ខ្មែរប៉ុស្ដិ៍ Close

តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍?

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 44
តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍? តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍?

យើងស្គាល់សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា “វិសុវ” (បើសរសេរតាមភាសាបច្ចុប្បន្ន ជា “ពិសុព”) ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។ សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា។ ជាពិសេស ចំពោះអង្គរវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ។

សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិសេសនេះ នាវសន្តរដូវ ប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ។ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឱ្យយើងបាត់ដានឈឹង។ ដើម្បីជាការពិចារណា យើងសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ ដ្បិតយើងទទួលឥទ្ធិពលពីឥណ្ឌា ហើយប្រហែលតិចឬច្រើនយើងប្រតិបត្តិតាមប្រពៃណីព្រាហ្មណ៍ខ្លះហើយ។

នាថ្ងៃវិសុវ/ពិសុព វសន្តរដូវ ទី១ ព្រាហ្មណ៍នៅទូទាំងប្រទេសឥណ្ឌានៅអំឡុងខែមីនា គេឃើញមានប្រារព្វពិធីបុណ្យមួយយ៉ាងធំ បើតាមគម្ពីបុរាណរបស់ឥណ្ឌា គេហៅថា Holi។ នៅក្នុងពិធីនេះ អ្នកចូលរួមទាំងអស់បានច្រៀង រាំ យ៉ាងត្រេកអរ ដោយយកម្សៅពណ៌មកបាចនិងលាបដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយដើម្បីអបអរសារទជ័យជំនៈរបស់ព្រះនរាយណ៍ដែលបានតំណែងខ្លួនជាអវតារមានទម្រង់ជានរសឹង្ហ ដែលបានសម្លាប់យក្សកំណាចដ៏ធំមួយ បានបំផ្លាញផែនដីមានឈ្មោះថា ហិរណ្យកស៊ីពុ ( Hiranyakashipu)។ ទី២ ព្រឹត្តិការណ៍សមរាត្រីនេះអាចជាប់ពាក់ព័ន្ធនឹងរឿងជ័យជំនះរបស់ព្រះនរាយណ៍ដែរ គឺព្រះគ្រឹស្ណដែលជាអវតារមួយយ៉ាងសំខាន់របស់ព្រះអង្គដែលបានកំចាត់ ឬបំផ្លាញសភាវអាក្រក់។ ព្រាហ្មណ៍ ប្រារព្ធកិច្ចដើម្បីបង្ហាញថា សភាវល្អឈ្នះលើសភាវអាក្រក់ យុត្តិធម៌ឈ្នះលើអយុត្តិធម៌។ ទី៣ ថ្ងៃវិសុវ/ពិសុពនេះក្រៅពីជាប់ពាក់ព័ន្ធនឹងរឿងថ្ងៃមង្គលរបស់និកាយព្រះនរាយណ៍ ក៏ជាថ្ងៃមង្គលធំមួយរបស់និកាយព្រះឥសូរដែរ។ វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះឥសូរនិងមហេសីបានរួមបញ្ចូលគ្នាជាប្រាណតែមួយ ដែលមួយចំហៀងជាប្រាណបុរស និងមួយចំហៀងជាប្រាណស្រ្តី ដែលមានឈ្មោះថា “អឌ្ឍនារីស្វរ” (Ardhanarishvara)។ ខ្មែរបុរាណនិយមបដិមានេះខ្លាំង ដែលយើងមានបដិមានេះនៅមុនសម័យអង្គរនិងសម័យអង្គរ។
ទី៤ ចំពោះប្រពៃណីធ្វើយោគ (Yogic tradition) នៅថ្ងៃសមរាត្រីរដូវនេះ គឺជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគ (Yoga) ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ ពីការធ្វើយោគ ជាងវេលាណាៗទាំងអស់។

បើពិចារណាលើករណីពិធីខាងលើ នោះយើងឃើញមានទាក់ទងនឹងព្រះនរាយណ៍ជាពិសេស។ អង្គរវត្តសាងទ្បើងជាទេវឋានរបស់ព្រះនរាយណ៍ មានឈ្មោះដើមថា “ព្រះបរមវិស្ណុលោក”។ តើថ្ងៃរះចំកំពូលកណ្តាលអង្គរវត្តនៅសមរាត្រីរដូវប្រាំងនេះ មានទាក់ទងនឹងកិច្ចពិធីខាងលើទេដឹង?

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុ រិទ្ធី