគាំទ្រ! លិខិតមិត្តអ្នកអាន៖ ផ្លាស់ប្តូរពីមានអ្នកគាំទ្រ រហូតដល់អស់អ្នកគាំទ្រ!

ពាក្យ «ការផ្លាស់ប្តូរ» គឺជាពាក្យពេញនិយមបំផុតដែលអតីតគណបក្សដែលត្រូវបានរំលាយចោលដោយតុលាការកំពូលនោះ តែងតែយកមកប្រើប្រាស់ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋឱ្យងាកមកគាំទ្រខ្លួន និងបានឈានទៅដល់កាន់អំណាចដឹកនាំប្រទេសជាតិ ហើយក៏ជាពាក្យដែលពួកប្រឆាំង បានប្រើប្រាស់ដើម្បីដើរបោកប្រាស់អ្នកនៅក្រៅប្រទេស ដើម្បីប្រមូលស្រោមសំបុត្រដែរ។ ដោយសារតែមហិច្ឆិតាអំណាច បក្សប្រឆាំង ភ្លេចគិតពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនកម្ពុជា ប្រើប្រាស់នយោបាយញុះញង់ លាបពណ៌ សន្យាខ្យល់ និងបំផ្លិចបំផ្លាញជាតិ រហូតធ្វើឱ្យប្រជាជនម្ចាស់ឆ្នោត អស់ជំនឿទុកចិត្តឈប់គាំទ្រ។

មានកត្តាមួយចំនួន ដែលបានធ្វើឱ្យប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស ប្រកាសឈប់គាំទ្រនយោបាយបោកប្រាស់របស់ពួកប្រឆាំង ហើយបន្តងាកមកចូលរួមនៅក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយសំអាងលើមូលហេតុមួយចំនួនដែលបក្សប្រឆាំងបានធ្វើកន្លងមកដូចជា៖

ទី១- នយោបាយញុះញង់លាបពណ៌មួលបង្កាច់៖
ការធ្វើនយោបាយរបស់គណបក្សប្រឆាំងកន្លងមក យើងឃើញមានតែការញុះញង់ លាបពណ៌មួលបង្កាច់គ្រប់រូបភាព គ្រប់ពេលវេលា គ្មានឈប់ឈរ ដែលចំណុចនេះ បានបង្ហាញឱ្យប្រជាពលរដ្ឋឃើញកាន់តែច្បាស់ថា ពួកប្រឆាំង មិនមែនប្រឆាំងរិះគន់ដើម្បីស្ថាបនានោះទេ ប៉ុន្តែជាការប្រឆាំងដើម្បីបំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជាទៅវិញ។

ជាក់ស្តែង ពួកប្រឆាំង រួមទាំងបរិវាររបស់ខ្លួនរួមមាន អង្គការ សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង រួមទាំងពួកវិទ្យុប្រតិកិរិយាមួយចំនួន តែងតែញុះញង់លាបពណ៌មួលបង្កាច់លើបញ្ហាមួយចំនួនដូចជា៖ បញ្ហាព្រំដែន បញ្ហាជនអន្តោប្រវេសន៍ បញ្ហារើសអើងជាតិសាសន៍ បញ្ហាចំណាកស្រុក បញ្ហាអត់ការងារធ្វើ និងបញ្ហាកសិកម្មគ្មានទីផ្សារជាដើម។ ការមូលបង្កាច់បង្ខូចទាំងនេះហើយ ទើបធ្វើឱ្យពួកប្រឆាំងទាំងនោះ ត្រូវបានផ្តន្ទាទោសទៅតាមច្បាប់ ដូចពាក្យចាស់លោកពោលថា «ត្រីកំភ្លាញងាប់ព្រោះមាត់»។

ទី២- នយោបាយពឹងផ្អែកលើបរទេស ដើម្បីបំផ្លាញផលប្រយោជន៍ខ្មែរ៖
នៅក្នុងសារនយោបាយរបស់បក្សប្រឆាំង មួយម៉ាត់ណា ក៏ស្នេហាជាតិ មួយម៉ាត់ណាក៏ស្រឡាញ់ប្រជាជនកម្ពុជាដែរ ប៉ុន្តែសារជាតិពិតរបស់ពួកប្រឆាំង គឺជា «ខ្ញុំបម្រើបរទេស» ដើម្បីបំផ្លាញផលប្រយោជន៍ប្រជាជនខ្មែរទៅវិញ។

ជាក់ស្តែង ការអំពាវនាវឱ្យបរទេសកុំឱ្យផ្តល់ជំនួយដល់កម្ពុជា កុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា កុំឱ្យបរទេសទិញទំនិញពីកម្ពុជា ពិសេសគឺការញុះញង់ឱ្យបរទេសផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា គឺយើងតែងតែលឺកោកៗ ចេញពី «បបូរមាត់ដ៏ថោកទាប» របស់អ្នកនយោបាយប្រឆាំងអគតិ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរហៅថាជា «ជនក្បត់ជាតិ៣ជំនាន់» និងបក្ខពួកតែងតែប្រើកន្លងមក។

ទី៣- នយោបាយប្រជាភិថុតិបោកប្រាស់សន្យាខ្យល់៖ ឱ្យតែជិតដល់រដូវកាលបោះឆ្នោតម្តងៗ ពួកប្រឆាំង តែងតែដើរឃោសនាបោកប្រាស់ប្រជាជនខ្មែរទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស។ នៅក្រៅប្រទេស ពួកគេ ដើរឃោសនាលក់តំណែងខ្យល់ ដោយសន្យាផ្តល់តំណែងនេះតំណែងនោះ នៅពេលខ្លួនបានឈ្នះឆ្នោតដឹកនាំប្រទេស បើទោះបីជាពួកប្រឆាំងដឹងខ្លួនច្បាស់ថា មិនអាចឈ្នះគណបក្សប្រជាជនកម្ពុជាក៏ដោយ។ នេះគេហៅថា «ពួកអាសន្យាខ្យល់ប្រមូលស្រោមសំបុត្រ»។

ចំណែកនៅក្នុងស្រុកវិញ ពួកប្រឆាំង តែងតែដើរឃោសនាបោកប្រាស់ពេញៗមាត់ដើម្បីទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតដូចជា៖ សន្យាដំឡើងប្រាក់ខែមន្រ្តីរាជការ គ្រូបង្រៀន សន្យារកការងារឱ្យប្រជាជនធ្វើ សន្យាផ្តល់ប្រាក់ខែឱ្យមនុស្សចាស់ជរា សន្យាធ្វើឱ្យស្រូវឡើងថ្លៃ សន្យាធ្វើឱ្យអង្ករចុះថោក និងសន្យាធ្វើឱ្យជីវភាពប្រជាជនធូរធាជាដើម។ នេះគេហៅថា «អ្នកផ្ទះស្បូវ សន្យាឱ្យគេនៅផ្ទះក្បឿង»។

ទី៤- នយោបាយឡាំប៉ាក្រោយការបោះឆ្នោត៖
រដូវកាលបោះឆ្នោតម្តងៗ បក្សប្រឆាំង តែងតែរកលេសគ្រប់បែបយ៉ាងដើម្បីឡាំប៉ាតវ៉ា មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត មិនទទួលស្គាល់ថាខ្លួនឯងចាញ់ឆ្នោត ហើយមានពេលខ្លះ បែរជាហ៊ានអះអាងថាខ្លួននឹងឈ្នះឆ្នោត ស្របពេលដែលមិនទាន់បោះឆ្នោតផង។

នៅពេលដែលប្រកាសលទ្ធផលបោះឆ្នោតមក បក្សប្រឆាំងចាញ់ គឺតែងតែចោទប្រកាន់គ្រប់បែបយ៉ាងមកលើគណបក្សឈ្នះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម ដែលការចោទប្រកាន់មិនពិតនេះហើយ ទើបពួកប្រឆាំង ត្រូវរងការផ្តន្ទាទោសជាបន្តបន្ទាប់។ នេះហើយគេហៅថា «ពួកអាត្រីកំភ្លាញងាប់ព្រោះមាត់»។

សរុបមកវិញ ពាក្យថា ការផ្លាស់ប្តូរ ដែលពួកប្រឆាំង តែងតែនិយាយនិងចង់បាននោះ គឺគ្រាន់តែជាការឃោសនាអកុសលបោកប្រាស់តែប៉ុណ្ណោះ តែបើយើងនិយាយថា «ផ្លាស់ប្តូរពីមានអ្នកគាំទ្រ រហូតដល់អស់អ្នកគាំទ្រ» ទើបជារឿងត្រឹមត្រូវបំផុត ព្រោះដោយសំអាងលើកត្តាមួយចំនួនដូចបានរៀបរាប់ត្រួសៗខាងលើ ដោយមិនបាច់អីទៅនិយាយដល់ «ផែនការបដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលជាទោសក្បត់ជាតិនោះឡើយ។

ដោយសារតែមើលឃើញ ពីនយោបាយចោលម្សៀត បំផ្លិចបំផ្លាញជាតិ របស់ពួកប្រឆាំងនេះហើយ ទើបប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដោយសារតែ ពួកគេ យល់ឃើញថា «គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរពិតប្រាកដ» ពោលគឺប្ដូរពីរបបវាលពិឃាដ៣ឆ្នាំ៨ខែ២០ថ្ងៃ មកជាការរស់រានមានជីវិតឡើងវិញ ប្ដូរពីសង្គ្រាម មកជា សន្ដិភាព ប្ដូរពីក្រីក្រ មកជាមានបាន ប្ដូរពីការបែកបាក់ជាតិ មកជាការបង្រួបបង្រួមជាតិ និងប្ដូរពីការខ្ទេចខ្ទាំ មកជា ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕

ដោយ៖ តាំង ករុណា
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣

អត្ថបទទាក់ទង